ភ្នំពេញ: ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យបណ្ដាប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន ជាជាងចាត់វិធានការតែម្ខាង ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម មិនគួរធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានដឹកនាំអ្នកសារព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press (AP) និង ABC News របស់អូស្ត្រាលី ចុះពិនិត្យទីតាំងដែលថៃអះអាងថាជាមជ្ឈមណ្ឌលឆបោកអនឡាញ នៅតំបន់អូរស្មាច់ ជាបូរណភាពទឹកដីកម្ពុជាស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ ចាប់តាំងពីសង្គ្រាមកាលពីខែធ្នូ ឆ្នាំ២០២៥។
អាជ្ញាធរថៃបានប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញអ្វីដែលខ្លួនអះអាងថា ជាប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។
អ្នកសារព័ត៌មានត្រូវបានបង្ហាញអគារស្នាក់នៅដែលមានលក្ខណៈដូចពន្ធនាគារ បន្ទប់ហៅទូរស័ព្ទដែលបំពាក់សម្ភារកាត់សំឡេង សៀវភៅណែនាំបណ្ដុះបណ្ដាល និងការិយាល័យរដ្ឋាភិបាលក្លែងក្លាយ រួមទាំងប៉ុស្តិ៍ប៉ូលិសសិង្ហបុរីក្លែងក្លាយ ដែលថៃអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីបោកប្រាស់ជនរងគ្រោះនៅក្រៅប្រទេស។
ឆ្លើយតបនឹងរបាយការណ៍ទាំងនេះ លោក ស៊ីណារិទ្ធ បានលើកឡើងថា ឧក្រិដ្ឋកម្មឆ្លងដែនជាបញ្ហារួមដែលបណ្ដាប្រទេសជាច្រើនកំពុងប្រឈម ហើយការដោះស្រាយគួរតែធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
លោកបានថ្លែងថា: «ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់។ ប៉ុន្តែ ការដោះស្រាយបញ្ហាទាំងនេះ ត្រូវផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ការចែករំលែកព័ត៌មាន និងការគោរពច្បាប់អន្តរជាតិ»។
លោកបន្តថា បញ្ហានេះមិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ដោយសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបានប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនក្នុងតំបន់ រួមទាំងប្រទេសថៃផងដែរ ហើយបានព្រមានមិនឱ្យមានការអនុវត្តស្តង់ដារពីរពាក់ព័ន្ធនឹងគោលការណ៍អធិបតេយ្យភាព។
លោកបានចោទជាសំណួរថា ប្រសិនបើរដ្ឋាភិបាលបរទេសបញ្ជូនអ្នកសារព័ត៌មាន ឬអ្នកស៊ើបអង្កេតចូលក្នុងទឹកដីថៃ ដើម្បីស៊ើបអង្កេតអំពីឧក្រិដ្ឋកម្ម ដោយមិនមានការយល់ព្រមពីទីក្រុងបាងកក តើថៃនឹងចាត់ទុកសកម្មភាពនោះយ៉ាងដូចម្តេច។
លោកបន្ដថា: «តើប្រទេសថៃនឹងចាត់ទុកសកម្មភាពបែបនេះថា ជាកិច្ចសហប្រតិបត្តិការស្របច្បាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឬជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការរំលោភលើអធិបតេយ្យភាពជាតិរបស់ខ្លួន?»។
លោកបន្ថែមថា ប្រទេសនីមួយៗគួរតែដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅក្នុងប្រទេសរបស់ខ្លួនជាមុនសិន មុននឹងរិះគន់អ្នកដទៃ។
លោកបានលើកឡើងថា: «មុននឹងចង្អុលប្រទេសដទៃ ប្រទេសនីមួយៗគួរតែមានឆន្ទៈពិនិត្យ និងដោះស្រាយបញ្ហាដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាមុន»។
លោក ស៊ីណារិទ្ធ ក៏បានគូសបញ្ជាក់ថា អធិបតេយ្យភាពគឺជាគោលការណ៍សកល ដែលត្រូវអនុវត្តឱ្យបានស្មើភាព មិនថាស្ថិតក្នុងបរិបទនយោបាយបែបណានោះទេ។
លោកបានឱ្យដឹងថា: «អធិបតេយ្យភាព មិនមែនជាគោលការណ៍ដែលត្រូវគោរពតែនៅពេលវាបម្រើផលប្រយោជន៍របស់ខ្លួននោះទេ។ ប្រសិនបើគោលការណ៍នេះមានតម្លៃ វាត្រូវអនុវត្តឱ្យបានស្មើភាព និងស្របគ្នាចំពោះប្រទេសទាំងអស់»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី Reuters បានចេញផ្សាយការស៊ើបអង្កេតមួយ ដោយផ្អែកលើឯកសារដែលរកឃើញនៅក្នុងបរិវេណ Royal Hill បន្ទាប់ពីទីតាំងនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។
