មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់ទៅមន្ត្រីតទូតនិងអង្គការអន្តរជាតិជាង ៤០ ថា មិនមានអ្វីពិបាកទេក្នុងការកាត់បន្ថយភាពតានតឹងនិងបង្កើនការទុកចិត្តគ្នារវាងកម្ពុជា និងថៃ នោះគឺគ្រាន់តែភាគីថៃ បញ្ជូនក្រុមការងារ JBC មកធ្វើការជាមួយកម្ពុជា គឺជាជំហានដ៏សំខាន់ដើម្បីកាត់បន្ថយភាពតានតឹង។
លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ បានធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលផ្សព្វផ្សាយនៅថ្ងៃទី៦ កក្កដានេះ។
នៅក្នុងជំនួបនេះ លោកស្រីបានបង្ហាញពីការព្យាយាមរបស់យោធាថៃក្នុងការពង្រឹងការកាន់កាប់នៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។
លោកស្រីបានរំលឹកប្រាប់ដល់អង្គទូតទាំងអស់អំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ»។
ក្រសួងបន្តថា៖ «ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបានឯកភាពគ្នា»។
ក្រសួងបន្តថា ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក ភាគីថៃបានគេចវេះមិនបំពេញតាមកាតព្វកិច្ចដូចដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម ហើយពួកគេបន្តសកម្មភាពខុសច្បាប់ បង្កើតស្ថានភាពថ្មីលើទីតាំងដែលពួកគេកាន់កាប់ដោយឥតឈប់ឈរ។
លោកស្រី អ៊ាត សោភា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
វាមានរយៈពេលជាងកន្លះឆ្នាំហើយ ចាប់តាំងពីបទឈប់បាញ់ចុងក្រោយបានចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឈានដល់ការដោះលែងទាហានកម្ពុជា ១៨រូប នៅថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែ យោធាថៃមិនបានបញ្ឈប់សកម្មភាពនៅលើដីដែលពួកគេកាន់កាប់នោះទេ ដូចជាការដាក់បន្លាលួស ទូរកុងតឺន័រ សាងសង់ហេរដ្ឋារចនាសម្ព័ន្ធរឹងនានា។
គិតត្រឹមថ្ងៃទី៦ ខែកក្កដា នេះ នៅមានពលរដ្ឋកម្ពុជាជិត ២១.០០០នាក់ទៀតដែលមិនទាន់អាចត្រឡប់ទៅទីលំនៅ ភូមិកររបស់ខ្លួន ដោយសារតែការទីតាំងរបស់ពួកគេត្រូវបានយោធាថៃបំផ្លាញ និងកំពុងកាន់កាប់។ នេះបើតាមក្រសួងមហាផ្ទៃ៕
