អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្ត និងទម្លាក់ចេញពីតួនាទីផ្លូវការទាំងអស់ក្នុងបទពុករលួយ។ នេះតាមបើតាមសារព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា ដោយលម្អិតថា អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានទទួលសំណូកជាទឹកប្រាក់ និងមានទំនាក់ទំនងផ្លូវភេទ។
ជាអតីតសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាអតីតប្រធានបក្សកុម្មុយនិស្តចិននៅស៊ីនជាំងពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ លោក ម៉ា ស៊ីនហ៊ុយ អាយុ៦៦ឆ្នាំ បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរខ្លាំង និងបង្កផលប៉ះពាល់អាក្រក់ណាស់។ បើតាមរបាយការណ៍របស់គណៈកម្មការវិន័យមជ្ឈិមដែលជាស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានក្បត់គោលការណ៍បក្ស រំលោភវិន័យ និងច្បាប់នយោបាយយ៉ាងធ្ងន់ធ្ងរ។ លែងមានឧត្តមគតិ និងជំហរនយោបាយ លោក ម៉ា ស៊ីនហ៊ុយ បានផ្តល់តំណែង-តួនាទី-អំណាចដល់បុគ្គលផ្សេងៗជាថ្នូរនឹងការទទួលអំណោយដោយខុសច្បាប់ ឬសំណូកជាទឹកប្រាក់ ឬជំនួយសម្រាប់សមាជិកគ្រួសារដើម្បីទិញផ្ទះបានក្នុងតម្លៃថោក។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោក ម៉ា បានប្រើអំណាច និងទឹកប្រាក់ដើម្បីទទួលបានប្រយោជន៍ផ្លូវភេទ និងបានបណ្តោយឱ្យក្រុមគ្រួសារប្រើឥទ្ធិពលរបស់ខ្លួនដើម្បីទាញយកផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ពោលជាការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈគ្រួសារ និងក្នុងទ្រង់ទ្រាយធំ។ នេះបើតាមប្រភពដដែល និងដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានផ្លូវការរដ្ឋ។ ការិយាល័យនយោបាយមជ្ឈិមបក្សដែលជាស្ថាប័នដឹកនាំកំពូលរបស់ចិនបានអនុម័តរបាយការណ៍របស់គណៈកម្មការវិន័យមជ្ឈិម និងបានបញ្ជូនសំណុំរឿងទៅឱ្យតុលាការដែលជាអ្នកសម្រេចថា តើត្រូវជាប់ទោសក្នុងពន្ធនាគារ ឬយ៉ាងណា។
សម្រាប់ពេលនេះ លោកម៉ាស៊ីនហ៊ុយត្រូវបានបណ្តេញចេញពីជួរបក្ស និងត្រូវបានទម្លាក់ចេញពីតំណែងផ្លូវការទាំងអស់។ គួរបញ្ជាក់ថា លោក ម៉ា ស៊ីនហ៊ុយ ធ្លាប់បានដឹកនាំតំបន់ស៊ីនជាំងតាំងពីយូរយារណាស់មកហើយ។ ស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងធ្លាប់ញាំញីដោយភេរវកម្មរបស់ក្រុមអ្នកផ្តាច់ទឹកដីនិយម និងអ៊ីស្លាមនិយម តំបន់ស៊ីនជាំងត្រូវបានក្រុងប៉េកាំងដាក់ឱ្យស្ថិតក្រោមនយោបាយសន្តិសុខយ៉ាងតឹងតែងតាំងពីជាច្រើនឆ្នាំមកហើយដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវនិយម និងក្នុងគោលដៅគាបសង្កត់លើក្រុមអ៊ុយហ្គួរដែលជាជនជាតិភាគតិចចិនកាន់សាសនាអ៊ីស្លាម។ អង្គការការពារសិទ្ធិមនុស្សតែងបរិហារថា មានសកម្មភាពសម្លាប់ជនជាតិភាគតិចនៅស៊ីនជាំងជារឿយៗ។
ឆ្នាំ ២០២២ ដែលជាឆ្នាំនៃអាណត្តិគ្រប់គ្រងរបស់លោក ម៉ាស៊ីនហ៊ុយ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងថា មានការចាប់ឃុំឃាំង និងរើសអើងជនជាតិអ៊ុយហ្គូរនៅស៊ីនជាំងដែលអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
