សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង World Kickboxing Network (WKN) ដែលជាស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិដ៏ល្បីល្បាញ និងមានបណ្តាញសមាជិកនៅជាច្រើនប្រទេសជុំវិញពិភពលោក បានរួមគ្នាបង្កើតនូវខ្សែក្រវាត់ថ្មី ជើងឯកអន្តរជាតិ WKN Kun Khmer ដ៏ប្រណិត និងមានតម្លៃមួយទៀត ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការណ៍ ក្នុងការផ្សព្វផ្សាយ និងពង្រីកសក្តានុពល «គុនខ្មែរ» ទៅកាន់ពិភពលោក ស្របពេលស្ថាប័នកីឡាប្រយុទ្ធរបស់ជប៉ុន K-1 ក៏ត្រៀមបើកឱ្យមានសង្វៀនប្រកួតនៅកម្ពុជាផងដែរ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញមោទនភាព ចំពោះការរួមគ្នាបង្កើតឱ្យមានខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer នេះ ហើយលោកបានចាត់ទុកខ្សែក្រវាត់នេះ ជានិមិត្តរូបថ្មីនៃកិត្យានុភាពគុនខ្មែរលើឆាកពិភពលោក ខណៈដែលកម្ពុជា និង WKN បានបង្កើតប្រវត្តិសាស្ត្រ រៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship លើកដំបូងរួចមកហើយ កាលពីដើមឆ្នាំ២០២៦នេះ។
ចំពោះខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer ថ្មីក្រោយនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងកាន់តែមានលក្ខណៈពិសេស ដោយរំលេចពាក្យ “KUN KHMER” យ៉ាងច្បាស់នៅចំកណ្តាលខ្សែក្រវាត់ ហើយ លោក ខូវ ឆាយ ចាត់ទុកថា «ជាការបង្ហាញពីការទទួលស្គាល់ និងលើកតម្កើងអត្តសញ្ញាណគុនខ្មែរ ក្នុងនាមជាក្បាច់គុនបុរាណរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ថា៖ «ខ្សែក្រវាត់នេះ នឹងក្លាយជាគោលដៅដ៏មានកិត្តិយសសម្រាប់កីឡាករកម្រិតខ្ពស់មកពីជុំវិញពិភពលោក ក្នុងការប្រកួតប្រជែងដណ្តើមយក ដើម្បីបញ្ជាក់ពីឧត្តមភាព សមត្ថភាព និងភាពជាជើងឯកក្នុងអាជីពរបស់ពួកគេ។
គួររំឭកថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន WKN រួមទាំងដៃគូសហការ បានរួមគ្នារៀបចំឱ្យមានការប្រកួតដណ្តើម WKN Kun Khmer World Championship លើកទី១ នៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ ដោយក្នុងការប្រកួតនោះ លន បញ្ញា បានផ្តួលកីឡាករម៉ារ៉ុក Zakaria Rouigate នៅទឹកទី១ ដើម្បីក្លាយជាកីឡាករខ្មែរដំបូងគេ បានគ្រងខ្សែក្រវាត់ជើងឯកពិភពលោក WKN Kun Khmer ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដ៏មានកិត្យានុភាពនេះ។
ចំណែកខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer ថ្មីនេះ ក៏នឹងត្រូវដាក់ឱ្យប្រកួតដណ្តើមផងដែរ។ លោក ខូវ ឆាយ បានបង្ហើបថា ការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer គ្រប់កម្រិតទាំងអស់ នឹងត្រូវបានកត់ត្រាស្ថិតិជាផ្លូវការនៅលើគេហទំព័រ BoxRec ដែលជាប្រព័ន្ធទិន្នន័យអន្តរជាតិដ៏មានស្តង់ដាសម្រាប់កីឡាប្រយុទ្ធ ហើយនេះជាជំហានដ៏សំខាន់មួយ ដែលធ្វើឱ្យសមិទ្ធផល និងកំណត់ត្រារបស់កីឡាករគុនខ្មែរ ទទួលបានការទទួលស្គាល់ជាសកល និងបង្កើនតម្លៃអាជីពរបស់ពួកគេលើឆាកអន្តរជាតិ»។
លោក ខូវ ឆាយ បានបន្ថែមថា៖ «កិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង WKN មិនត្រឹមតែបង្កើតខ្សែក្រវាត់ជើងឯកដ៏អស្ចារ្យមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏រឹងមាំ ក្នុងការនាំយកគុនខ្មែរឱ្យកាន់តែរីកសាយភាយ ទទួលបានការគោរព និងការទទួលស្គាល់ពីសហគមន៍កីឡាប្រយុទ្ធពិភពលោក ក៏ដូចជាបង្កើតឱកាសថ្មីៗសម្រាប់កីឡាករកម្ពុជា និងកីឡាករអន្តរជាតិ ក្នុងការប្រកួតប្រជែងក្រោមស្តង់ដារអាជីពកម្រិតពិភពលោក។ គុនខ្មែរ ជាមរតកជាតិ ឆ្ពោះទៅកាន់កិត្យានុភាពពិភពលោក»។
ជាមួយគ្នានេះ ស្ថាប័ន K-1 ក៏ទើបបានបញ្ចេញសេចក្ដីប្រកាសព័ត៌មានពីការបើកដំណើរការ បណ្តាញកីឡាប្រយុទ្ធ K-1 នៅកម្ពុជា (K-1 Fighting Network to Launch in Cambodia) ដោយមានការប្រកួតជាង១០កម្មវិធី ក្នុងរយៈពេល១ឆ្នាំ ហើយនេះជាកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង K-1 ដែលជាស្ថាប័នកីឡាប្រយុទ្ធកំពូលមួយរបស់ប្រទេសជប៉ុន និងពិភពលោក។

លោក ខូវ ឆាយ បានបញ្ជាក់ថា៖ «ការចូលមករបស់ K-1 គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការធ្វើសមាហរណកម្មគុនខ្មែរ ជាមួយស្ថាប័នកីឡាប្រយុទ្ធកំពូលៗរបស់ពិភពលោក»។ លោកបន្ថែមថា៖ «បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាមួយ WKN និង Kombat Global គឺកិច្ចសហការជាមួយ K-1 បានបង្ហាញពីការកើនឡើងនៃការជឿជាក់របស់ស្ថាប័នកីឡាអន្តរជាតិចំពោះសក្តានុពលរបស់គុនខ្មែរ និងប្រទេសកម្ពុជា»។
ទន្ទឹមនឹងនេះ លោក ឆាយ បានអំពាវនាវដល់អត្តពលិក គ្រូបង្វឹក និងក្លិបទាំងអស់ ត្រូវបន្តខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឱ្យបានខ្ពស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសបង្ហាញសមត្ថភាពនៅលើសង្វៀន K-1 និងវេទិកាកីឡាប្រយុទ្ធលំដាប់ពិភពលោកផ្សេងទៀត ដោយសហព័ន្ធ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិនានា ដើម្បីលើកកម្ពស់គុនខ្មែរ បង្កើនឱកាសសម្រាប់កីឡាករកម្ពុជា និងជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលកីឡាប្រយុទ្ធដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕
