ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។
នៅក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Maria Theresa Parreño Lazaro និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow តំណាងប្រទេសសមាជិកអាស៊ានបានអង្គុយជជែកទល់មុខជាមួយ លោក U Tin Maung Swe រដ្ឋមន្ត្រីការបរទេសភូមា។ ការជជែកនេះមានគោលដៅស្វែងរកការផ្សះផ្សាជាតិភូមា ការងារមនុស្សធម៌ និងបញ្ហាជាច្រើនដែលបានកើតឡើងនៅភូមា ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារកាលពី ៥ឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចេញផ្សាយថ្ងៃទី១២ កក្កដា។ លោកស្រី Maria Theresa Parreño Lazaro ដែលជាបេសកជនពិសេសរបស់ប្រធានអាស៊ានមិនបានប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំនោះទេ។
អ្វីដែលលោកស្រីអាចបញ្ជាក់បានគឺថា រដ្ឋមន្ត្រីការបរទេសភូមា លោក U Tin Maung Swe បានរាយការណ៍ត្រួសៗពីដំណើរការកសាងសន្តិភាពនៅភូមា ការផ្ទេរលោកស្រី អ៊ុង សានសូជី ទៅដាក់នៅកន្លែងជាក់លាក់មួយ និងកិច្ចសហប្រតិបត្តិការប្រឆាំងប្រតិបត្តិការឆបោកអនឡាញនៅតាមព្រំដែន រួមនឹងការប្រឆាំងការជួញដូរគ្រឿងញៀន និងសកម្មភាពជួញដូរផ្សេងៗទៀត។ បើតាមលោក U Tin Maung Swe ស្ថានភាពសុខភាពរបស់លោកស្រី អ៊ុង សានស៊ូជី មិនមានបញ្ហាធំដុំទេ និងកំពុងស្ថិតក្រោមការថែទាំពីសាច់ញាតិរបស់លោកស្រី។ អ្វីជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានកាលពីថ្ងៃអាទិត្យ ទី១២ កក្កដា គឺគ្មានវត្តមានតំណាងរបស់កម្ពុជាទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា មិនអាចបញ្ជាក់ពីមូលហេតុដែលកម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនោះឡើយ។ អ្វីដែលអ្នកនាំពាក្យរូបនេះអាចបញ្ជាក់បានគឺថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមក កម្ពុជាមិនដែលបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំនៅក្រុងបាងកកទេ។ ទោះជាយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត គិន ភា យល់ឃើញថា អាស៊ានមិនអាចនាំវឌ្ឍនភាពជាដុំកំភួនសម្រាប់វិបត្តិនយោបាយភូមាឡើយ និងថា គឺមានតែភាគីពាក់ព័ន្ធផ្ទៃក្នុងភូមាខ្លួនឯងទេដែលត្រូវបង្ហាញឆន្ទៈក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង។ សម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលថៃខំធ្វើគឺចង់ឲ្យរបបសឹកភូមាមានសមានចិត្តនឹងខ្លួនក្នុងពេលដែលខ្លួនក៏កំពុងមានភាពតានតឹងជាមួយភូមានៅតាមព្រំដែន។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះដដែលមិនភ្លេចរម្លឹកថា កម្ពុជាដែលធ្លាប់ធ្វើជាប្រធានអាស៊ានប្តូរវេនបានផ្តួចផ្តើមឡើងនូវគំនិតជាច្រើនដើម្បីជួយស្វែងរកដំណោះស្រាយឲ្យបញ្ហាភូមា ក្នុងនោះ កម្ពុជាបានផ្តល់នូវទស្សនៈនយោបាយឈ្នះៗដល់ភូមា ពិសេសពីរបៀបបិទបញ្ចប់សង្គ្រាមស៊ីវិល និងដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង។ តែទោះបីជាមានការប្រឹងប្រែងពីកម្ពុជា និងសហគមន៍អន្តរជាតិយ៉ាងណាក៏ដោយក៏ភូមានៅមិនទាន់អាចរកច្រកចេញពីវិបត្តិបាននៅឡើយ។ នេះបើតាមលោកបណ្ឌិត គិន ភា៕
