ជារបត់នយោបាយថ្មីសម្រាប់ចលនាហាម៉ាសដែលធ្លាប់គ្រប់គ្រងតំបន់ហ្កាហ្សាតាំងពីឆ្នាំ២០០៧មក។ ប្រធានគណៈកម្មាធិការចលនាហាម៉ាសនៅហ្កាហ្សា លោក ម៉ូហាម៉េដ អាល់ ហ្វារ៉ា បានសុំលាលែងចេញពីតំណែងជាផ្លូវការ និងបានសម្រេចរំលាយរដ្ឋាភិបាលហាម៉ាសនៅហ្កាហ្សានេះទាំងស្រុងតែម្តង។ នេះបើតាមសេចក្តីប្រកាសរបស់នាយកការិយាល័យព័ត៌មាននៃរដ្ឋាភិបាលហាម៉ាស នៅថ្ងៃចន្ទទី៦កក្កដា២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបានពន្យល់ថា ចលនាហាម៉ាសសុខចិត្តដកខ្លួន លែងធ្វើជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ដើម្បីកុំឱ្យប្រទេសអាណានិគមមានលេសបន្តសកម្មភាពឈ្លានពាននិងធ្វើសង្គ្រាមសម្លាប់រង្គាល ប្រជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីនទៀត។ ម្យ៉ាងទៀត ការរំលាយគណៈដឹកនាំចលនាហាម៉ាស គឺដើម្បីបើកផ្លូវ សម្រួលអន្តរកាលរដ្ឋបាល និងអភិបាលកិច្ចតំបន់ហ្កាហ្សា ទៅឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងហ្កាហ្សា។
គណៈកម្មាធិការជាតិគ្រប់គ្រងហ្កាហ្សា ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិភាពដែលមានលោកដូណាល់ត្រាំជាប្រធាន។ មានទីស្នាក់ការនៅទីក្រុងគែរប្រទេសអេហ្ស៊ីប តាំងពីប៉ុន្មានខែមកហើយ គណៈកម្មាធិការជាតិគ្រប់គ្រងហ្កាហ្សាមានប្រមុខប៉ាឡេស្ទីន Ali Shaath។ ប៉ុន្តែ បើតាមប្រភពព័ត៌មានជាច្រើន អ៊ីស្រាអែល ប្រឆាំងមិនឱ្យគណៈកម្មាធិការនេះចូលមកបំពេញការងារនៅក្នុងដែនដីហ្កាហ្សាទេ។ ហេតុដូច្នេះហើយបានជា អ្នកវិភាគនយោបាយខ្លះយល់ថា ការសម្រេចរំលាយរចនាសម្ព័ន្ធដឹកនាំចលនាហាម៉ាស មានតម្លៃត្រឹមជានិម្មិត្តរូបប៉ុណ្ណោះ។ ដំណោះស្រាយមិនស្ថិតនៅលើការរំលាយរដ្ឋាភិបាលហាម៉ាសទេ តែគឺត្រូវឱ្យមានការព្រមព្រៀងរំសាយអាវុធផង។
សូមរំឭកថា ជាច្រើនខែក្រោយផ្ទុះសង្គ្រាមអ៊ីស្រាអែលចូលវាយលុកតំបន់ហ្កាហ្សាដើម្បីកម្ចាត់ចលនាហាម៉ាសដែលហ៊ានចូលធ្វើភេរវកម្មលើដែនដីអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា២០២៣នោះ កិច្ចព្រមព្រៀងឈប់បាញ់ ដំណាក់កាលទីពីរ ដែលគ្រោងឱ្យចលនាហាម៉ាសទម្លាក់អាវុធ ជាថ្នូរនឹងការដកទ័ពអ៊ីស្រាអែលបន្តិចម្តងៗចេញពីហ្កាហ្សា និងដាក់តំបន់ហ្កាហ្សាក្រោមការគ្រប់គ្រងរបស់អាជ្ញាធរគ្មាននិន្នាការ ត្រូវគាំងស្តូក។ ផ្ទុយទៅវិញ អ៊ីស្រាអែលបានពង្រឹងវត្តមានក្នុងតំបន់ហ្កាហ្សាកាន់តែខ្លាំង។ ដាច់ខាតមិនឱ្យហាម៉ាសវិលវិញ អ៊ីស្រាអែលប្រឆាំងមិនឱ្យអាជ្ញាធរប៉ាឡេស្ទីនដឹកនាំរដ្ឋបាលតំបន់ហ្កាហ្សាដោយផ្ទាល់ទៀត៕
