ការចាក់ថ្នាំបង្ការកុមារនៅលើពិភពលោក បានប្រសើរឡើងបន្តិចនៅឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤។ ប៉ុន្តែការកាត់បន្ថយជំនួយអន្តរជាតិ ជម្លោះប្រដាប់អាវុធ និងការផ្សព្វផ្សាយព័ត៌មានមិនពិត កំពុងធ្វើឱ្យពិភពលោកប្រឈមនឹងគ្រោះថ្នាក់ មានជំងឺឆ្លងរាតត្បាត កើតឡើងវិញ ព្រោះអត្រាចាក់ថ្នាំបង្ការមិនដល់កំរិត។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃពុធទី១៥កក្កដា២០២៦។
នៅឆ្នាំ២០២៥ កុមារជិត១១៦លាននាក់ឬត្រូវជា៩០%នៃកុមារពិភពលោក បានទទួលថ្នាំបង្ការយ៉ាងហោចមួយដូសប្រឆាំងនឹងជំងឺ ខាន់ស្លាក់ តេតាណូស និងក្អកមាន់ (DTC) ហើយ៨៥%បានចាក់ថ្នាំគ្រប់ដូស (បីដង)។ នេះបើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកនិងអង្គការយូនីសេហ្វ ចេញផ្សាយនៅថ្ងៃពុធទី១៥កក្កដា២០២៦។
បើផ្អែកលើតួលេខ ការចាក់ថ្នាំបង្ការនៅលើពិភពលោកមានលក្ខណៈប្រសើរបន្តិច បើប្រៀបទៅនឹងឆ្នាំ២០២៤ និង២០២១ ប៉ុន្តែនៅមិនទាន់ដល់កំរិតមុនវិបត្តិសកលកូវីដ១៩ ឆ្នាំ២០១៩ទេ។ មានន័យថា មានទារក-កុមារងាយរងគ្រោះ ដល់ទៅរាប់លាននាក់ មិនបានទទួលការការពារ ក្នុងនោះ១៣,៥លាននាក់ គ្មានចាក់ថ្នាំបង្ការសោះ។ ក្មេងទាំងនោះច្រើនរស់ក្នុងតំបន់មានជម្លោះប្រដាប់អាវុធ ក្នុងគ្រួសារក្រីក្រ និងគ្រួសារផ្លាស់ទី។
បញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយទៀត សម្រាប់អង្គការសុខភាពពិភពលោកនិងយូនីសេហ្វ គឺកំណើនកុមារទទួលថ្នាំបង្ការមិនគ្រប់តាមកម្មវិធី ជាពិសេសនៅក្នុងប្រទេសក្រីក្រខ្លាំង ដែលបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការកុមារហើយមិនអាចបន្ត និងបញ្ចប់កម្មវិធីចាក់ថ្នាំឱ្យបានត្រឹមត្រូវ។ មានកុមារប្រមាណ៧,៣លាននាក់បានទទួលថ្នាំបង្ការដំបូង ចាក់នៅអាយុពីរខែ តែមិនដែលបានទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជ្រិលដែលត្រូវចាក់នៅចន្លោះអាយុ៩-១២ខែទេ។
ក្រៅអំពីស្ថានភាពស្រុកទេសនិងជីវភាព នៅមានកត្តាដ៏ចម្បងមួយទៀតដែលមករារាំងការចាក់ថ្នាំបង្ការនោះគឺ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនពិត ទាក់ទងនឹងផលរំខាននៃថ្នាំបង្ការ ជាពិសេសថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជ្រិល។ សម្រាប់ឆ្នាំ២០២៥ ការចាក់ថ្នាំបង្ការការពារជំងឺកញ្ជ្រិលមួយដូស មានកំរិតត្រឹមតែ៨៤% និង៧៧% បានពីរដូស។ នេះបើតាមប្រសាសន៍របស់លោកស្រី Kate O’Brien នាយិកាដេប៉ាតឺម៉ង់ចាក់ថ្នាំបង្ការនៃអង្គការសុខភាពពិភពលោក។
ដើម្បីអាចទប់ស្កាត់មិនឱ្យជំងឺឆ្លងមួយ ដូចយ៉ាងជំងឺកញ្ជ្រិល ងើបមកចម្លងរាតត្បាតជាថ្មី គេចាំបាច់ត្រូវចាក់ថ្នាំបង្ការលើកុមារឱ្យបានដល់កំរិត៩៥%។ បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ឆ្នាំនេះមានករណីជំងឺឆ្លងលេចឡើងក្នុងចំនួនដ៏ច្រើន មានជាអាទិ៍ជំងឺខាន់ស្លាក់ អាសន្នរោគ។ ជំងឺកញ្ជ្រិលបានលេចឡើងវិញគួរឱ្យព្រួយបារម្ភក្នុង៥៧ប្រទេស។
អ្នកទទួលខុសត្រូវផ្នែកចាក់ថ្នាំបង្ការរបស់អង្គការយូនីសេហ្វបានចែករំលែកកង្វល់ជាមួយអង្គការសុខភាពពិភពលោកដោយអះអាងថាការកាត់បន្ថយជំនួយហិរញ្ញវត្ថុអន្តរជាតិប៉ះពាល់និងបង្កផលវិបាកខ្លាំងណាស់នាពេលអនាគត។ ជីវិតកុមារប្រមាណ៦សែននាក់អាចនឹងត្រូវបានសង្គ្រោះ ប្រសិនបើគ្មានការបន្ថយជំនួយ៕
