ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ្ឌា បន្ទាប់ពីក្រឡាប់ទូក កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរួមគ្នារបស់ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM)។ ក្រៅពីសម្តែងក្តីព្រួយបារម្ភជាខ្លាំង ស្ថាប័នអង្គការអន្តរជាតិទាំង២នេះក៏បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអន្តរជាតិជួយរកមធ្យោបាយដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួនជាង ៥០០ នាក់ អាចនឹងធ្លាក់ខ្លួនស្លាប់ ក្នុងគ្រោះថ្នាក់ក្រឡាប់ទូក នៅសមុទ្រឥណ្ឌា។ សោកនាដកម្មនេះ កើតឡើងពេលដែលមានព្យុះភ្លៀងខ្លាំង និងរលកសមុទ្រធំៗ កាលពីសប្តាហ៍មុន។ ជនរងគ្រោះទាំងនោះ ភាគច្រើន ជាជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមនៅភូមា ដែលប្រថុយជីវិតឆ្លងសមុទ្រ តម្រង់ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ នេះបើតាម ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និង អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដោយបញ្ជាក់ទៀតថា ពួកគេទាំងនោះ បានជិះទូកទាំង ២ ចាកចេញពីរដ្ឋរ៉ាក់ឃីន ប្រទេសភូមា នៅចុងខែមិថុនា។ ទូកមួយ ផ្ទុកមនុស្សជាង ២៥០នាក់ តែគេបាត់ដំណឹងឈឹងសូន្យ តាំងពីពេលចេញដំណើរបានបន្តិច ពីមាត់ឆ្នេរសមុទ្រភូមា។ រីឯ ទូកមួយទៀត ផ្ទុកមនុស្សជាង ២៨០ នាក់ ដែលអាចក្រឡាប់លិច នៅម្តុំថ្ងៃទី៨កក្កដា ត្រង់ចំណុចក្បែរតំបន់ Ayeyarwady ។
បើតាមប្រភពដដែល ក្នុងចំណោមអ្នកជិះលើទូកទាំង២នោះ ក្រៅពីប្រជាជនចេញពីរដ្ឋរ៉ាក់ឃីន ក៏មានជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនធំ ដែលបានចាកចេញពីជំរំជនភៀសខ្លួន Cox’s Bazar នៅភាគខាងត្បូងបង់ក្លាដែស ជាប់ទល់ដែនភូមា។
ចំនួនជនរងគ្រោះក្រឡាប់លិចទូកនេះ បន្ថែមទៅលើចំនួនជនជាតិរ៉ូហ៊ីងយ៉ា ជាង ៣០០ នាក់ ដែលបានស្លាប់ ព្រោះតែលិចទូក កាលពីដើមឆ្នាំ២០២៦។ គួររំឭកថា ក្នុងឆ្នាំ២០២៥ ជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចជាង ៩០០ នាក់ ស្លាប់និងបាត់ខ្លួន ក្នុងដំណើរផ្លូវសមុទ្រឥណ្ឌា។ មរណជនទាំងនោះ ឋិតក្នុងចំណោមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ ដែលប្រថ្នាចាកចេញពីភូមា។
មានកត្តាច្រើនយ៉ាង ដែលជំរុញឲ្យជនជាតិរ៉ូហ៊ីងយ៉ាបន្តប្រថុយជីវិតធ្វើដំណើរតាមទូកឆ្លងកាត់សមុទ្រ។ ពោលគឺ ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ និង ការជិះជាន់សិទ្ធិមនុស្សនៅភូមា រួមផ្សំទាំងការខ្វះជំនួយមនុស្សធម៌នៅជំរំជនភៀសខ្លួនបង់ក្លាដែស Cox’s Bazar ហើយម្យ៉ាងទៀត គឺការគ្មានក្តីសង្ឃឹមចំពោះអនាគតប្រសិនបើបន្តនៅភូមាឬនៅក្នុងជំរំជនភៀសខ្លួន ដែលចាំបាច់ឲ្យពួកគេត្រូវសម្រេចចិត្តស្វែងរកពន្លឺជីវិតថ្មី។ នេះបើតាមការពន្យល់របស់ ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និង អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដោយឆ្លៀតអរគុណ បង់ក្លាដែស ដែលទទួលស្វាគមន៍ជនជាតិរ៉ូហ៊ីងយ៉ា ជាច្រើនឆ្នាំនិងចំនួនប្រមាណ១លាននាក់។
ក្រៅពីបន្តថ្លែងក្តីព្រួយបារម្ភពីស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម ស្ថាប័នអង្គការសហប្រជាជាតិខាងជនភៀសខ្លួន ក៏អំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងអន្តរជាតិ ត្រូវរកមធ្យោបាយជាចីរភាពយូរអង្វែង ដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕
