លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តចំនួន៤ ដែលជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់នេះ នៅតែបន្តកើតមានឡើង។
ការលើកឡើងបែបនេះរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។
លោក ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសលោកបានណែនាំដល់ «អាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលជាខេត្តតំបន់ព្រៃឡើង យកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ រហូតក្លាយជាតំបន់រិចរិល»។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់ ជាតំបន់ការពារធម្មជាតិដ៏សំខាន់នៅភាគខាងជើង-កណ្ដាលប្រទេសកម្ពុជា ដោយមានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ ព្រៃនេះ ត្រូវបានចាត់ទុកជាព្រៃវាលទំនាបត្រូពិចធំជាងគេ និងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ ព្រៃឡង់ ចូលជា «ដែនជម្រកសត្វព្រៃ» នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋាភិបាលកម្ពុជា បានកែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ពីផ្ទៃដីទំហំជាង ៤៣ម៉ឺន (៤៣១ ៦៨៣) ហិកតា មកផ្ទៃដីទំហំជាង ៤៨ម៉ឺន (៤៨៩ ៦៦៣) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពង់ធំ តស្ទឹងត្រែង និងព្រះវិហារ។
តាមរបាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ កាលពីឆ្នាំ២០២២ បានបង្ហាញថា ២០២១ គឺជាឆ្នាំដែលមានការបាត់បង់គម្របព្រៃឈើខ្ពស់បំផុត មិនធ្លាប់មាននៅកម្ពុជា និងថា ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់គម្របព្រៃឈើជាង ១១,១០០ហិកតា។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា គិតចាប់តាំងពីឆ្នាំ២០០០មក គម្របព្រៃឈើក្នុងដែនជម្រកព្រៃឡង់ បានបាត់បង់ចំនួន ៦៧,៤០០ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់។
បើទោះបីជាមានការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី តែរហូតមកដល់បច្ចុប្បន្ននេះ ដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែរងការកាប់ និងទន្ទ្រានយកដីជាកម្មសិទ្ធិគួរឱ្យព្រួយបារម្ភ។របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែឆ្នាំ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់។
នៅក្នុងការងារនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន ១៣នាក់ ហើយក្នុងប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារបានរឹបអូសសម្ភារៈបទល្មើសដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន៕
