ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ដោយក្រសួងការពារជាតិកម្ពុជាអះអាងថា ក្រុមអ្នកសង្កេតការណ៍បានឃើញការខូចខាតបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបណ្ដាលមកពីការសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃ និងបានពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃចូលធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន ទៅកាន់តំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមអ្នកសង្កេតការណ៍បានទៅដល់តំបន់ក្បែរបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៤ ដែលកម្ពុជាអះអាងថា យោធាថៃបានសាងសង់របងព្រំដែនជាឯកតោភាគី។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែនលេខ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ»។

បន្ទាប់មក ក្រុមអ្នកសង្កេតការណ៍បានទទួលការធ្វើបទបង្ហាញបច្ចេកទេសអំពីការងារវាស់វែងរួម និងការបោះបង្គោលបណ្ដោះអាសន្ន ដែលធ្លាប់អនុវត្តដោយក្រុមវាស់វែងចម្រុះរបស់ប្រទេសទាំងពីរ។
ក្រោយការធ្វើបទបង្ហាញ ក្រុមអ្នកសង្កេតការណ៍បានបន្តចុះពិនិត្យទីតាំងនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ដែលកម្ពុជាអះអាងថា ប្រជាពលរដ្ឋថៃបានចូលធ្វើស្រែចម្ការហួសចូលក្នុងទឹកដីកម្ពុជា។
ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាបានតវ៉ាជាផ្លូវការទៅកាន់ភាគីថៃតាមរយៈកំណត់ទូតរួចហើយ ដោយចាត់ទុកថា សកម្មភាពទាំងនេះបានប៉ះពាល់ដល់នីតិវិធីទ្វេភាគីដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះ»។
ក្រសួងការពារជាតិបានបញ្ជាក់ថា គោលបំណងនៃការរៀបចំដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន តាមរយៈការសង្កេតដោយផ្ទាល់ និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីពីគោលជំហររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការចុះសង្កេតការណ៍នេះ… បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)»។
ដំណើរទស្សនកិច្ចនេះ គឺជាការចុះសង្កេតការណ៍លើកចុងក្រោយបង្អស់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្ទាប់ពីកម្ពុជាបានសម្របសម្រួលឱ្យក្រុមនេះចុះពិនិត្យតំបន់ព្រំដែនរសើបមួយចំនួនផ្សេងទៀត ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងជាក់ស្តែងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន។
កម្ពុជាបានអះអាងជាបន្តបន្ទាប់ថា ខ្លួននៅតែប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែន ហើយជឿជាក់ថា បញ្ហាព្រំដែនទាំងអស់គួរតែត្រូវបានដោះស្រាយតាមរយៈការចរចា យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ជាជាងការចាត់វិធានការជាឯកតោភាគី។

