ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្រីក្រសួងការពារជាតិ និងមេទ័ពបារាំងធំៗ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ លោកម៉ាក្រុងបានអះអាងថា ការសន្យាដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាពរបស់កងទ័ពបារាំង គឺជាអាទិភាពដើម្បីឲ្យបារាំងនិងអឺរ៉ុប អាចមានស្វ័យភាពយុទ្ធសាស្ត្រ។ លោកម៉ាក្រុង បានលើកឡើងថា ស្របពេលដែលសង្គ្រាមនិងភាពចលាចលកំពុងតែគំរាមពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គីគ្នារៀបចំឲ្យមានស្តង់ដាសព្វាវុធរួម ផលិតដោយអឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុបខ្លួនឯង។ គ្មានឡើយពាក្យជាតិនិយម គឺមានតែការស្នេហាជាតិនិងការរួមសាមគ្គីគ្នារវាងសមាជិកអឺរ៉ុប។
តាំងតែពីមុនពេលតំបន់សាហ៊ែលមិនទាន់ធ្លាក់ក្នុងភាពចលាចល មុនតំបន់មជ្ឈិមបូព៌ាត្រូវឆាបឆេះ តាំងតែពីមុនពេលសង្គ្រាមបានមកដល់ដីអឺរ៉ុប គឺយើងបានចាប់ផ្តើមពង្រឹង អភិវឌ្ឍន៍កម្លាំងសព្វាវុធរបស់យើងរួចទៅហើយ។
តាំងតែពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើទឹកដីអ៊ុយក្រែន មិនទាន់ចាប់ផ្តើម តាំងតែពីមិនទាន់មានភាពរង្គោះរង្គោះ ដែលពិភពលោកយើងកំពុងជួបប្រទះក្នុងពេលនេះទៅទៀត ដែលយើងបានប្រឹងប្រែងអំពាវនាវ ជំរុញឲ្យបារាំង និងសហភាពអឺរ៉ុបទាំងមូល មានស្វ័យភាពយុទ្ធសាស្ត្រ។
ស្វ័យភាពយុទ្ធសាស្ត្រ គឺជាភាពឯករាជ្យម្ចាស់ការរបស់យើង នៅក្នុងការវិភាគ ការសម្រេចចិត្ត និងសកម្មភាពប្រតិបត្តិការ។ និយាយឲ្យចំទៅ វាគឺជាសិទ្ធិសេរីភាព ជាសេចក្តីចង់បានរបស់ប្រទេសជាតិយើង ហើយចំណុចនេះ បានជ្រោងកិត្តិយសបារាំង ក្នុងនាមជាប្រទេសមួយដែលគេគោរពនៅលើឆាកអន្តរជាតិ។
អឺរ៉ុបកំពុងតែឈានក្លាយជាមហាអំណាចមួយ ដោយផ្អែកលើកម្លាំងសាមគ្គី របស់ប្រទេសសមាជិកទាំងអស់ ដែលអឺរ៉ុបគោរពឯករាជ្យអធិបតេយ្យភាព។ តែទន្ទឹមនឹងនេះ អឺរ៉ុបជំរុញឲ្យប្រទេសសមាជិក ត្រូវរួមគ្នាការពារគ្នាដោយឯកភាព។ អឺរ៉ុបមិនអាចក្លាយជាដែនដីមួយ ដែលរួមរឹតដោយជម្ងឺជាតិនិយមបានឡើយ ព្រោះជម្ងឺនេះធ្លាប់បានបំផ្លាញអឺរ៉ុប។ អ្វីដែលអឺរ៉ុបត្រូវការ គឺការរួបរួមកម្លាំងស្នេហាជាតិ របស់សមាជិកនីមួយៗដើម្បីធ្វើឲ្យអឺរ៉ុបខ្លាំង។ សារដ៏សំខាន់មួយដែលយើងផ្ញើទៅកាន់ពិភពលោក គឺថា សន្តិភាពជាកម្មវត្ថុរបស់យើង។ យើងស្រលាញ់ថ្នាក់ថ្នមសិទ្ធិនិងសេរីភាព ដូច្នេះ ពិតណាស់គឺយើងត្រៀមខ្លួនប្រយុទ្ធការពារវាជារៀងដរាប បើទោះបីជាត្រូវបូជាជីវិតក៏ដោយ។
