ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្ត នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីផលប៉ះពាល់ដែលបង្កឡើងដោយការឈ្លានពានរបស់ភាគីថៃមកលើខេត្តបន្ទាយមានជ័យ និងស្ថានភាពនៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចកាលពីឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោក BIN SULAIMAN កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
អំឡុងទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វង្ស ពិសេន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងជួបសម្តែងការគួរសមជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិធានការជាក់ស្តែងថ្មីៗ ដើម្បីពង្រីកកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ។
សេចក្ដីប្រកាសដដែលបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជា «ជំហានថ្មីដ៏សំខាន់» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេបញ្ជាការកងទ័ពទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ការចុះជួបក្រុមអ្នកសង្កេតការណ៍អាស៊ានលើកនេះ ធ្វើឡើងខណៈអាស៊ានកំពុងបន្តអនុវត្តយន្តការសង្កេតការណ៍ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងឆ្នាំ២០២៥ ដើម្បីតាមដានស្ថានការណ៍នៅតាមបណ្តោយព្រំដែន។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងជាច្រើននៅតាមព្រំដែន រួមទាំងតំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងខេត្តបាត់ដំបង និងជំរំប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតស្ថានភាពជាក់ស្តែងនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។
រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងជាបន្តបន្ទាប់ថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្ត និងគាំទ្រដល់ការអនុវត្តបទឈប់បាញ់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការកើតមានភាពតានតឹងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
