ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាឲ្យប្រមូលកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាជនចិន ដែលកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ជំនន់ទឹកភ្លៀង និងរលំបាក់ដី។ បទបញ្ជារបស់ប្រមុខរដ្ឋចិន បានធ្វើឡើង ក្រោយពីជំនន់ទឹកភ្លៀង សម្លាប់ពលរដ្ឋចិន យ៉ាងតិច ១៧ នាក់ ក្នុងខេត្ត គ័ងស៊ី (Quanxi) ភាគខាងត្បូងប្រទេស ជិតព្រំដែនវៀតណាម កាលពីថ្ងៃអង្គារ ទី៧កក្កដា។ មនុស្សច្រើននាក់ រងបួស ហើយប្រជាជនច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន។
មហន្តរាយជំនន់ទឹកភ្លៀងនេះ បណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះ Maysak ដែលបោកបក់កាលពីដើមសប្តាហ៍។ រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន លោក Li Guoying បញ្ជាក់ថា ជំនន់ទឹកភ្លៀង នៅតំបន់ភាគខាងត្បូងពេលនេះ បានឡើងខ្ពស់ ហួសកម្រិតទី៦ ដែលត្រូវប្រកាសអាសន្ន ទៅទៀត។
មន្ទីរអប់រំប្រចាំតំបន់ភាគខាងត្បូង សម្រេចឲ្យបិទសាលារៀន រហូតដល់មានបទបញ្ជាថ្មី ព្រោះខ្លាចក្រែងកូនសិស្សជួបគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីបាក់រំលំដើមឈើសង្កត់ ឬជួបគ្រោះថ្នាក់ព្រោះតែដាច់ផ្លូវ និងដាច់ខ្សែចរន្តភ្លើងអគ្គិសនី ជាដើម។ ទន្ទឹមនឹងគ្នា សាលាខ្លះលិចទឹក ហើយ ដំបូលសាលាខ្លះទៀត ក៏ត្រូវដាច់រហោច ព្រោះតែព្យុះភ្លៀង។
នៅភាគខាងជើងវិញ ខេត្ត Gansu បានរងគ្រោះរលំបាក់ដី និងកប់មនុស្ស យ៉ាងតិច ៣៣នាក់។ អាជ្ញាធរមូលដ្ឋាន បានរកឃើញសកសពមនុស្ស ២១ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី៨កក្កដា។ នេះបើតាមកាសែតរដ្ឋចិន ស៊ីនហួរ ដោយបញ្ជាក់ថា រដ្ឋអំណាចសម្រេចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ប្រមាណ ៣០ លានយ័ន (៣,៩ លានអឺរ៉ូ) ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅក្នុងតំបន់ខូចខាត។
ក្រៅពីដោះស្រាយបញ្ហាចំពោះមុខ អាជ្ញាធរចិនក៏ត្រៀមទប់ទល់នឹងមហន្តរាយដែលជិតមកដល់។ លោក Liu Fei អ្នកទទួលខុសត្រូវគណបក្សកុម្មុយចិនប្រចាំ ហាំងចូវ (Hangzhou) ក្រុងធំជិតខេត្តសៀងហៃ បានក្រឿនរំឭកឲ្យរកមធ្យោបាយចាំបាច់នានាដើម្បីទប់ស្គាត់គ្រោះទឹកជំនន់ និងខ្យល់ព្យុះ ហើយទុកបញ្ហានេះជាអាទិភាពដែលត្រូវដោះស្រាយបន្ទាន់បំផុត។ អាជ្ញាធរឧតុនិយមចិន ប្រកាសឲ្យពលរដ្ឋប្រយ័ត្នប្រយែង ដ្បិត ខ្យល់ព្យុះ Bavi នឹងបោកបក់ ហើយប៉ះពាល់ប្រវែង ៤០០ គីឡូម៉ែត្រ នៅភាគខាងត្បូងសៀងហៃ ចុងសប្តាហ៍នេះ៕
