មន្រ្តីក្រសួងរ៉ែ និងថាមពល បានចាត់ទុកករណីហិង្សារបស់ប្រជានេសាទនៅខេត្តព្រៃវែង ទៅលើក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ថា ជាទង្វើខុសច្បាប់ ព្រោះក្រុមហ៊ុនចតុមុខ បានទទួលអាជ្ញាបណ្ណបូបខ្សាច់នៅទីតាំងនោះ ដោយស្របច្បាប់តាំងពីឆ្នាំ ២០២០មក។
ជុំវិញហេតុការណ៍ ដែលបានកើតមានឡើង កាលពីថ្ងៃទី២ ខែកក្កដា កន្លងមកនេះ មន្រ្តីក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និសីទកាសែតមួយ កាលពីថ្ងៃទី ៥ ដើម្បីធ្វើការបកស្រាយ ក៏ដូចជាបញ្ជាក់ទៅលើបញ្ហា ដែលបានកើតមានឡើងនេះ ចៀសវាងមានការភាន់ច្រឡំ កាន់តែខ្លាំងដល់មហាជន ដែលបានឃើញហេតុការណ៍នេះ ត្រឹមខ្សែវីដេអូ ដែលបានបង្ហោះតាមបណ្តាញសង្គម។
នៅក្នុងសន្និសីទកាសែតនោះ លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា៖ «ទីតាំងកើតហេតុនេះ ជាទីតាំងដែលក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាបណ្ណជូនទៅក្រុមហ៊ុន ដើម្បីធ្វើប្រតិបត្តិការបូមខ្សាច់នៅទីនោះ ហើយពេលក្រុមការងារចុះទៅពិនិត្យ ឃើញថា ទីតាំងនោះ ជាទីតាំង ដែលក្រុមហ៊ុន បានអនុវត្តស្របតាមបទដ្ឋានគតិយុត្ត ពិសេសអនុវត្តអនុលោមភាពទៅតាមអាជ្ញាប័ណ្ណ ដែលក្រសួងបានចេញជូន ហើយនេះមិនមែនជាទីទាំងថ្មីទេ គឺជាទីតាំងចាស់ ដែលបានអនុវត្តចូល៤ទៅ៥ឆ្នាំហើយ»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការប្រព្រឹត្តខុសច្បាប់របស់ប្រជានេសាទ ទៅលើកម្មកររបស់ក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ «ពាក់ព័ន្ធទៅព្រឹត្តិការណ៍ដែលបងប្អូនប្រជាពលរដ្ឋ បានប្រើអំពើហិង្សាទៅលើបងប្អូន ដែលជាអ្នកអនុវត្តប្រតិបត្តិការធនធានរ៉ែរបស់គាត់ វាជាអំពើមួយ ដែលពិបាកទទួលយកបានតាមក្របខ័ណ្ឌច្បាប់»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើការរាយការណ៍មកក្រសួងរ៉ែ និងថាមពល បើសិនជាមានករណីសង្ស័យណាមួយថា មានប្រតិបត្តិការធនធានរ៉ែ ឬបូមខ្សាច់ដោយខុសច្បាប់ ដោយក្រសួង នឹងរក្សាភាពសម្ងាត់ជូន១០០ភាគរយ ហើយទទួលយកនូវរាល់ព័ត៌មាន និងការប្តឹងផ្តល់ ដើម្បីក្រសួងបានបកស្រាយ ឬបញ្ជាក់ជូនត្រឡប់ទៅវិញ ចៀសវាសការប្រព្រឹត្តខុសនឹងច្បាប់។

គួរបញ្ជាក់ថា តាមរយៈវីដេអូរយៈពេលជាង១៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី ២ ខែកក្កដាកន្លងមកនេះ គឺប្រជាជន និងប្រជានេសាទ នៅខេត្តព្រៃវែង បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង។
