បន្ទាប់ពីរងគ្រោះដោយខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិនកំពុងត្រៀមដោយភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀសមនុស្សប្រមាណជិត២លាននាក់ នៅតំបន់ខេត្តភាគខាងកើត ខណៈព្យុះទីហ្វុងនេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន។
ថ្ងៃទី១១កក្កដា អាជ្ញាធរចិនបានចាប់ផ្តើមប្រតិបត្តិការជម្លៀសមនុស្ស ប្រមាណជិត២លាននាក់ នៅខេត្តភាគខាងកើត ចំនួន២ គឺខេត្ត Fujian និងខេត្ត Zhejiang ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយ ឈ្មោះ Bavi កំពុងតែរំកិលខ្លួនជិតមកដល់។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ព្យុះ Bavi នឹងមកដល់ដែនដីចិន នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១២កក្កដា ជាមួយនឹងកម្លាំងខ្យល់បោកបក់ នឹងព្យុះទឹកភ្លៀងផង។
នៅខេត្ត Zhejiang មនុស្សយ៉ាងហោច ១លាន៧សែននាក់ ដែលត្រូវបានអាជ្ញាធរជូនដំណឹង ឲ្យធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាព។ ក្រុង Wenzhou នៅជាប់មាត់សមុទ្រ ដែលមានប្រជាជនរស់នៅ១០លាននាក់ សមត្ថកិច្ចបានចាប់ផ្តើមចុះផ្សព្វផ្សាយ ឲ្យមនុស្សម្នាប្រុងប្រយ័ត្ន និងត្រៀមដាក់រនាំងការពារទ្វារបង្អួតផ្ទះ និងហាងទំនិញ។
សូមជំរាបថា ព្យុះទីហ្វុង Bavi ធ្វើដំណើរចេញពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយបានរំកិលខ្លួនឡើងទៅលើ ចន្លោះតៃវ៉ាន់ និងប្រជុំកោះខាងត្បូងរបស់ជប៉ុន។ នៅតៃវ៉ាន់ អាជ្ញាធរបានជម្លៀសមនុស្សប្រមាណ១៤០០០នាក់ ភាគច្រើននៅតំបន់ភ្នំ ដោយខ្លាចក្រែង មានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងហូរបោកខ្លាំង និងករណីបាក់រមៀលដីភ្នំជាដើម។ ជាមួយនឹងល្បឿនខ្យល់កន្ត្រាក់ខ្លាំង ដល់ទៅជិត ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង អាជ្ញាធរតៃវ៉ាន់ បានប្រកាសបិទជើងយន្តហោះជាច្រើនរយជើង និងប្រកាសថ្ងៃឈប់សម្រាកមួយថ្ងៃទូទាំងកោះ។ បណ្តាញចរន្តអគ្គិសនីត្រូវកាត់ផ្តាច់ សម្រាប់មនុស្សប្រមាណ១៧ម៉ឺននាក់នៅតៃវ៉ាន់។ នៅកោះអូគីណាវ៉ារបស់ជប៉ុនវិញ ព្យុះBavi បានបោកផ្តាច់រចន្តអគ្គីសនី របស់មនុស្សប្រមាណ១៨០០០នាក់ដែរ។
នៅតៃវ៉ាន់ យ៉ាងហោងណាស់ មានមនុស្ស៨៧នាក់បានរងរបួស ក្នុងអំឡុងពេលខ្យល់បក់និងភ្លៀងខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះ។ ដោយឡែក នៅហ្វ៊ីលីពីនវិញ មនុស្សយ៉ាងតិច១៧នាក់បានស្លាប់ ដោយសារតែព្យុះទឹកភ្លៀងដ៏កំណាចក្នុងរដូវមូសុង បូកបន្ថែមនឹងចំហាយព្យុះទីហ្វុងBavi ។
គួរបញ្ជាក់ថា យោងតាមអ្នកជំនាញឧតុនិយម បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទឹកសមុទ្រឡើងកំដៅកាន់តែខ្លាំង ហើយបានបង្កជាបាតុភូត El Niño។ បាតុភូតនេះ បង្កើតឲ្យមានខ្យល់ព្យុះត្រូពិក កាន់តែកាចសាហាវ និងកាន់តែញឹកញាប់។ នៅចិនកាលពីដើមសប្តាហ៍នេះ ខ្យល់ព្យុះទីហ្វុង Maysak បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៣៩នាក់ និងរបួសច្រើនរយនាក់ នៅខេត្ត Guangxi ស្ថិតនៅភាគអាគ្នេយ៍ប្រទេស។ ក្រុមសង្គ្រោះ និងសមត្ថកិច្ចចិន កំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន និងរើកកាយសំអាតគំនរបាក់បែករប៉ាត់រប៉ាយ បង្កឡើយខ្យល់ព្យុះនិងទឹកជំនន់៕
