ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFF Women’s Cup 2026 នៅប្រទេសម៉ាឡេស៊ី ថ្ងៃចន្ទនេះ ដោយពួកគេ ត្រូវជួបក្រុមកីឡាការិនីជម្រើសជាតិទីម័រខាងកើត នៅពហុកីឡដ្ឋាន Kuala Lumpur នារសៀលម៉ោង ៣:៤៥ មុនពេលជួបក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី នៅថ្ងៃទី ១៦ ខែកក្កដា។
សម្រាប់ការបង្ហាញខ្លួន នៅក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2026 នេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហាញភាពជឿជាក់ខ្លាំង ក្នុងការដណ្តើមយកលទ្ធផលល្អជូនជាតិជាថ្មីម្តងទៀត ព្រោះការប្រកួត ពានរង្វាន់ AFF Women’s Cup កាលពីឆ្នាំ ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។
ការបង្ហាញភាពជឿជាក់នេះ ដោយសារតែក្រុមជម្រើសជាតិនារីកម្ពុជា បានកោះហៅកីឡាការិនីមានសមត្ថភាពល្អៗ មកជួយដល់ក្រុម ក្នុងនោះក៏មានកីឡាការិនីកូនខ្មែរ-អាមេរិកចំនួន២នាក់ផងដែរ ខណៈបេក្ខភាពជម្រើសជាតិចំនួន២១នាក់ទៀត សុទ្ធតែជាកីឡាការិនី ដែលបានរួមចំណែកបង្កើតកំណត់ត្រាឈ្នះតំណែងជើងឯករង ពានរង្វាន់ AFF Women’s Cup នេះ ជាលើកដំបូង កាលពីឆ្នាំ ២០២៤។
លោក Yasuhiro Yoshida គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា៖ «យើងមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅរបស់យើង ក្រុមទាំងមូលពិតជាធ្វើបានល្អ ហើយយើងចង់ឱ្យក្រុមធ្វើកាន់តែល្អ ជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់នៅទីនេះ»។
គ្រូបង្គោលជនជាតិជប៉ុនរូបនេះ បានបន្ថែមថា៖ «យើងបានរក្សាកីឡាការិនីល្អៗរបស់យើង ជាពិសេសពួកគេមានបទពិសោធន៍រួចហើយកាលពី២ឆ្នាំមុន ដែលយើងទទួលបានជើងឯករង នៅក្នុងព្រឹត្តិការណ៍នេះ។ ពួកយើងនឹងខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុត នៅគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនប្រទេសរបស់យើង»។
ជាមួយការបង្ហាញភាពជឿជាក់នេះ ត្រូវបានគេរំពឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងអាចដណ្តើមបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាកប្រចាំពូល B ជាមួយក្រុមកីឡាការិនីជម្រើសជាតិទីម័រខាងកើត នៅរសៀលថ្ងៃចន្ទនេះ ព្រោះកាលពីឆ្នាំ ២០២៤ ក្រុមនារីកម្ពុជា ធ្លាប់បានទម្លាក់ក្រុមនារីទីម័រខាងកើត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះរហូតដល់ ៣-០។

ទន្ទឹមនឹងនេះ ក្រុមនារីទីម័រខាងកើត ក៏ទើបបានប្រកួតចាញ់ក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី ២-០ កាលពីថ្ងៃទី ១០ ខែកក្កដា ហើយតាមរយៈលទ្ធផលនេះ បានផ្តល់ផលចំណេញដល់ក្រុមនារីកម្ពុជា គឺឱ្យពួកគេ អាចយកឈ្នះក្រុមទីម័រខាងកើត នៅថ្ងៃចន្ទនេះ នឹងទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិតែម្តង ទោះនៅសល់១ប្រកួតទៀត ជាមួយក្រុមនារីឥណ្ឌូនេស៊ី។
ដោយឡែកក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី បានត្រឹមស្មើ ១-១ ជាមួយក្រុមកីឡការិនីជម្រើសជាតិឡាវ សម្រាប់ការប្រកួតបើកឆាកប្រចាំពូល A កាលពីថ្ងៃទី ១០ ខែកក្កដា ចំណែកនៅថ្ងៃចន្ទនេះ ក្រុមនារី ឡាវ ត្រូវប្រកួតលើកទី២ចុងក្រោយរបស់ពួកគេ ជាមួយក្រុមជម្រើសជាតិនារីសិង្ហបុរី នៅល្ងាចម៉ោង ៥:៤៥ ហើយក្រុមឈ្នះបាន៣ពិន្ទុ នឹងមានកៅអី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
