លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញការសោកស្ដាយចំពោះប្រាសាទព្រះវិហារដែលរងការបំផ្លិចបំផ្លាញពីយោធាថៃ ក្នុងជម្លោះកាលពីឆ្នាំ២០២៥ ទោះបីជាកម្ពុជាបានព្យាយាមរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ។
នៅក្នុងលិខិតដើម្បីអបអរសាទរខួបទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាជាមួយភាគីថៃ
ដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ប៉ុន្តែការប្រឈមផ្នែកប្រដាប់អាវុធកាលពីឆ្នាំមុន បានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។
លោកថ្លែងដូច្នេះថា៖ «ក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ»។
លោកបន្តថា៖ «នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត»។
លោកថា បច្ចុប្បន្ននេះអាជ្ញាធរកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបន្ត ផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី»។
លោកបានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលរបស់លោក ក្នុងកិច្ចការពារ បូរណភាពទឹកដីកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
លោកថ្លែងថា៖ «សូមឱ្យស្មារតីនៃប្រាសាទព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»៕
