នៅថ្ងៃសុក្រទី១០កក្កដា២០២៦នេះ ហ្វីលីពីនបានប្រកាសចា្រនចោល សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញចិន ទាក់ទងនឹងបូរណភាពប្រជុំកូនកោះ នៅក្នុងសមុទ្ទចិនខាងត្បូង។ បើតាមក្រុមបញ្ញវន្តចិនទាំងអស់នោះ ក្រុមកោះបាតាណេ (Batanes) ដែលស្ថិតនៅចុងខាងជើងបំផុតនៃប្រទេសហ្វីលីពីន ជាដែនកោះរបស់ចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ សន្និសីទរបស់ក្រុមសកលវិទ្យាធិការនិងអ្នកជំនាញចិនមកពី១០សកលវិទ្យាល័យ ដែលប្រព្រឹត្តទៅនៅខេត្តហ្គ័ងដុង កាលពីចុងខែមិថុនា បានប្រកាសថា ប្រជុំកូនកោះBatanes ត្រូវជាដែនកោះរបស់ចិន ព្រោះវាជាការអូសលយបន្តពីកោះតៃវ៉ាន់ បើគិតតាមបែបភូមិវិទ្យា។ កោះបាតាណេ ស្ថិតនៅចំក្រោម ចម្ងាយប្រមាណជិត២០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។
ជាការទាមទារដែលគ្មានមូលដ្ឋាន! នេះជាប្រតិកម្មរបស់ហ្វីលីពីន តាមរយៈ ទីប្រឹក្សាសន្តិសុខជាតិ ដោយបញ្ជាក់ថា ហ្វីលីពីនបានចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកបញ្ញាវន្តចិន ថាជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត។ គេមិនអាចនៅស្ងៀមធ្វើមិនដឹង នៅចំពោះសេចក្តីសន្និដ្ឋានខុសការពិត និងដែលនាំឱ្យមានការទន្ទេញតៗ រួចបង្កើតជាភាពស្រពេចស្រពិល ត្រូវជាខុស ខុសជាត្រូវ។ អ្នកនាំពាក្យយោធាប្រចាំតំបន់សមុទ្ទចិនខាងត្បូង បានចាត់ទុកសេចក្តីសន្និដ្ឋានរបស់ក្រុមអ្នកជំនាញចិននេះថាជា “យុទ្ធសាស្ត្រSalami” ពោលគឺជាយុទ្ធសាស្ត្រប៉ុនប៉ងពង្រីកដែនដី តាមរយៈទង្វើគិតទុកជាមុន ជាដំណាក់ៗ។
ក្រសួងការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ នៅថ្ងៃសុក្រទី១០កក្កដា ថា ប្រជុំកោះ បាតាណេ ស្ថិតក្រោមបូរណភាព និងអធិបតេយ្យភាព របស់ហ្វីលីពីនយ៉ាងជាក់ច្បាស់ និងដោយគ្មានអ្វីអាចប្រកែកបានទេ។ កាលពីខែមេសា ហ្វីលីពីន និងអាមេរិក បានរៀបចំធ្វើសមយុទ្ធរួមគ្នា នៅកោះបាតាណេនេះផង។
គេមិនដឹងថាតើសេចក្តីថ្លែងការណ៍របស់ក្រុមសកលវិទ្យាល័យជីណាន ជាកញ្ចក់ឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលចិនឬយ៉ាងណាទេ។ ក្រសួងការបរទេសចិន មិនធ្វើអត្ថាធិប្បាយជុំវិញទស្សនៈរបស់ក្រុមបញ្ញាវន្តនេះទេ។ កោះតៃវ៉ាន់ និងកូនកោះជុំវិញ ក៏មិនស្ថិតនៅក្រោមការដឹកនាំរដ្ឋបាលរបស់ប៉េកាំងដែរ។ តែចិនតែងចាត់ទុកតំបន់កោះទាំងនេះ ព្រមទាំង ប្រជុំកូនកោះថ្មប៉ប្រះទឹក ក្នុងសមុទ្ទចិនខាងត្បូងស្ទើរទាំងអស់ (៩០%)ផង ថាស្ថិតនៅក្រោមដែនអធិបតេយ្យរបស់ខ្លួនជានិច្ច បើទោះបីជាតុលាការអន្តរជាតិបានចេញសាលក្រមប្រឆាំងហើយក៏ដោយ។
ថ្ងៃទី១២កក្កដា ២០២៦ ជាគម្រប់ខួប១០ឆ្នាំគត់ ដែលតុលាការយុត្តិធម៌អន្តរជាតិបានចេញសាលក្រម កាត់សេចក្តីថាការទាមទារគ្រប់គ្រងសមុទ្ទចិនខាងត្បូងតែម្នាក់ឯងរបស់ប៉េកាំង មិនត្រឹមត្រូវទេ។ ប៉ុន្តែចិនមិនទទួលស្គាល់សាលក្រមនេះឡើយ។ ក្រៅអំពីប្រឆាំងនឹងការអះអាងរបស់ហ្វីលីពីន ក្រុមអ្នកជំនាញចិនខ្លះទៀតបានរិះគន់ថា បើយកទីតាំងភូមិសាស្ត្រជិត មកធ្វើជាអំណះអំណាងទាមទារអធិបតេយ្យភាព នោះពិភពលោកនឹងមានភាពច្របូកច្របល់៕
