នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃចន្ទ ទី១៣កក្កដា កងទ័ពអាមេរិកបានបន្តបើកការវាយប្រហារទៅលើគោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើហ្សកដានី បារ៉ែន និងកូវ៉ែត។ ការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំ បានបង្ហាញឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាពប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាសរបស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព។
បន្ទាប់ពីបានបើកការវាយប្រហារចំនួន១៤០គោលដៅ កាលពីថ្ងៃសៅរ៍ កងទ័ពអាមេរិកបានបើកការវាយប្រហារបន្ថែមទៀតនៅយប់ថ្ងៃអាទិត្យទី១២កក្កដា ទៅលើទីតាំងច្រើនសិបទីតាំងផ្សេងទៀត នៅភាគខាងត្បូងអ៊ីរ៉ង់។ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ដើមបូព៌ា ហៅកាត់ថា Centcom បានប្រកាសថា គេបានកំណត់គោលដៅ កម្ទេចប្រព័ន្ធរ៉ាដាអ៊ីរ៉ង់នៅតាមតំបន់មាត់ឈូងសមុទ្រពែក្ស នៅទីតាំងបាញ់មីស៊ីលនិងដ្រូន ព្រមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផង។
បណ្តាញទូរទស្សន៍អ៊ីរ៉ង់វិញបាន ផ្សាយថាកងទ័ពអាមេរិកបានបាញ់គ្រាប់មីស៊ីល មកលើតំបន់ភាគខាងលិច ត្រង់ខេត្ត Khouzistan និងភាគខាងត្បូងអ៊ីរ៉ង់ ដូចជាកោះ Qeshm និងតំបន់កំពង់ផែ Bandar Babbas ស្ថិតនៅមាត់ច្រកសមុទ្រអកមូហ្ស ។ ប្រភពបណ្តាញព័ត៌មានអ៊ីរ៉ង់ផ្សេងទៀត បានផ្សាយថា មានមនុស្សស្លាប់យ៉ាងតិច២នាក់ ដោយការវាយប្រហាររបស់អាមេរិក។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ អ៊ីរ៉ង់បានបាញ់គ្រាប់ចំនាវាដឹកទំនិញ២គ្រឿង ដោយចោទថាបានធ្វើដំណើរខុសពីផ្លូវដែលអ៊ីរ៉ង់អនុញ្ញាត។ Centcom បានអះអាងថា កម្មវត្ថុនៃការវាយប្រហាររបស់កងទ័ពអាមេរិក គឺដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់ វាយប្រហារមកលើនាវាដឹកទឹកទំនិញពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។ តែយ៉ាងណា នៅព្រឹកថ្ងៃចន្ទនេះ Centcom បានបញ្ជាក់ថា ប្រតិបត្តិការរបស់កងទ័ពអាមេរិកបានចប់ហើយ។
កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយសងសឹកវិញយ៉ាងចាស់ដៃ ទៅនឹងការវាយប្រហាររបស់អាមេរិក។ គឺប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលរងគ្រោះខ្លាំងបំផុត ២ថ្ងៃមកនេះ។ នៅកូវ៉ែត អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលកម្ទេចមូលដ្ឋានយាមព្រំដែនចំនួន៣ទីតាំង និងបានបាញ់ចំស្ថានីយ៍បូមប្រេងនៅក្នុងសមុទ្រមួយទីតាំងផង។ នៅហ្សកដានីវិញ យ៉ាងហោចណាស់ មានមីស៊ីលអ៊ីរ៉ង់៣គ្រាប់បានវាយសំដៅ មកលើមូលដ្ឋានទ័ពអាមេរិក។ នៅបារ៉ែនវិញ សំឡេងស៊ីរ៉ែនបានលាន់ឮកងរំពងប្រកាសអាសន្ន ឲ្យប្រជាជនរកកន្លែងមានសុវត្ថិភាព តែអាជ្ញាធរមិនបានបញ្ជាក់ថា មានខូចខាតត្រង់ណាខ្លះទេ។
គួរកត់សំគាល់ថា លទ្ធភាពវាយប្រហាររបស់អ៊ីរ៉ង់នៅតែមានខ្លាំង បើទោះបីលោកដូណាល់ ត្រាំ អះអាងថាអាមេរិកបានវាយខ្ទេចអស់ហើយក៏ដោយ។ ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស រងគ្រោះជាប្រចាំ ទាំងដែលប្រទេសទាំងនេះ មានមូលដ្ឋានទ័ពអាមេរិកឈរជើងចាំការពារ ជាមួយនឹងប្រព័ន្ធខែលការពារផ្លូវអាកាស ចាំស្ទាក់មីស៊ីលនិងដ្រូនជាដើម។ អ្នកវិភាគជាច្រើនបានលើកឡើងថា សង្គ្រាមលើកនេះ បានរំលេចឲ្យឃើញ ពីហានិភ័យប្រឈមគ្រោះថ្នាក់នៃប្រទេសតូចៗក្នុងតំបន់ ដូចជាកូវ៉ែត បារ៉ែន និងកាតាជាដើម ដែលកន្លងមករំពឹងថាអាមេរិកជួយការពារ តែទីបំផុតផ្ទៃមេឃល្ហល្ហេវទទេរស្អាត គ្មានអ្វីការពារសន្តិសុខ។ តែទោះជាយ៉ាងនេះក្តី នៅក្នុងបទសម្ភាសន៍ខ្លីមួយតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកដូណាល់ ត្រាំ បន្តអះអាងថា អាមេរិកបានវ៉ៃអ៊ីរ៉ង់ខ្ទេចរាបអស់ហើយ។
