ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ដែលប្រាសាទនេះជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង។
នៅក្នុងព្រះរាជសារ ចុះថ្ងៃទី៦ កក្កដានេះ ព្រះអង្គមានព្រះរាជបន្ទូលថា ការចុះបញ្ជីដោយយូណេស្កូនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រាសាទព្រះវិហារ ដែលត្រូវបានកសាងដោយស្ដេចខ្មែរពីសតវត្សរ៍ ទី៩ដល់ទី១២ ធ្លាប់ត្រូវបានគ្រប់គ្រងដោយយោធាថៃ ហើយត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ ICJ ប្រកាសឲ្យកម្ពុជាឈ្នះក្ដីដោយចៅក្រមក្នុងសំឡេង ៩ ទល់នឹង៣ កាលពីឆ្នាំ ១៩៦២។ ប៉ុន្តែ នៅពេលប្រាសាទនេះត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ មានការប៉ះទង្គិចគ្នារវាងថៃនិងកម្ពុជា ដោយសារតែការទាញយកផលចំណេញនយោបាយនៅក្នុងប្រទេសថៃ។
នៅខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប្រាសាទនេះត្រូវរងការបាញ់កម្ទេចយ៉ាងដំណំ ដោយអាជ្ញាធរបានរកឃើញការខូចខាតរហូតដល់ ៥៦២កន្លែង ដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សអស់រយៈពេល ១៨ឆ្នាំចាប់តាំងពីប្រាសាទនេះត្រូវបានចុះបញ្ជី។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គកោតសរសើរ និងអរគុណដល់រាជរដ្ឋាភិបាល «ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិនឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ក្រោយពីជម្លោះតាមព្រំដែន»។
ព្រះអង្គក៏ថ្លែងនូវអំណរគុណនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់៕
