ខ្សែប្រយុទ្ធឆ្នើមអាមេរិក Folarin Balogun ដែលទទួលបានកាតក្រហមហើយតាមច្បាប់មិនអាចចូលប្រកួតបានទៀតនោះ នឹងមានវត្តមាននៅប្រកួតក្រោយសម្រាប់ក្រុមជម្រើជាតិសហរដ្ឋអាមេរិក ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍ ដោយហៅទូរស័ព្ទទៅលោក Gianni Infantino ប្រធាន FIFA។
គេរំពឹងថា Balogun នឹងអាចចូលលេងក្នុងការប្រកួតទល់នឹងបែលហ្ស៊ិក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup នៅថ្ងៃចន្ទនេះម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃអង្គារម៉ោងនៅកម្ពុជា។
Balogun ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យអាមេរិកចំនួន ៣ គ្រាប់ ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជ័យជម្នះ ២-០ លើក្រុមបូស្ន៊ី និងហឺហ្សេហ្គោវីណា កាលពីថ្ងៃពុធ ដោយសារគេបានជាន់លើ កជើងកីឡាករ Tarik Muharemović របស់បូស្ន៊ីដោយខុសបច្ចេកទេស។ អាជ្ញាកណ្តាលជនជាតិប្រេស៊ីល លោក Raphael Claus ដំបូងឡើយមិនបានពិន័យកាតនោះទេ ប៉ុន្តែបានបង្ហាញកាតក្រហមបន្ទាប់ពីពិនិត្យ VAR ដែលនាំឱ្យមានការព្យួរការប្រកួតដោយស្វ័យប្រវត្តិ។
លោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA លោក Gianni Infantino បន្ទាប់ពីចប់ការប្រកួត ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញ។ ក្រោយមក លោក ត្រាំ បានបង្ហោះសារអរគុណដល់ FIFA ចំពោះការ «កែប្រែភាពអយុត្តិធម៌ដ៏ធំធេងមួយ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
FIFA បានប្រកាសថា ខ្លួនកំពុងព្យួរការពិន័យនេះសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ ក្រោមមាត្រា ២៧ នៃក្រមវិន័យរបស់ខ្លួន។ ប្រសិនបើ Balogun ប្រព្រឹត្តកំហុសស្រដៀងគ្នានេះក្នុងអំឡុងពេលនោះ ការព្យួរនឹងត្រូវយកមកអនុវត្ត។
នេះជាករណីទី២ហើយ បន្ទាប់ពីកីឡាករ Garrincha របស់ប្រេស៊ីលបានទទួលកាតក្រហមក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ១៩៦២ ហើយរូបគេនៅតែអាចចូលលេង World Cup បាន។
ខាងភាគីបែលហ្ស៊ិក ដែលនឹងលេងទល់ជាមួយអាមេរិកនៅថ្ងៃស្អែកនេះ បានប្រតិកម្មដោយកំហឹងយ៉ាងខ្លាំងដោយនិយាយថា ខ្លួនមានការ «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ហើយកំពុងស្វែងរកជម្រើសនានាដើម្បីការពារភាពយុត្តិធម៌ក្នុងការលេង (Fair Play)។ គ្រូបង្វឹក លោក Rudi Garcia បានចំអកចំពោះពេលវេលានៃការសម្រេចចិត្តនេះថា៖ «ខ្ញុំមិនដឹងថាថ្ងៃទី ៥ ខែកក្កដា គឺជាថ្ងៃទី ១ ខែមេសា (ថ្ងៃភូតភរ) នោះទេ»។
គ្រូបង្វឹកអាមេរិក លោក Mauricio Pochettino បានស្វាគមន៍ចំពោះការសម្រេចចិត្តដកបម្រាមសម្រាប់កូនក្រុមលោក ដោយហៅកាតក្រហមដំបូងនោះថាជាការមិនយុត្តិធម៌។
Balogun ជាខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរបស់ក្រុម Monaco ដែលបានប្តូរសញ្ជាតិបាល់ទាត់ពីអង់គ្លេសមកអាមេរិកក្នុងឆ្នាំ ២០២៣ ហើយជាកីឡាករសំខាន់សម្រាប់ក្រុមអាមេរិកដែលជាម្ចាស់ផ្ទះរួម។ សហរដ្ឋអាមេរិកកំពុងមានគោលដៅឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ មក៕
