Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា
    RFI

    អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ស្រី Maria Theresa Parreño Lazaro និង រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow។
    រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ស្រី Maria Theresa Parreño Lazaro និង រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow។ — © AFP
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។

    នៅក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Maria Theresa Parreño Lazaro និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow តំណាងប្រទេសសមាជិកអាស៊ានបានអង្គុយជជែកទល់មុខជាមួយ លោក U Tin Maung Swe រដ្ឋមន្ត្រីការបរទេសភូមា។ ការជជែកនេះមានគោលដៅស្វែងរកការផ្សះផ្សាជាតិភូមា ការងារមនុស្សធម៌ និងបញ្ហាជាច្រើនដែលបានកើតឡើងនៅភូមា ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារកាលពី ៥ឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចេញផ្សាយថ្ងៃទី១២ កក្កដា។ លោកស្រី Maria Theresa Parreño Lazaro ដែលជាបេសកជនពិសេសរបស់ប្រធានអាស៊ានមិនបានប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំនោះទេ។

     

    អ្វីដែលលោកស្រីអាចបញ្ជាក់បានគឺថា រដ្ឋមន្ត្រីការបរទេសភូមា លោក U Tin Maung Swe បានរាយការណ៍ត្រួសៗពីដំណើរការកសាងសន្តិភាពនៅភូមា ការផ្ទេរលោកស្រី អ៊ុង សានសូជី ទៅដាក់នៅកន្លែងជាក់លាក់មួយ និងកិច្ចសហប្រតិបត្តិការប្រឆាំងប្រតិបត្តិការឆបោកអនឡាញនៅតាមព្រំដែន រួមនឹងការប្រឆាំងការជួញដូរគ្រឿងញៀន និងសកម្មភាពជួញដូរផ្សេងៗទៀត។ បើតាមលោក U Tin Maung Swe ស្ថានភាពសុខភាពរបស់លោកស្រី អ៊ុង សានស៊ូជី មិនមានបញ្ហាធំដុំទេ និងកំពុងស្ថិតក្រោមការថែទាំពីសាច់ញាតិរបស់លោកស្រី។ អ្វីជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានកាលពីថ្ងៃអាទិត្យ ទី១២ កក្កដា គឺគ្មានវត្តមានតំណាងរបស់កម្ពុជាទេ។

     

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា មិនអាចបញ្ជាក់ពីមូលហេតុដែលកម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនោះឡើយ។ អ្វីដែលអ្នកនាំពាក្យរូបនេះអាចបញ្ជាក់បានគឺថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមក កម្ពុជាមិនដែលបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំនៅក្រុងបាងកកទេ។ ទោះជាយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត គិន ភា យល់ឃើញថា អាស៊ានមិនអាចនាំវឌ្ឍនភាពជាដុំកំភួនសម្រាប់វិបត្តិនយោបាយភូមាឡើយ និងថា គឺមានតែភាគីពាក់ព័ន្ធផ្ទៃក្នុងភូមាខ្លួនឯងទេដែលត្រូវបង្ហាញឆន្ទៈក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង។ សម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលថៃខំធ្វើគឺចង់ឲ្យរបបសឹកភូមាមានសមានចិត្តនឹងខ្លួនក្នុងពេលដែលខ្លួនក៏កំពុងមានភាពតានតឹងជាមួយភូមានៅតាមព្រំដែន។

     

    អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះដដែលមិនភ្លេចរម្លឹកថា កម្ពុជាដែលធ្លាប់ធ្វើជាប្រធានអាស៊ានប្តូរវេនបានផ្តួចផ្តើមឡើងនូវគំនិតជាច្រើនដើម្បីជួយស្វែងរកដំណោះស្រាយឲ្យបញ្ហាភូមា ក្នុងនោះ កម្ពុជាបានផ្តល់នូវទស្សនៈនយោបាយឈ្នះៗដល់ភូមា ពិសេសពីរបៀបបិទបញ្ចប់សង្គ្រាមស៊ីវិល និងដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង។ តែទោះបីជាមានការប្រឹងប្រែងពីកម្ពុជា និងសហគមន៍អន្តរជាតិយ៉ាងណាក៏ដោយក៏ភូមានៅមិនទាន់អាចរកច្រកចេញពីវិបត្តិបាននៅឡើយ។ នេះបើតាមលោកបណ្ឌិត គិន ភា៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.