សភាបារាំងបានអនុម័តនៅថ្ងៃពុធទី១៥កក្កដា២០២៦ ច្បាប់ជួយបញ្ចប់ជីវិត ដែលផ្តល់សិទ្ធិឱ្យអ្នកមានជំងឺធ្ងន់ធ្ងរខ្លាំងប្រុងស្លាប់និងលែងមានមធ្យោបាយព្យាបាលជា សុំអស់ជីវិត ដោយថ្លៃថ្ងូរ។ តែដំណើរបែបបទនិងលក្ខខណ្ឌសុំបញ្ចប់ជីវិតមានច្រើន។
“បារាំងមានច្បាប់បញ្ចប់ជីវិត” ជាពាក្យសន្យារបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០២២។ តែប្រធានបទសង្គមមួយនេះមានលក្ខណៈរសើបខ្លាំង។ ការតាក់តែងគម្រោងច្បាប់មួយនេះត្រូវជួបប្រទះនឹងឧសបគ្គច្រើន និងប្រើពេលវេលាយូរទើបអាចលេចចេញជារូបរាងដាក់ស្នើទៅសភាបាន។ នៅទីបំផុត និងបន្ទាប់ពីឆ្លងកាត់ការតស៊ូមតិអស់រាប់ពាន់ម៉ោងដើម្បីកែសម្រួលជាងមួយម៉ឺនដងមក គម្រោងច្បាប់ “ជួយបញ្ចប់ជីវិតដោយថ្លៃថ្ងូរ” ត្រូវបានសភាអនុម័តជាស្ថាពរនៅថ្ងៃ ពុធ ទី១៥ កក្កដា ២០២៦ ក្នុងសំឡេងគាំទ្រ ២៩១ ទល់នឹងសំឡេងប្រឆាំង ២៤១។
តាមរយៈច្បាប់ទើបអនុម័តថ្មីដែលបំពេញបន្ថែមដោយច្បាប់ស្តីពីសិទ្ធិទទួលបានការថែទាំ និងព្យាបាលសម្រន់ (ហៀបស្លាប់) អ្នកមានជំងឺធ្ងន់ធ្ងរខ្លាំង និងគ្មានថ្នាំព្យាបាលអាចមានសិទ្ធិសុំស្លាប់ដោយការចាក់ថ្នាំផ្តាច់ជីវិតតាមសម្រួល និងគ្មានការឈឺចាប់។ អ្នកជំងឺជាមនុស្សពេញវ័យ មានសតិពេញលេញ និងមានជំងឺធ្ងន់ប្រុងស្លាប់ជាអ្នកដាក់សំណើសុំទៅកាន់គ្រូពេទ្យបង្គោលដើម្បីផ្ទៀងផ្ទាត់ មុននឹងបញ្ជូនទៅឱ្យគណៈកម្មការសិក្សា រួចគ្រូពេទ្យនឹងផ្តល់ការសម្រេចចិត្តចុងក្រោយតែម្នាក់ឯង។ អ្នកជំងឺអាចប្តូរចិត្តវិញបានគ្រប់ពេល និងត្រូវចាក់ថ្នាំឱ្យស្លាប់ដោយខ្លួនឯង ឬអាចរកគ្រូពេទ្យ ឬគិលានុបដ្ឋាកណាម្នាក់ឱ្យចាក់ជំនួស បើគ្មានសមត្ថភាព និងកាយសម្បទាគ្រប់គ្រាន់ដើម្បីចាក់ខ្លួនឯងបាន។
តំណាងវិហារកាតូលិកបារាំង អង្គការអាជីព និងក្រុមបញ្ញវន្តក្នុងវិស័យសុខាភិបាល ឬសហគមន៍ជនពិការមិនពេញចិត្ត និងមិនគាំទ្រច្បាប់មួយនេះទេ ព្រោះបារម្ភខ្លាចមានកំណើនករណីសុំជួយធ្វើអត្តឃាត។ អ្នកប្រឆាំងខ្លះទៀតរិះគន់ថា ច្បាប់ជួយបញ្ចប់ជីវិតមានលក្ខណៈមិនច្បាស់លាស់ និងខ្វះភាពប្រយ័ត្នប្រយែង។
ដោយមានសំឡេងប្រឆាំងច្រើន នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu ក៏បានសម្រេចបញ្ជូនគម្រោងច្បាប់នេះទៅប្តឹងក្រុមប្រឹក្សាធម្មនុញ្ញទៀត។ “សភាបានតស៊ូមតិយ៉ាងពុះកញ្ជ្រោលទម្រាំអនុម័តច្បាប់នេះបាន តែមិនអាចជម្រះមន្ទិល និងការព្រួយបារម្ភរបស់ក្រុមអ្នកប្រឆាំងបានទាក់ទងនឹងការអនុវត្តច្បាប់ មានជាអាទិ៍ រយៈពេលពិចារណារបស់អ្នកជំងឺ”។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចង់ឱ្យក្រុមប្រឹក្សាធម្មញ្ញបញ្ចេញយោបល់ទាក់ទងរយៈពេលសម្រេចចិត្តរបស់អ្នកជំងឺថា តើគ្រប់គ្រាន់ និងគោរពគោលការណ៍សេរីភាព និងភាពថ្លៃថ្នូររបស់មនុស្សដែរ ឬទេ។ នេះជាការពន្យល់របស់លោកនាយករដ្ឋមន្ត្រីនៅក្នុងសេចក្តីថ្លែងការណ៍។
នៅលើពិភពលោក និងក្រៅពីបារាំង ប៊ែលហ្សិក ហូឡង់ ស្វ៊ីស កាណាដា ប៉ារ៉ាហ្កាយ ជាក្រុមប្រទេសដែលមានច្បាប់បញ្ចប់ជីវិតរួចហើយ៕
