Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាននៅបន្ទាយមានជ័យ
    ព័ត៌មានជាតិ

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាននៅបន្ទាយមានជ័យ

    ngornleng namBy ngornleng namJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបសម្ដែងការគួរសមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ រូបថត សហការី
    លោក តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបសម្ដែងការគួរសមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ រូបថត សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្ត នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីផលប៉ះពាល់ដែលបង្កឡើងដោយការឈ្លានពានរបស់ភាគីថៃមកលើខេត្តបន្ទាយមានជ័យ និងស្ថានភាពនៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចកាលពីឆ្នាំមុន។

    យោងតាមសេចក្ដីប្រកាសរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោក BIN SULAIMAN កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

    អំឡុងទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វង្ស ពិសេន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងជួបសម្តែងការគួរសមជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

    លោក តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកដល់​ប្រទេស​កម្ពុជា។ រូបថត សហការី​

    អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិធានការជាក់ស្តែងថ្មីៗ ដើម្បីពង្រីកកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ។

    សេចក្ដីប្រកាសដដែលបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជា «ជំហានថ្មីដ៏សំខាន់» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេបញ្ជាការកងទ័ពទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

    ការចុះជួបក្រុមអ្នកសង្កេតការណ៍អាស៊ានលើកនេះ ធ្វើឡើងខណៈអាស៊ានកំពុងបន្តអនុវត្តយន្តការសង្កេតការណ៍ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងឆ្នាំ២០២៥ ដើម្បីតាមដានស្ថានការណ៍នៅតាមបណ្តោយព្រំដែន។

    ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងជាច្រើននៅតាមព្រំដែន រួមទាំងតំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងខេត្តបាត់ដំបង និងជំរំប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតស្ថានភាពជាក់ស្តែងនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។

    រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងជាបន្តបន្ទាប់ថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្ត និងគាំទ្រដល់ការអនុវត្តបទឈប់បាញ់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការកើតមានភាពតានតឹងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.