យោងតាម Reuters ក្រុមស៊ើបអង្កេតបានរកឃើញកិច្ចសន្យាជួល ដែលបង្ហាញថា អគារចំនួនបីនៅក្នុងបរិវេណ Royal Hill ត្រូវបានជួលដោយ ក្រុមហ៊ុន លឹម ហេង គ្រុប (Lim Heng Group) ទៅឱ្យជនជាតិចិនម្នាក់ ក្នុងតម្លៃប្រមាណ ២០ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ដែលបង្ហាញថា ទីតាំងនេះអាចជាផ្នែកមួយនៃប្រតិបត្តិការឆបោកអនឡាញទ្រង់ទ្រាយធំ។
Reuters បានរាយការណ៍ថា ប៉ូលិសថៃជឿថា ក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងនេះសម្រាប់សកម្មភាពឆបោកអនឡាញ ប៉ុន្តែបានបញ្ជាក់ថា ខ្លួន មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ក្រុមហ៊ុន លឹម ហេង គ្រុប មានការពាក់ព័ន្ធដោយផ្ទាល់នឹងសកម្មភាពឆបោកអនឡាញ ឬការជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់នោះទេ។
ភាគីថៃក៏បានអះអាងដែរថា ទីតាំងទាំងនេះត្រូវបានប្រើប្រាស់ដោយបណ្ដាញឧក្រិដ្ឋកម្ម ដើម្បីគាំទ្រប្រតិបត្តិការយន្តហោះដ្រូនក្នុងអំឡុងពេលជម្លោះព្រំដែនកាលពីឆ្នាំមុន ប៉ុន្តែការអះអាងនេះ ត្រូវបានកម្ពុជាបដិសេធជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលកម្ពុជា នៅតែអះអាងថា តំបន់អូរស្មាច់ គឺជាទឹកដីរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បើទោះបីជាកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ បន្ទាប់ពីការប៉ះទង្គិចកាលពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កន្លងមកបានតវ៉ាជាផ្លូវការចំពោះការដែលមន្ត្រីអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ ចូលពិនិត្យទីតាំងសណ្ឋាគារចំនួនពីរកន្លែងក្នុងស្រុកអូរស្មាច់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយគ្មានការយល់ព្រមពីកម្ពុជា។
ក្នុងកំណត់ទូតចុះថ្ងៃទី៣ ខែកុម្ភៈ ក្រសួងបានបញ្ជាក់ថា ទីតាំងទាំងនោះស្ថិតនៅចម្ងាយប្រមាណ ៣៩៧ម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរស្មាច់ ក្បែរបង្គោលព្រំដែនលេខ១៥ ហើយស្ថិតក្រោមការកាន់កាប់របស់យោធាថៃ ចាប់តាំងពីប្រតិបត្តិការយោធារវាងថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងបានចាត់ទុកការរៀបចំទស្សនកិច្ចផ្លូវការនៅក្នុងតំបន់កាន់កាប់ ដោយគ្មានការយល់ព្រមពីកម្ពុជា ថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ហើយជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ទឹកដីកម្ពុជារបស់ថៃ។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានតវ៉ាចំពោះការដែលភាគីថៃដឹកនាំអ្នកសារព័ត៌មានបរទេស និងមន្ត្រីអនុព័ន្ធយោធាចូលទៅកាន់តំបន់នេះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ដោយចាត់ទុកថា ជាការរំលោភលើអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
មន្ត្រីកម្ពុជាក៏បានចោទថា ថៃកំពុងប្រើប្រាស់ការបង្ក្រាបឆបោកអនឡាញ ជាលេសដើម្បីបន្តវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មានវិវាទ និងបង្កើតការយល់ឃើញរបស់អន្តរជាតិអំពីជម្លោះព្រំដែន។
ទន្ទឹមនឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជាមួយដៃគូអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន លោក ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការបែបនេះ ត្រូវតែឈរលើការគោរពគ្នាទៅវិញទៅមករវាងរដ្ឋ។
លោកបានបន្ថែមថា ការស៊ើបអង្កេតរបស់ Reuters មិនត្រឹមតែលើកឡើងពីក្តីបារម្ភជុំវិញសកម្មភាពឆបោកអនឡាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទជាសំណួរធំមួយថា តើសហគមន៍អន្តរជាតិកំពុងអនុវត្តគោលការណ៍អធិបតេយ្យភាពដោយស្មើភាពចំពោះប្រទេសទាំងអស់ដែរឬទេ។
«របាយការណ៍ស៊ើបអង្កេតនេះ បានបង្ហាញពីក្តីបារម្ភអំពីមជ្ឈមណ្ឌលឆបោកដែលប្រតិបត្តិការនៅកម្ពុជា។ ប៉ុន្តែ វាក៏បានលើកឡើងនូវសំណួរដ៏សំខាន់មួយផងដែរ ថាតើគោលការណ៍អធិបតេយ្យភាពរបស់រដ្ឋ ត្រូវបានអនុវត្តដោយស្មើភាព និងស្របគ្នាចំពោះប្រទេសទាំងអស់ដែរឬទេ»។
