លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអំណាចអ្វីមកស៊ើបអង្កេត ឬចោទប្រកាន់មកលើជនជាតិអាមេរិកឡើយ។ ស្ថិតក្នុងន័យនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវិធានការទណ្ឌកម្មទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះតុលាការនេះគំរាមអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។
តើរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងតែត្រៀមចាត់វិធានការ ដើម្បីវាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ឬ? នៅថ្ងៃចន្ទទី១៣កក្កដា ក្នុងសារវីដេអូមួយ លោកម៉ាកូ រូប៊ីយ៉ូ បានថ្លែងថា តុលាការព្រហ្មទណ្ឌអន្តរជាតិគឺជាស្ថាប័នដែលធ្វើសកម្មភាព គំរាមមកលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។ លោកប្រមុខការទូតអាមេរិក បន្ថែមថា ដើមឡើយតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេត និងកាត់ក្តី តែទៅលើសំណុំរឿងធំៗធ្ងន់ធ្ងរប៉ុណ្ណោះ។ ក៏ប៉ុន្តែឥឡូវនេះ តុលាការនេះបានក្លាយជាស្ថាប័នមួយជ្រុលនិយមហួសហេតុ។ លោកប្រមុខការទូតអាមេរិករូបនេះ អះអាងថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យតុលាការនេះ គំរាមមកលើបុគ្គលិកជនជាតិអាមេរិកជាដាច់ខាត។
សូមបញ្ជាក់ថា មន្ត្រីម្នាក់នៃក្រសួងការបរទេសអាមេរិកដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថារដ្ឋបាលលោកដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសវិធានការមួយចំនួន ដើម្បីវាយទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ។ វិធានការទាំងនោះ អាចជាការហាមឃាត់មិនឲ្យចៅក្រម ឬរដ្ឋអាជ្ញារបស់តុលាការនេះ ជាន់ទឹកដីអាមេរិក ឬអាចជាវិធានាការទណ្ឌកម្ម ដាក់ពិន័យទៅលើអង្គការស្ថាប័នផ្សេងទៀត ដែលស្ថិតក្រោមបង្គាប់ ឬសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ។ សហរដ្ឋអាមេរិក ក៏អាចដាក់សម្ពាធការទូត ទៅលើប្រទេសមួយចំនួនដែរ ដើម្បីបង្ខំឲ្យដកខ្លួនឈប់ធ្វើជាសមាជិកតុលាការនេះ។
បង្កើតឡើងនៅឆ្នាំ២០០២ ដោយសហគមន៍អន្តរជាតិ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានតួនាទីកាត់ក្តីលើសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ តុលាការនេះអាចបើកសំណុំរឿងបាន ក្នុងករណីដែលប្រទេសសមាជិកណាមួយ គ្មានសមត្ថភាពឬគ្មានចេតនាជំនំជំរះលើឧក្រិដ្ឋកម្មទាំងនេះ។
ដោយឡែក សហរដ្ឋអាមេរិកមិនមែនជាប្រទេសហត្ថលេខី ទទួលស្គាល់យុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។ ក៏ប៉ុន្តែ លក្ខខន្តិកៈរបស់តុលាការនេះ បានចែងថាតុលាការអាចមានអំណាចយុត្តាធិការ ក្នុងករណីអំពើឧក្រិដ្ឋមួយត្រូវបានប្រព្រឹត្តិនៅលើទឹកដីនៃប្រទេសសមាជិក បើទោះបីជនបង្ក ឬជនសង្ស័យគឺជាពលរដ្ឋនៃប្រទេសមិនមែនជាសមាជិកក៏ដោយ។
គួររំលឹកថា នៅឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌអន្តរជាតិធ្លាប់បានបើកការស៊ើបអង្កេត លើមន្ត្រីយោធាអាមេរិក ស្តីពីអំពើឧក្រិដ្ឋកើតឡើងនៅអាហ្វហ្កានីស្ថាន។ តែទីបំផុត តុលាការបានផ្តោតអាទិភាពស៊ើបអង្កេត ទៅលើការទទួលខុសត្រូវចំបងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងក្រុមតាលីបង់។ លោកដូណាល់ ត្រាំ ធ្លាប់បានអះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ គ្មានសិទ្ធិអ្វីទាំងអស់ ក្នុងការមកស៊ើបអង្កេត បើកសាវនាការកាត់ក្តីលើជនជាតិអាមេរិក ជាពិសេសគឺមន្ត្រីកងទ័ពអាមេរិក។
សូមជំរាបថា ថ្មីៗនេះ ក្រសួងការបរទេសអាមេរិកបានចេញលិខិតប្រកាសមួយ លើកឡើងថាគេនឹងពិចារណាលើគ្រប់ជំរើសផ្លូវការទូតទាំងអស់ ដើម្បីសម្រេចឲ្យបាននូវយុទ្ធនាការវាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលគំរាមមកលើប្រជាជនអាមេរិក។ ផ្អែកតាមមន្ត្រីអាមេរិកខាងលើ គឺវ៉ាស៊ីនតោន អាចដាក់សម្ពាធទៅលើប្រទេសដែលទទួលបានជំនួយយោធារបស់អាមេរិក ដើម្បីឲ្យប្រទេសទាំងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។ អ្នកដែលមិនធ្វើតាម អាចនឹងត្រូវវ៉ាស៊ីនតោនកត់ឈ្មោះចំណាំមុខទុក។
យ៉ាងណាក៏ដោយ លោកស្រី Oriane Maillet អ្នកនាំពាក្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា ស្ថាប័នលោកស្រី សូមបដិសេធមិនធ្វើអត្ថាធិប្បយអ្វីទាំងអស់ សម្រាប់ពេលនេះ៕
