នៅរដ្ឋធានីដាម៉ាស ព្រឹកថ្ងៃអង្គារ ទី៧កក្កដានេះ គ្រាប់បែកផ្ទុះ ២ លើក ក្បែរសណ្ឋាគារប្រណីត Four Seasons ដែលជាកន្លែងស្នាក់នៅរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ តុល្យការបឋម មានមនុស្សរបួសយ៉ាងតិច ១៨នាក់។ តែយ៉ាងណាក្តី វិមានប្រធានាធិបតីបារាំង បញ្ជាក់ថាលោកប្រមុខរដ្ឋ ម៉ាក្រុង មានសុវត្ថិភាពល្អ ហើយបន្តដំណើរទស្សនកិច្ចថ្ងៃទី២ ដោយត្រូវជួបជាមួយប្រមុខដឹកនាំរដ្ឋាភិបាលចម្រុះ លោក អាមេដ អាល់ឆារ៉ា នៅវិមានប្រធានាធិបតីស៊ីរី។
ដោយចាត់ទុកជាអំពើភេរវកម្ម អាជ្ញាធរសន្តិសុខស៊ីរី បានលម្អិតថា គ្រាប់បែកមួយត្រូវគេបង្កប់ក្នុងធុងសំរាម ហើយមួយទៀត លាក់ក្នុងឡាន។ ផ្សែងភ្លើងឆេះឡើង ហើយកងកម្លាំងសន្តិសុខ និង ក្រុមពន្លត់អគ្គិភ័យ ធ្វើសកម្មភាពអន្តរាគមន៍ព្រោងព្រាតនៅកន្លែងកើតហេតុ។ អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ដែរថា ក្រសួងទេសចរណ៍ ដែលឋិតទល់មុខសណ្ឋាគារ Four Seasons ក៏មានដាក់បែកកញ្ចក់ដោយអន្លើ។
ស៊ីរីជួបសង្គ្រាមស៊ីវិលជាង ១៦ ឆ្នាំ។ អន្តរជាតិមិនរាប់រកស៊ីរី និងទុកនៅកន្លៀតជញ្ជាំង ហើយប្រទេសនេះត្រូវរួមរឹតដោយអំពើពុករលួយ រំលោភអំណាច និងអសន្តិសុខ។ គ្រានេះ លោក អេម៉ានុយអែល ម៉ាក្រុង ជាមេដឹកនាំបរទេស ទី១ ដែលឈានជើងចូលបំពេញទស្សនកិច្ចនៅស៊ីរី ក្រោយពីរដ្ឋាភិបាលផ្តាច់ការរបស់លោក បាស្ហា អាល់អាសាដ ត្រូវគេទម្លាក់ចេញពីអំណាច នៅចុងឆ្នាំ២០២៤។ លោក ម៉ាក្រុង ក៏ជាប្រមុខរដ្ឋបរទេសទី១ ដែលបានអញ្ជើញលោក អាមេដ អាល់ឆារ៉ា មេដឹកនាំស៊ីរីថ្មី ឲ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស កាលពីខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមធ្វើសន្និសីទស្តីពីការកសាងស៊ីរីឡើងវិញ។ កាលនោះ ចេញពីប៉ារីស លោក អាមេដ អាល់ឆារ៉ា ក៏បានឆៀងចូលទៅក្រុងវ៉ាស៊ីនតោន និងបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន ថែមទៀតផង។
ក្នុងជួបជំនួបទ្វេភាគី រវាងប្រមុខដឹកនាំបារាំងនិងសមភាគីស៊ីរី នៅរដ្ឋធានីដាម៉ាស លោក ម៉ាក្រុង បានដោះដូរយោបល់គ្នាជុំវិញការស្ថាបនាស៊ីរីឡើងវិញ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងពហុភាពនិយម។ អមដំណើរប្រមុខដឹកនាំបារាំង ក៏មានថៅកែក្រុមហ៊ុនបារាំង គ្រាក់ៗ ទៅជាមួយផង។
នាឱកាសនេះ ប្រធានាធិបតីស៊ីរី លោក អាមេដ អាល់ឆារ៉ា បានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍បារាំង BFMTV ថា ប្រទេសស៊ីរីមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគទុនបរទេស។ បារាំងនឹងចូលរួមវិនិយោគក្នុងវិស័យសំណង់ ដោយកសាងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំង វិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។ បើតាមមេដឹកនាំស៊ីរីរូបនេះដដែល រដ្ឋាភិបាលទីក្រុងដាម៉ាស ក៏ត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជាទិញយន្តហោះAirbus របស់ក្រុមហ៊ុនអឺរ៉ុប ចំនួន ៨គ្រឿង៕
