នៅទីក្រុងស៊ូវ៉ា កោះហ្វ៊ីជី ថ្ងៃទី៦កក្កដា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បាណេស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ ជាមួយលោកនាយករដ្ឋមន្ត្រីហ្វ៊ីជី ស៊ីទីវ៉េនី រ៉ាប៊ូកា។ សន្ធិសញ្ញានេះមានឈ្មោះថា “មហាសមុទ្រសន្តិភាព” តម្រូវឲ្យប្រទេសទាំង២ជួយការពារគ្នាទៅវិញទៅមក។ អូស្ត្រាលី បានចុះសន្ធិសញ្ញាដូចគ្នានេះ ជាមួយសហរដ្ឋអាមេរិក នូវែលសេឡង់ និងប៉ាពូនូវែលហ្គីណេ។
លោកអង់តូនី អាល់បានេស៊ី បានថ្លែងថា មហាគ្រួសារប៉ាស៊ីហ្វិក ត្រូវតែជួយយកអាសាគ្នា ការពារសន្តិសុខគ្នាទៅវិញទៅមក។ ចំណែកក្រសួងការបរទេសហ្វ៊ីជី បានលើកឡើងថា សន្ធិសញ្ញាការពារជាតិជាមួយអូស្ត្រាលី គឺជាការបោះជំហានការពារតំបន់ ឲ្យមានសន្តិភាព ភាពចម្រុងចម្រើន ប្រកបដោយសន្តិសុខ។ តាមរយៈសន្ធិសញ្ញានេះ ប្រទេសទាំង២បាន បានសន្យាពិគ្រោះយោបល់គ្នាទៅវិញទៅមិក ក្នុងករណីដែលមានការគំរាមកំហែងណាមួយ មកលើសន្តិសុខនិងអធិបតេយ្យភាព។ បន្ថែមពីនេះ អូស្ត្រាលីនិងហ្វ៊ីជី បានចុះហត្ថលេខា លើសន្ធិសញ្ញាមួយទៀត ស្តីពីសហប្រតិបត្តិការលើវិស័យធំៗជាច្រើន ដូចជាសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ឥទ្ធិពលវាតទីរបស់ចិនក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែធ្វើឲ្យអូស្ត្រាលីព្រួយបារម្ភជាខ្លាំង។ កាលពីឆ្នាំ២០២២ ចិនបានចុះហត្ថលេខាលើកាតិកសញ្ញាយោធាជាមួយកោះសាឡូមុន ធ្វើឲ្យគេភ័យបារម្ភថា ចិនអាចបង្កើតមូលដ្ឋានទ័ពនៅក្នុងតំបន់នេះ។ ក្រោយពេលនោះ អូស្ត្រាលីបានចាប់ផ្តើមយុទ្ធសាស្ត្រប្រឹងប្រែងការទូត ដើម្បីអូសទាញពន្យល់ប្រទេសនានានៅក្នុងតំបន់ ឲ្យមានការប្រុងប្រយ័ត្ន។ ក្នុងក្របខណ្ឌនេះ អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប៉ាពូនូវែលហ្គីណេ កោះវ៉ានូទូ និងកោះទូវ៉ាលូជាដើម ដើម្បីទប់ឥទ្ធិពលរបស់ចិន។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ្វ៊ីជី បានលើកឡើងថា លោកមិនបារម្ភខ្លាចថាចិនខឹង ចំពោះសន្ធិសញ្ញាការពារជាតិដែលហ្វ៊ីជីបានចុះជាមួយអូស្ត្រាលីឡើយ។ លោកអះអាងថា លោកជឿថាចិននឹងយល់ ព្រោះសន្ធិសញ្ញានេះ វាពាក់ព័ន្ធតែជាមួយអូស្ត្រាលីនិងហ្វ៊ីជីតែប៉ុណ្ណោះ មិនបានទៅបំផ្លាញ ឬរំខានទំនាក់ទំនងរវាងចិននិងហ្វ៊ីជីទេ។
សូមបញ្ជាក់ដែរថា សន្ធិសញ្ញាដែលហ្វ៊ីជី ចុះជាមួយអូស្ត្រាលី បានកំណត់ បើកផ្លូវឲ្យប្រទេសផ្សេងទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង អាចចូលរួមជាសមាជិកបានដែរ។ លោកស្រី Tess Newton Cain អ្នកជំនាញសន្តិសុខប៉ាស៊ីហ្វិក គឺប្រទេសក្នុងតំបន់ដែលមានកងទ័ពអចិន្ត្រៃយ៍ ដូចជាប៉ាពូនូវែលហ្គីណេ និងកោះតុងហ្កា ដែលអាចចូលរួមក្នុងសន្ធិសញ្ញានេះដែរ។ មានន័យថា នេះគឺជាការបើកចំហទ្វារដើម្បីពង្រីកការសហការគ្នាឲ្យកាន់តែធំទូលាយ ស្តីពីសន្តិសុខទៅថ្ងៃអនាគត។ នៅសប្តាហ៍ក្រោយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី និងទៅកោះសាឡូម៉ុន ដើម្បីជួយជាមួយថ្នាក់ដឹកនាំកោះសាឡូម៉ុន ប៉ាពូនូវែលហ្គីណេ និងតុងហ្កា៕