ប៉ុន្តែលោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដែលបានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅកន្លែងកើតហេតុនោះ បានអះអាងថា ទីតាំងបូមខ្សាច់នេះ ស្ថិតនៅក្នុងខេត្តកណ្តាល មិនមែននៅខេត្តព្រៃវែងទេ ហើយលោកបញ្ជាក់ថា «គ្មានការបាក់ច្រាំងទន្លេ» ដូចការលើកឡើងរបស់ប្រជាពលរដ្ឋ និងប្រជានេសាទ រស់នៅភូមិថ្មីនៃខេត្តព្រៃវែងនោះទេ។
លោក អ៊ឹង ឌីប៉ូឡា បានទទួលស្គាល់ថា ការបូមខ្សាច់ខុសច្បាប់ ពិតជាបណ្តាលឱ្យបាក់ច្រាំងទន្លេ ប៉ុន្តែការបូមខ្សាច់ស្របច្បាប់ មានអាជ្ញាបណ្ណត្រឹមត្រូវ គឺត្រូវធ្វើឡើងតាមបទដ្ឋានគតិយុត្ត និងបច្ចេកទេសនៃការបូមត្រឹមត្រូវ មិនបណ្តាលឱ្យបាក់ច្រាំង ឬប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេនោះទេ គឺមានតែការពារដល់ការបាំងច្រាំង ហើយថែមទាំងបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សង្គមជាតិ ព្រោះគ្រប់ក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណបូមខ្សាច់ ក៏ដូចជាការដឹកខ្សាច់ទៅលក់សុទ្ធតែត្រូវបង់ស៊ុយសា និងអាករជូនរដ្ឋ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យធ្វើអាជីវកម្មខ្សាច់នាំចេញត្រឹមរយៈពេល៥ឆ្នាំនេះ ចំណូលរដ្ឋទាំងស៊ុយសា ទាំងអាករនាំចេញ គឺជាង៤៥០លានដុល្លារ ជាចំណូលចូលរដ្ឋ ហើយមិនទាន់បូកទាំងពន្ធដារទេ។ បើបូកពន្ធដារទៀត ចំណូលចូល៦០០លានដុល្លារ ក្នុងរយៈពេលប្រមាណ៥ឆ្នាំនេះ»។
ជាមួយគ្នានេះ លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ពីគោលការណ៍សំខាន់ៗនៃការផ្តល់អាជ្ញាបណ្ណបូមខ្សាច់ និងធនធានរ៉ែទៅឱ្យក្រុមហ៊ុនឯកជន ដែលត្រូវអនុវត្តទៅតាមច្បាប់ជាកំហិត ហើយក្រុមហ៊ុនប្រព្រឹត្តខុស និងត្រូវដកអាជ្ញាបណ្ណវិញ ហេតុនេះលោកបានស្នើឱ្យប្រជាពលរដ្ឋប្តឹងមកអាជ្ញាធរដែនដី និងមន្ទីររ៉ែ និងថាមពល ក៏ដូចជាក្រសួងរ៉ែ បើសិនជាមានការសង្ស័យថា មានការបូមខ្សាច់ និងធនធានរ៉ែខុសច្បាប់ ប៉ុន្តែហាមមិនឱ្យប្រើអំពើហិង្សាឡើយ ព្រោះអ្វីដែលក្រសួង បានដាក់ចេញ គឺបានគិតយ៉ាងល្អិតល្អន់ទៅលើផលប៉ះពាល់ និងអត្ថប្រយោជន៍ សម្រាប់ជាតិ។
លោកបានសង្កត់ធ្ងន់ថា៖ «ក្រសួងរ៉ែ និងថាមពល បានគិតទុកហើយថា ធ្វើរ៉ែ គឺគិតពីផលប៉ះពាល់ដល់សង្គម និងបរិស្ថាន។ ធ្វើរ៉ែ គឺគិតពីការអភិវឌ្ឍ និងអភិរក្ស។ ធ្វើរ៉ែ គឺគិតពីសុខភាព មិនថាកម្មករ កម្មការិនីទេ ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ។ ធ្វើរ៉ែ ត្រូវតែប្រមូលចំណូលចូលជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិយើង ក៏ប៉ុន្តែយើងមិនធ្វើអ្វីមួយឱ្យប្រជាពលរដ្ឋទឹកភ្នែក និងរស់នៅដោយក្តីបារម្ភនោះទេ»៕
