Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា
    សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    ngornleng namBy ngornleng namJuly 16, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនធំៗ​របស់​ចិនចំនួន​៤ បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​បន្ថែម នៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែក​៥​ក្រុមហ៊ុនទៀត បាននឹង​កំពុង​ចាប់អារម្មណ៍ និងមានបំណង​ស្វែង​រកការ​ការបណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ទៅលើ​វិស័យ​អាទិភាពជាច្រើន ដើម្បីរួមចំណែកការ​អភិវឌ្ឍកម្ពុជា​​ឱ្យ​កាន់​តែ​រីក​ចម្រើន និងមានលក្ខណៈ​ទំនើប។

    ការណ៍នេះ ត្រូវបាន​ធ្វើ​ឡើង នៅពេល​ដែល​ប្រធាន និងថ្នាក់ដឹកនាំ​​ក្រុមហ៊ុនទាំង​​៩​នេះ បាន​ជួប​ពិភាក្សាការងារជាមួយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​ក្នុងឱកាសលោកចេញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត​ (2026 World AI Conference and High-Level Meeting on Global AI Governance) នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្សាយចេញ នៅ​ថ្ងៃទី១៦ ខែកក្កដានេះ បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែល​បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា តាំងពីឆ្នាំ២០០៨​​មកនោះ បាន​សម្រេចនូវ​គម្រោងសំខាន់ៗ​ជាច្រើន រួម​មាន​គម្រោង​ផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិ​កីឡា​កម្ពុជា, អគារទីស្តីការ​ក្រសួង​ការពារជាតិ, មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។

    ជាមួយការ​សម្រេច​បាននៅ​សមិទ្ធផល​ទាំង​អស់នេះ ​លោក Dai Hegen ជាប្រធានក្រុមប្រឹក្សាភិបាល CRCC បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុន ក្នុងការ​ពង្រីកការ​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា លើវិស័យគន្លឹះ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជា​សមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation)។

    ចំណែក​លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International បានបង្ហាញពី​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា​កន្លងមក ដោយ​ផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធថាមពល​សំខាន់ៗ។

    លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group ពេល​ដឹកនាំប្រតិភូ មកចូលរួមពិភាក្សាការងារជាមួយ​លោក ហ៊ុន ម៉ាណែត និង​ភាគី​កម្ពុជា។ រូប​ថត សហការី

    ដោយឡែក នៅពេលបច្ចុប្បន្ន ក្រុមហ៊ុន​មាន​ចំណាប់​អារម្មណ៍​​​ពង្រីកការ​វិនិយោគ​របស់​ខ្លួន​​លើ​​វិស័យថ្មីៗ​បន្ថែមទៀត រួមមាន ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្ម​ទឹក​ស្អាត និងវិ​ស័យ​ថាមពល​កកើតឡើងវិញ ហើយ​ក្រុមហ៊ុនពិតជារីករាយ​​ដែល​​បាន​​ចូលរួម​​ចំណែក​ដល់​ការ​កសាង និង​អភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

    លោក ហ៊ុន ម៉ាណែត ​បាន​ស្វាគមន៍ចំពោះបំណងនេះ។ លោក​បញ្ជាក់ថា៖ «ការអភិវឌ្ឍវិស័យថាមពលស្អាត គឺ​ជា​​អាទិភាព​​ចម្បង​មួយ ​ដែល​​រាជរដ្ឋាភិបាល​យក​ចិត្ត​​ទុក​​ដាក់​ខ្ពស់ ហើយ​បច្ចុប្បន្ន កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​កកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុង​ជំរុញ​ឱ្យ​សម្រេច​បាន​រហូត​ដល់ ៧០% ត្រឹមឆ្នាំ២០៣០»។ លោក​បន្ត​ថា កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការ​នាំ​ចូល​បច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើន​សមត្ថភាព​ប្រភពថាមពល​អគ្គិសនី ដែល​មានស្រាប់​ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

    ចំណែក​លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានបញ្ជាក់ថា CMEC មានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៨មក ផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុន​ កំពុងមាន​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពល​ដើរដោយឧស្ម័នធម្មជាតិ​រាវ (LNG) នៅខេត្តកោះកុង។

    លោក Fang Yanshui ​បាន​ប្រាប់​លោក ហ៊ុន ម៉ាណែត ពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម ហើយ​ក្រុមហ៊ុនកំពុង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន ​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​កៀរគរ​​ក្រុមហ៊ុន​ទាំងនោះ ​មក​ស្វែងរក​​ឱកាស​​វិនិយោគ​​លើ​​វិស័យ​​សក្ដានុពល​នានា នៅក្នុងប្រទេសកម្ពុជា។

    លោក ហ៊ុន ម៉ាណែត ​ពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន CMEC ជាមួយដៃគូក្នុងស្រុក​។ លោក​ថា វិស័យថាមពល​ ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល​ ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន ហេតុនេះ​ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់​ទៅ​កាន់​បណ្ដាប្រទេសស​មាជិក​អាស៊ានផងដែរ តាមរយៈ​គោលនយោបាយ​បណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

    ចំណែក​​ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ​បានបង្ហាញពីវឌ្ឍនភាពនៃដំណើរការអាជីវកម្ម​របស់​ខ្លួន​នៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគ​តាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយ​ផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី ហើយ​ក្រុមហ៊ុន​មាន​បំណងពង្រីកការវិនិយោគបន្ថែមលើវិស័យ ដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា។ 

    ដោយឡែក លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ​ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល បាន​បង្ហាញ​ពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយអះអាង​ថា បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍ Tablet មានតម្លៃសមរម្យ​ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយ។

    ដោយឡែក​លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល,​ សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។

    លោក​បានគូសបញ្ជាក់ថា៖ ​«ដោយសម្លឹងឃើញ​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍយ៉ា​ង​ឆាប់​រហ័ស​របស់កម្ពុជា ក្រុមហ៊ុនមាន​ចំណាប់​អារម្មណ៍​ក្នុងការស្វែង​រក​ឱកាសវិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថល»។

    ស្រដៀងគ្នានេះ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical ដែល​ជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន ថ្នាំសម្លាប់សត្វល្អិត សាប៊ូបោកខោអាវ ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត ល៏​មានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។

    ចំពោះ​លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI វិញ បានបញ្ជាក់​​ពីកិច្ចសហប្រតិបត្តិការ​របស់​ក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាត​ប្រចាំ​តំបន់​អាស៊ាន (ASEAN Regional Intelligent Computing Center), មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់​ការ​ផលិតភាព​យន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌល​ចែកចាយ​រឿង​ភាគ​ខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center), និង​មជ្ឈមណ្ឌល​ប្រតិបត្តិការពាណិជ្ជកម្ម​ឌីជីថល​អាស៊ាន (ASEAN Digital Commerce Operation Center)។

    ជាមួយគ្នានេះ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន មានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក​ ជាដើម បាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើ​វិស័យផលិតដែក និងវិស័យធនធានរ៉ែ នៅកម្ពុជាដូចគ្នា៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    ជំនន់ទឹកភ្លៀងអាចនាំមីន និងគ្រាប់មិនទាន់ផ្ទុះរសាត់មកតំបន់ថ្មី អាជ្ញាធរមីនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

    July 16, 2026

    ការបង្ក្រាបអំពើឆបោកអនឡាញត្រូវធ្វើឡើងជាអន្ដរជាតិ តែមិនមែនថៃត្រូវរំលោភអធិបតេយ្យភាពកម្ពុជាឡើយ

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.