Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់
    RFI

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 16, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ថៃ​ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់
    ថៃ​ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់ — REUTERS/Chaiwat Subprasom
    Share
    Facebook Twitter LinkedIn Pinterest Email

    មន្ត្រី​រាជការថៃ​ជាង​៥ពាន់​នាក់ អាច​នឹង​ត្រូវ​ព្យូរ​ពីការ​ងារ និង​តួនាទី​ ដោយ​ហេតុ​មាន​រឿង​អាស្រូវ​ពុក​រលួយ​ និង​លួច​បន្លំ​នៅ​ពេល​ប្រលង​ចូល។ នេះ​បើតាម​ការ​អះអាង​របស់​អាជ្ញាធរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កក្កដា ដោយ​បញ្ជាក់​ថា​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​បី​នាក់ ក្នុង​សំណុំរឿងនេះ។

    នៅ​​ក្នុង​សន្និសីទ​កាសែត អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ថៃលោក Unsit Sampuntharat បាន​អះអាង​លទ្ធផល​ប្រលង​ប្រកួត​ប្រជែង​យក​ប៉ុស្តិ៍ ឬ​ដើម្បី​ឡើង​ថាន្តរៈ​សក្តិ៍​ក្នុង​ជួរ​​មន្ត្រីរាជការ មាន​ភាព​មិន​ប្រក្រតី​ចំនួន ៥៨១៤​ករណី​​។ ជា​សរុប​ ក្រសួង​បាន​សើរើ​ត្រួត​ពិនិត្យ​កូពី​ប្រលងប្រមាណ​ជាង​៨សែនឡើង​វិញ ទើប​រក​ឃើញ​មាន​ការ​លួច​បន្លំ​នេះ។​ ក្នុង​ពេល​រង់​ចាំសេចក្តី​សម្រេច​របស់​គណៈកម្មាធិការមន្ត្រី​​រាជការ​ទាំងអស់​នេះ​ អាច​នឹង​ត្រូវ​ព្យួរ​តំណែង​និង​ការងារ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អ៊ុនស៊ីត សំពុនថារ៉ាត ដោយ​បញ្ជាក់ទៀត នេះ​ជា​រឿង​អាស្រូវ​ធំណាស់ និង​វា​មិន​យុត្តិធម៌សម្រាប់​អ្នក​ប្រលង​ជាប់​បាន​តួនាទី​ដោយ​សុចរិត​ទេ។

    សំណុំ​រឿង​អាស្រូវ​នេះ បាន​ផ្ទុះ​ឡើង​កាលពី​ខែ​មិថុនា នៅ​ពេល​ក្រុមអ្នក​អង្កេត​បាន​រក​ឃើញ​មាន​អ្នក​ទទួល​ខុស​ត្រូវ​កម្ម​វិធី​ប្រលង​ ទទួល​សំណូក​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ ប្រមាណ​ ២១០០០​អឺរ៉ូ​ ដើម្បី​កែប្រែលទ្ធផល​របស់​បេក្ខជន​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ការ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ដែល​ប៉ុន​ប៉ង​រត់​គេច​ទៅ​ប្រទេស​ឡាវ ដែល​ជំរុញ​ឱ្យ​ប៉ូលិស​បើក​អង្កេត​​ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ។ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​មនុស្ស​បី​នាក់ ក្នុងនោះ​ពីរនាក់​ជា​បុរស ម្នាក់​ជា​ស្ត្រី ត្រូវ​ចាប់​ខ្លួន​បាន​ និង​ជាប់​ចោទ​ពីលួច​​បន្លំ និង​បំផ្លាញ​ឯកសារ​ផ្លូវការ​រដ្ឋ​។ ជន​ទាំងបី​អាច​នឹង​ទទួល​ទោស​ផាកពិន័យ​ផង​និង​ជាប់​ពន្ធនាគារ​ដល់​៥​ឆ្នាំ​ផង។

    នៅ​ថ្ងៃពុធ​ទី ១៤​កក្កដា​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន បានចាត់ទុក​សកម្មភាព​លួច​បន្លំ​ពេល​ប្រលង​ជ្រើសរើស​អ្នក​រាជការ ថា​ជា​ទង្វើ​គួរ​ឱ្យស្អប់ខ្ពើម និង​វដ្តសង្ខារ​នៃ​​អំពើ​ពុក​រលួយ​វិលវល់​ក្នុង​រដ្ឋបាល​។ ​លោក​អានុទីន សន្យា​នឹង​កម្ចាត់​ឱ្យ​អស់​នៅក្នុង​អាណត្តិ​របស់​លោក។ អំពើ​ពុករលួយ​ ស៊ីសំណូក តែង​ផ្ទុះ​ឡើងក្លាយ​ជា​បច្ចុប្បន្នភាព​សង្គម​ជា​ញឹក​ញយ​ នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​កម្រ​មាន​ករណី​ពុករលួយ​ជាប់​ពាក់ព័ន្ធ​នឹងចំនួន​​មនុស្ស​ដ៏​ច្រើន​ដូច្នេះ​ទេ។ មន្ត្រី​​រាជការ​ថៃ បានទទួល​ប្រាក់​បៀរវត្សរ៍​ជា​ទូទៅ​ ពី​៤៥០​ទៅ​​២០០០អឺរ៉ូ​ ក្នុង​មួយ​ខែ ទៅតាម​ឋានៈ​និង​អតីតភាព៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.