យោធាអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធទី ១៥កក្កដា ថាមានទាហាន៧នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក លើតំបន់ភាគអាគ្នេយ៍នៃប្រទេស។ ក្រុងកំពង់ផែអ៊ីរ៉ង់ដែលមានមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលតាំងនៅ ក៏រងការដៅវាយប្រហារ ពីសំណាក់អាមេរិកដែរ។ ទន្ទឹមនឹងការវាយប្រហារយ៉ាងសន្ធាប់ជាថ្មី ជាគម្រប់បួនថ្ងៃជាប់គ្នា អាមេរិកបានប្រកាសបិទខ្ទប់កំពង់ផែអ៊ីរ៉ង់នៅច្រកអកមូហ្សជាថ្មី។ ចំណែកអ៊ីរ៉ង់បានបាញ់ប្រហារសងសឹកវិញដល់មូលដ្ឋានទ័ពអាមេរិកនៅហ្សកដានី។
ស្ថានភាពនៅច្រកសមុទ្ទអកមូហ្សកាន់តែតានតឹង។ សហរដ្ឋអាមេរិកបានសម្រេចបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ សាជាថ្មី តាំងពីម៉ោង៨យប់ (ម៉ោងសកល) ថ្ងៃអង្គារទី១៤កក្កដាមក។ អនុរដ្ឋមន្ត្រីក្រសួងបរទេសអ៊ីរ៉ង់បានបញ្ចេញប្រតិកម្មភ្លាមថាអាមេរិកកំពុងរំលាយពិធីសាព្រមព្រៀងចុះហត្ថលេខាកាលពីថ្ងៃទី១៧មិថុនា។ ឯលោកប្រធានាធិបតីអាមេរិកបានស្រែកគំរាមបន្ថែម។ “នៅសប្តាហ៍ក្រោយ អ៊ីរ៉ង់នឹងស្គាល់ថ្នាំខ្លាំងហើយ លើកលែងតែអ៊ីរ៉ង់ព្រមត្រលប់មកអង្គុយចរចាវិញ” នេះជាសម្តីរបស់លោកត្រាំ ដោយព្រលយថាអំពីលទ្ធភាពអាមេរិកប្លោងវាយប្រហារលើស្ពាន និងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់។ ប៉ុន្តែនៅក្នុងសារមួយទៀត បង្ហោះតាមបណ្តាញសង្គមTruth Social លោកត្រាំប្រកាសលុបចោលផែនការយកពន្ធថ្លៃការពារនាវាឆ្លងកាត់ច្រកអកមូហ្សវិញ ដោយដាក់ជំនួសវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្តារាជាណាចក្រនៅឈូងសមុទ្ទពែក្ស។
ទន្ទឹមពេលជាមួយគ្នានេះ និងជាថ្ងៃទីបួនជាប់គ្នា អាមេរិកបានវាយប្រហារយ៉ាងសន្ធាប់មិនធ្លាប់មានទេ គិតចាប់ពីថ្ងៃមានបទឈប់បាញ់នៅខែមេសាមក ទៅលើទីតាំងជាច្រើនរបស់អ៊ីរ៉ង់ ដូចជាកោះQeshm ច្រកសមុទ្ទអកមូហ្ស ក្រុងAhvaz នៅភាគអាគ្នេយ៍នៃប្រទេស ។ល។ និង។ល។ ក្រុងកំពង់ផែBouchehr របស់អ៊ីរ៉ង់ ក៏រងការវាយប្រហារអាមេរិកដែរនៅព្រឹកថ្ងៃពុធទី១៥កក្កដានេះ គ្រាន់តែគ្មានជនរងដល់ជីវិត។ តែបើតាមប្រភពអ៊ីរ៉ង់ដដែល មីស៊ីល១៣គ្រាប់របស់អាមេរិក ដែលដៅលើជំរំយោធាមួយនៅ១៥០០គីឡូម៉ែត្រពីរដ្ឋធានីតេហេរ៉ង់ បានសម្លាប់យោធាអ៊ីរ៉ង់៧នាក់។ ហើយអ៊ីរ៉ង់ក៏មិននៅស្ងៀមដែរ។ ដោយប្រកាសបិទច្រកអកមូហ្សរហូតទាល់តែអាមេរិកឈប់ឈ្លានពាន ឆ្មាំបដិវត្តអ៊ីរ៉ង់ បានបាញ់តបតវិញ ដោយដៅលើទីតាំង ជាឃ្លាំង ជាកន្លែងទុកប្រេង ឬទីបញ្ជាការដ្ឋានរបស់យោធាអាមេរិក នៅកូវ៉ែត បារ៉ែន និងហ្សកដានី។ យោធាហ្សកដានីប្រកាសបាញ់ស្ទាក់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់បានបីគ្រាប់។
ជាផលវិបាក តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាថ្មី ប្រមាណ៩%៕
