សង្គ្រាមអ៊ីរ៉ង់ពុះកញ្ជ្រោលជាថ្មី។ អ្នកបើកនាវា និង កម្មករលើនាវា ចំនួនជាង ៦ ០០០ នាក់ កំពុងបន្តជាប់គាំងនៅច្រកសមុទ្រអកមូហ្ស។ នេះបើតាមតួលេខប៉ាន់ប្រមាណរបស់ អង្គការសមុទ្រអន្តរជាតិ (OMI) ជាស្ថាប័ន១ទទួលបន្ទុកសន្តិសុខសមុទ្រ របស់អង្គការសហប្រជាជាតិ។ លោក Arsenio Antonio Domínguez Velasco អគ្គនាយកអង្គការសមុទ្រអន្តរជាតិ បានប្រកាសថា ការវាយប្រហារគ្នាជាថ្មីៗនៅតំបន់មជ្ឈិមបូព៌ា មិនត្រឹមតែធ្វើឲ្យព្រួយបារម្ភនិងខ្លាចខ្លាំងប៉ុណ្ណោះទេ តែវាកាន់តែធ្វើឲ្យមនុស្សច្រើននាក់ធ្លាក់ក្នុងភាពស្រពិចស្រពិល និងត្រូវជួបបញ្ហាវិបត្តិផ្លូវចិត្ត ជាពិសេស ពួកនាវិក និងកម្មករនាវាច្រើនពាន់នាក់ ដែលកំពុងតែជាប់គាំងលើសមុទ្រ។
ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃពុធ ទី៨កក្កដា អគ្គនាយកអង្គការសមុទ្រអន្តរជាតិ ក៏បានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ក្នុងសង្គ្រាមអ៊ីរ៉ង់ សូមអត់ធ្មត់ និងយោគយល់កុំវាយប្រហារទៅលើនាវាដឹកទំនិញនិងប្រេង។ ដ្បិតថាពួកអ្នកធ្វើការងារលើនាវាទាំងអស់នោះ ពុំបានចូលរួមសឹកច្បាំង និងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ តួនាទីពួកគេគឺគ្រាន់តែធ្វើការងារសម្រាប់នាំទំនិញចេញ-ចូលតែប៉ុណ្ណោះ។
តែយ៉ាងណាក្តី ទីភ្នាក់ងារអង់គ្លេសខាងសន្តិសុខសមុទ្រ (UKMTO) បានបញ្ជាក់នៅថ្ងៃទី៨កក្កដាថា ត្រឹម២៤ម៉ោងចុងក្រោយ នាវាដឹកទំនិញ យ៉ាងហោច ចំនួន ៣ គ្រឿង ធ្លាក់ខ្លួន រងគ្រោះ ក្នុងការវាយប្រហារ។
គួររំឭកជូនថា សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានយល់ព្រមគ្នាជាគោលការណ៍ផ្តើមចរចាបញ្ចប់សង្គ្រាម កាលពីថ្ងៃទី១៧មិថុនា។ ប៉ុន្មានថ្ងៃក្រោយមក អង្គការសមុទ្រអន្តរជាតិ បានខ្នះខ្នែងជួយសម្របសម្រួលរំដោះ ពួកនាវិក និងកម្មករលើនាវា ចំនួនជាង ២ ៩០០ នាក់ រួមទាំងនាវា ១៣៦ គ្រឿងផង។ កាលណោះ គេមានផ្លូវជម្លៀសពីរ គឺធ្វើតាមឆ្នេរសមុទ្រកៀកនឹងអ៊ីរ៉ង់ ហើយមួយទៀត តាមឆ្នេរសមុទ្រប្រទេសអូម៉ង់។ នេះក៏ព្រោះតែផ្លូវនាវាចរធម្មតា ពោរពេញដោយគ្រាប់មីនបណ្តែតទឹក។
ក្នុងឱកាសកិច្ចប្រជុំអង្គការសម្ព័ន្ធយោធាអូតង់នៅតួកគី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបញ្ចប់កិច្ចចរចាជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់ក៏ផ្តើមការវាយប្រហារទៅលើប្រទេសជិតខាងមួយចំនួន ដែលជាសម្ព័ន្ធមិត្តអាមេរិកនិងអ៊ីស្រាអែល។ ភ្លាមៗ ប្រទេសបារ៉ែន កូវ៉ែត កាតា និង អារ៉ាប៊ីសាអូឌីត ។ល។ បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង។ ក្រៅថ្កោលទោសការវាយប្រហារញឹកញយនិងខុសច្បាប់ពីសំណាក់អ៊ីរ៉ង់ ប្រទេសទាំងនោះក៏ចង់ឲ្យភាគីជម្លោះ អាមេរិក-អ៊ីរ៉ង់ ងាកទៅរកកិច្ចចរចាគ្នា ជាថ្មី៕
