Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»រដ្ឋបាលលោកដូណាល់ ត្រាំ ចាប់ផ្តើម​គម្រោង​ដើម្បី​វាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ
    RFI

    រដ្ឋបាលលោកដូណាល់ ត្រាំ ចាប់ផ្តើម​គម្រោង​ដើម្បី​វាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់
    ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ — AP - Omar Havana
    Share
    Facebook Twitter LinkedIn Pinterest Email

    លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអំណាចអ្វីមក​ស៊ើបអង្កេត ឬចោទប្រកាន់​មកលើជនជាតិអាមេរិក​ឡើយ​។ ស្ថិតក្នុងន័យ​នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅថា សហរដ្ឋអាមេរិក​នឹងចាប់ផ្តើមវិធានការទណ្ឌកម្មទៅ​លើ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះតុលាការនេះគំរាម​​អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក​។

    តើរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងតែត្រៀមចាត់វិធានការ ដើម្បីវាយបំបាក់​​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុង​ឡាអេ ឬ? នៅថ្ងៃចន្ទទី​១៣កក្កដា ក្នុងសារវីដេអូមួយ លោក​ម៉ាកូ រូប៊ីយ៉ូ ​បានថ្លែងថា តុលាការព្រហ្មទណ្ឌអន្តរជាតិគឺជាស្ថាប័នដែលធ្វើសកម្មភាព​ គំរាមមកលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក​។ លោកប្រមុខការទូតអាមេរិក​​ បន្ថែមថា ដើមឡើយ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបាន​បង្កើតឡើងដើម្បីស៊ើបអង្កេត និងកាត់ក្តី តែទៅលើសំណុំរឿងធំៗធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែឥឡូវនេះ តុលាការនេះបានក្លាយ​ជាស្ថាប័នមួយ​ជ្រុលនិយមហួសហេតុ​។ លោក​ប្រមុខការទូតអាមេរិករូបនេះ​ អះអាងថាសហរដ្ឋអាមេរិក​ នឹងមិនអនុញ្ញាត​ឲ្យតុលាការនេះ គំរាម​មកលើ​បុគ្គលិក​ជនជាតិ​អាមេរិក​ជាដាច់ខាត​។

    សូមបញ្ជាក់ថា មន្ត្រី​ម្នាក់នៃក្រសួងការបរទេសអាមេរិកដោយ​សុំមិន​បញ្ចេញ​ឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters  ថា​រដ្ឋបាល​លោកដូណាល់ ត្រាំ កំពុងពិចារណា​លើជម្រើសវិធានការមួយចំនួន ដើម្បី​វាយទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ​។ វិធានការទាំងនោះ អាចជា​ការហាមឃាត់​មិន​ឲ្យចៅក្រម ឬរដ្ឋអាជ្ញា​របស់តុលាការនេះ ជាន់ទឹកដីអាមេរិក ឬអាចជាវិធានាការទណ្ឌកម្ម ដាក់ពិន័យទៅលើ​អង្គការស្ថាប័ន​ផ្សេងទៀត ដែលស្ថិតក្រោមបង្គាប់ ឬសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ​​។ សហរដ្ឋ​អាមេរិក ក៏អាចដាក់សម្ពាធការទូត ទៅលើ​ប្រទេសមួយចំនួនដែរ ដើម្បីបង្ខំ​​ឲ្យ​​​ដកខ្លួន​ឈប់ធ្វើជាសមាជិកតុលាការនេះ​។

    បង្កើតឡើង​នៅឆ្នាំ​២០០២ ដោយសហគមន៍អន្តរជាតិ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានតួនាទី​​​កាត់ក្តីលើសំណុំរឿងឧក្រិដ្ឋកម្ម​សង្គ្រាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម​។ តុលាការនេះអាច​បើក​សំណុំរឿងបាន​ ក្នុងករណី​ដែល​ប្រទេសសមាជិក​ណាមួយ គ្មានសមត្ថភាពឬគ្មានចេតនាជំនំជំរះ​លើឧក្រិដ្ឋកម្មទាំងនេះ​។

    ដោយឡែក​​ សហរដ្ឋអាមេរិក​មិនមែនជាប្រទេសហត្ថលេខី ទទួលស្គាល់យុត្តាធិការរបស់​តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ​។​ ក៏ប៉ុន្តែ​ លក្ខខន្តិកៈរបស់​តុលាការនេះ​ ​បានចែងថាតុលាការអាចមានអំណាចយុត្តាធិកា​រ ក្នុងករណី​អំពើឧក្រិដ្ឋមួយត្រូវបានប្រព្រឹត្តិ​នៅលើទឹកដីនៃប្រទេសសមាជិក​ បើទោះបី​ជនបង្ក ឬជនសង្ស័យគឺជាពលរដ្ឋនៃប្រទេសមិនមែនជាសមាជិក​ក៏ដោយ​។

    គួររំលឹកថា​ នៅឆ្នាំ​២០២០ តុលាការព្រហ្មទណ្ឌអន្តរជាតិធ្លាប់​បានបើកការស៊ើបអង្កេត​ លើមន្ត្រីយោធាអាមេរិក​ ស្តីពីអំពើឧក្រិដ្ឋកើតឡើងនៅអាហ្វហ្កានីស្ថាន​។ តែទីបំផុត​ តុលាការ​បាន​ផ្តោត​អាទិភាពស៊ើបអង្កេត ទៅលើការទទួលខុសត្រូវ​ចំបងរបស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងក្រុមតាលីបង់។​ លោកដូណាល់ ត្រាំ ធ្លាប់​បាន​អះអាងថា តុលា​ការព្រហ្មទណ្ឌអន្តរជាតិ គ្មានសិទ្ធិអ្វីទាំងអស់ ក្នុងការមកស៊ើបអង្កេត បើកសាវនាការកាត់ក្តីលើ​ជនជាតិអាមេរិក ជាពិសេសគឺ​មន្ត្រីកងទ័ពអាមេរិក​​។

    សូមជំរាបថា ថ្មីៗនេះ ក្រសួងការបរទេស​អាមេរិក​បានចេញលិខិតប្រកាសមួយ លើកឡើងថាគេនឹងពិចារណា​លើ​គ្រប់ជំរើសផ្លូវការទូតទាំងអស់​ ដើម្បីសម្រេចឲ្យ​បាន​នូវយុទ្ធនាការ​វាយបំបាក់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលគំរាមមក​លើប្រជាជនអាមេរិក​។​ ផ្អែកតាមមន្ត្រីអាមេរិក​ខាងលើ គឺវ៉ាស៊ីនតោន អាចដាក់សម្ពាធទៅលើប្រទេសដែលទទួលបានជំនួយយោធារបស់អាមេរិក​ ដើម្បីឲ្យ​ប្រទេសទាំងដកខ្លួនចេញពីតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​។ អ្នកដែលមិនធ្វើតាម អាចនឹងត្រូវវ៉ាស៊ីនតោនកត់ឈ្មោះចំណាំមុខទុក។​

    យ៉ាងណាក៏ដោយ ​​ លោកស្រី​ Oriane Maillet អ្នកនាំពាក្យ​តុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា ស្ថាប័នលោកស្រី សូមបដិសេធមិនធ្វើអត្ថាធិប្បយអ្វីទាំងអស់ សម្រាប់ពេលនេះ៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.