រដូវភ្លៀងមូសុងឆ្នាំនេះ មានលក្ខណៈកាចសាហាវណាស់ នៅបង់ក្លាដែស។ ត្រឹមមួយសប្តាហ៍ ទឹកជំនន់និងគ្រោះថ្នាក់បាក់ដី បានផ្តាច់ជីវិតមនុស្ស៥០នាក់យ៉ាងតិច នៅតំបន់ភាគអាគ្នេយ៍ ក្បែរព្រំដែនភូមា។ កងទាហាន និងឆ្មាំព្រំដែនបង់ក្លាដែស ព្យាយាមដឹកជញ្ជូនតាមទូក នូវស្បៀងអាហារ ទឹកស្អាត និងសម្ភារៈចាំបាច់ផ្សេងទៀត យកទៅឲ្យប្រជាជននៅតាមភូមិស្រុក ដែលត្រូវទឹកជំនន់ជន់លិច។ ប៉ុន្តែ ទឹកស្អាតនិងស្បៀង កាន់តែខ្វះ ខណៈចំនួនប្រជាជនស្ថិតក្នុងទឹកជំនន់ កើនឡើងដល់ជិត៣សែនគ្រួសារ។
ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ទឹកជំនន់បានផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ចំនួនយ៉ាងតិច៥០នាក់ នៅស្រុក Chattogram ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ។ ផ្អែកតាមអាជ្ញាធរបង់ក្លាដែស ក្នុងចំណោមអ្នកស្លាប់ មាន២៩នាក់ ដែលស្លាប់ដោយដីបាក់សង្កត់។ ក្រៅពីនេះ នៅមានមនុស្ស២នាក់ទៀត បាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ មនុស្សយ៉ាងហោច ៣៥០០០នាក់ បានទៅស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពរៀបចំឡើយដោយរដ្ឋាភិបាល។
ថ្ងៃសៅរ៍ទី១១កក្កដា ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែល បានឲ្យដឹងថាទឹកជំនន់ជន់លិចដ៏ធ្ងន់ធ្ងរបំផុត នៅស្រុកចំនួន៧ ភាគអាគ្នេយ៍ប្រទេស ក្បែរព្រំដែនជាមួយភូមា។ មនុស្សប្រមាណ ជិត៣សែនគ្រួសារ ត្រូវស្ថិតនៅកាត់ផ្តាច់ពីពិភពខាងក្រៅទាំងស្រុង ដោយសារតែត្រូវទឹកលិចលង់។ អាជ្ញាធរបង់ក្លាដែស បានបើកមណ្ឌលសុវត្ថិភាព ចំនួន៤០០០ទីកន្លែង ដើម្បីទទួលប្រជាជនភៀសខ្លួនពីទឹកជំនន់។ ក៏ប៉ុន្តែបញ្ហាខ្វះទឹកស្អាត ខ្វះស្បៀងអាហារ កំពុងតែចោទឡើយជាខ្លាំង។
គួររំលឹកថា កាលពីសប្តាហ៍កន្លងទៅ ភ្លៀងធ្លាក់ជោគជាំខ្លាំង នៅតំបន់អាគ្នេយ៍បង់ក្លាដែស បានបណ្តាលឲ្យគ្រោះថ្នាក់បាក់ដី សង្កត់ស្លាប់មនុស្ស១៥នាក់ នៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅស្រុក Cox’s Bazar។ នៅជំរំនេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ១លាន២សែននាក់ រស់នៅក្នុងលក្ខខណ្ឌដ៏លំបាកលំបិន ជាមួយនឹងផ្ទះខ្ទមរខេករខាកសង់លើដីទួលទាបខ្ពស់ និងដោយគ្មានដើមឈើដើម្បីទប់ដី។ កត្តាទាំងនេះ បានបង្កជាហានិភ័យងាយប្រឈមនឹងទឹកជំនន់ និងគ្រោះថ្នាក់បាក់ស្រុតដី នៅរៀងរាល់រដូវភ្លៀងមូសុងម្តងៗ។
សូមបញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលប្រឈមខ្លាំងបំផុត និងគ្រោះមហន្តរាយធម្មជាតិ។ រដូវភ្លៀងមូសុងបង្កជាទឹកជំនន់កាន់តែធ្ងន់ធ្ងរ ទឹកហូរដាច់ដីបាក់រេរមៀល និងបាក់ច្រាំងទន្លេជាដើម។ ផ្អែកតាមអ្នកវិទ្យាសាស្ត្រ បម្រែបម្រួលអាកាសធាតុសកលលោក បានជំរុញឲ្យព្យុះមូសុងទឹកភ្លៀងធ្លាក់កាន់តែគំហុក កាន់តែញឹកញាប់ ហើយបង្កឲ្យមហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរ ខូចខាតផ្ទះសំបែងសម្ភារៈ ស្លាប់ជីវិតមនុស្សសត្វកាន់តែច្រើន៕
