Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»នៅចិន គ្រោះធម្មជាតិសម្លាប់​មនុស្ស​ជាច្រើននាក់
    RFI

    នៅចិន គ្រោះធម្មជាតិសម្លាប់​មនុស្ស​ជាច្រើននាក់

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ចេញបញ្ជា​ឲ្យ​ប្រមូល​កង​កម្លាំង​​​គ្រប់​ផ្នែក​ទាំង​អស់ ដើម្បី​​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាជន​ចិន ដែល​កំពុងតែប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ជំនន់ទឹក​ភ្លៀង និង​រលំបាក់ដី។​ បទ​បញ្ជារបស់​ប្រមុខរដ្ឋចិន បា​នធ្វើឡើង​ ក្រោយ​ពី​​ជំនន់ទឹកភ្លៀង សម្លាប់ពលរដ្ឋ​ចិន យ៉ាង​តិច ១៧ នាក់​ ក្នុង​ខេត្ត គ័ងស៊ី (Quanxi) ភាគខាង​ត្បូង​ប្រទេស ជិត​ព្រំដែន​វៀតណាម កាលពីថ្ងៃ​អង្គារ ទី​៧កក្កដា។ មនុស្ស​ច្រើន​នាក់ រងបួស​ ហើយ​ប្រជាជន​​ច្រើន​នាក់​ផ្សេងទៀត កំពុងបាត់ខ្លួន​។

    មហន្តរាយជំនន់​ទឹកភ្លៀង​នេះ បណ្តាល​មកពី​ឥទ្ធិពល​ខ្យល់​ព្យុះ​ Maysak ដែល​បោក​​បក់​កាលពីដើមសប្តាហ៍​។​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចិន​ លោក Li Guoying បញ្ជាក់ថា​ ជំនន់​ទឹក​ភ្លៀង​ នៅតំបន់​ភាគខាងត្បូង​ពេល​នេះ បាន​​​​ឡើង​ខ្ពស់ ហួស​​កម្រិត​ទី​៦ ដែលត្រូវ​ប្រកាស​អាសន្ន​ ទៅទៀត។

    មន្ទីរអប់រំ​ប្រចាំ​តំបន់​ភាគខាង​ត្បូង សម្រេច​ឲ្យបិទសាលា​រៀន​ រហូត​ដល់​មាន​បទបញ្ជាថ្មី​ ព្រោះ​ខ្លាច​ក្រែង​កូន​សិស្ស​ជួប​គ្រោះថ្នាក់​ផ្សេងៗ ដែល​បណ្តាលមកពីបាក់​រំលំ​ដើម​ឈើសង្កត់ ឬ​ជួប​គ្រោះថ្នាក់​ព្រោះតែ​ដាច់​ផ្លូវ​ និងដាច់ខ្សែចរន្តភ្លើងអគ្គិសនី ជាដើម។ ទន្ទឹម​នឹងគ្នា សាលា​ខ្លះ​លិចទឹក ហើយ​​​ ​ដំបូល​សាលា​ខ្លះទៀត​ ក៏​ត្រូវ​ដាច់​រហោច​ ព្រោះតែ​ព្យុះ​ភ្លៀង​។​

    នៅ​ភាគ​ខាង​ជើង​វិញ ខេត្ត​ Gansu បាន​រងគ្រោះ​​រលំបាក់​ដី​ និង​កប់​​មនុស្ស យ៉ាងតិច​​ ៣៣នាក់។ អាជ្ញាធរ​មូលដ្ឋាន បានរក​ឃើញ​សកសព​មនុស្ស ២១ នាក់ គិត​ត្រឹមព្រឹក​ថ្ងៃពុធ ទី​៨កក្កដា។​ នេះបើតាម​កាសែត​រដ្ឋចិន ស៊ីនហួរ ដោយ​បញ្ជាក់ថា រដ្ឋអំណាចសម្រេច​បញ្ចេញ​កញ្ចប់ថវិកា​សង្គ្រោះ​បន្ទាន់ ប្រមាណ ៣០ លាន​យ័ន (៣,៩ លាន​អឺរ៉ូ) ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើង​វិញ នៅក្នុង​តំបន់​ខូច​ខាត​។​

    ក្រៅពី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ អាជ្ញាធរ​ចិន​ក៏​ត្រៀម​ទប់​ទល់​នឹង​មហន្តរាយ​​ដែល​ជិត​មកដល់​។ លោក Liu Fei អ្នក​ទទួល​ខុសត្រូវ​គណបក្ស​កុម្មុយចិន​ប្រចាំ ហាំងចូវ (Hangzhou) ក្រុង​ធំ​ជិត​​ខេត្ត​សៀង​ហៃ បាន​ក្រឿន​រំឭក​ឲ្យ​រក​មធ្យោបាយចាំបាច់​នានា​ដើម្បី​ទប់​ស្គាត់​គ្រោះទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ ហើយ​ទុក​បញ្ហានេះជាអាទិភាពដែល​ត្រូវ​ដោះស្រាយបន្ទាន់​បំផុត។ អាជ្ញាធរ​ឧតុនិយម​ចិន​ ប្រកាសឲ្យ​ពលរដ្ឋ​​ប្រយ័ត្ន​ប្រយែង​ ដ្បិត ​ខ្យល់ព្យុះ Bavi នឹងបោកបក់ ហើយ​​ប៉ះពាល់​ប្រវែង ​៤០០ គីឡូម៉ែត្រ នៅ​​​ភាគខាងត្បូង​សៀងហៃ ​ចុង​សប្តាហ៍​នេះ៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.