Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Amret Kmenh Chhlat Account promotion
    Home»RFI»ជំនួបកំពូលអូតង់នៅតួកគី បញ្ចប់ក្នុងបរិយាកាសល្អនិងស្មារតីរួបរួមគ្នា
    RFI

    ជំនួបកំពូលអូតង់នៅតួកគី បញ្ចប់ក្នុងបរិយាកាសល្អនិងស្មារតីរួបរួមគ្នា

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    កិច្ចប្រជុំ​កំពូល​អូតង់ ២ថ្ងៃ នៅ​តួកគី ​បញ្ចប់​​ក្នុង​បរិយាកាស​ល្អប្រសើរ​។ ​ក្នុង​រដ្ឋធានីអង់ការ៉ា​ ប្រធានាធិបតីអា​មេរិក លោក ដូណាល់ ត្រាំ មិន​សូវ​បញ្ចេញ​កំហឹងខឹងក្រោធ ច្រងេងច្រងាង និង​មិន​ប្រើ​សម្តីធ្ងន់ៗ​​ទ្រគោះបោះបោក​ ដូចកាលពី​​ជំនួប​កំពូល​ប៉ុន្មា​នឆ្នាំកន្លងទៅនោះឡើយ​​។ ​សហរដ្ឋអាមេរិក របស់​លោក ​ត្រាំ ក៏​លែង​គំរាម​ដើរចេញពី​អូតង់​ នោះដែរ​។ នេះបើតាម​អ្នក​ការទូត​ម្នាក់ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​បិទទ្វារ​។ ​​

    អគ្គលេខាធិការ​អង្គការ​អូតង់ លោក Mark Rutte ក៏​បញ្ជាក់​ថា សមាជិកទាំងអស់​អះអាងអំពី​ភាព​មិន​រង្គោះរង្គើសោះឡើយ។ ក្រោយ​ជំនួប​កំពូល​ រដ្ឋសមាជិក​ទាំង​៣២ប្រទេស ​សម្តែង​ស្មារតី​រួបរួម​គ្នា ​ស្រប​តាម​មាត្រា​ ៥ នៃ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង​ ដែល​​ឈរ​នៅលើគោល​ការ​ណ៍​ជួយ​ការពារ​គ្នាទៅវិញទៅមក ដោយ​​ពួត​ដៃគ្នា​ប្រយុទ្ធ​​ករណី​មានការ​វាយប្រហារ​​លើរដ្ឋសមាជិកណាមួយ​។

    ​ទោះយ៉ាងណាក្តី ក្នុង​សន្និសីទសារព័ត៌មា​នដាច់​ដោយឡែក​ ចៅហ្វាយ​សេតវិមាន​ បន្ត​លើកឡើង​អំពី​ការ​ទើស​ចិត្ត​ខ្លះៗ ទាក់ទង​នឹង អេស្ប៉ាញ​ កោះហ្ក្រូអិនឡង់ដ៍ និង អ៊ីរ៉ង់។ ​ ក្នុង​ករណី​អេស្ប៉ាញ ពុំ​មែនជារឿង​ថ្មី​ដែល​​លោក ត្រាំ បន្ត​រិះគន់​អេស្ប៉ាញ​ ជុំវិញ​ការ​ចូលរួម​វិភាគទាន​ចូលកេសអូតង់។ មួយទៀត បញ្ហា​កោះ​​ហ្ក្រូអិនឡង់ដ៍ ប្រធានាធិបតីអាមេរិក​រូបនេះ អះអាងថា ហ្ក្រូអិនឡង់ដ៍ មា​នសារៈ​សំខាន់​ចាំបាច់​ចំពោះ​អាមេរិក ច្រើនជាង​ចំពោះ​​ដាណឺម៉ាក។​ មិនតែប៉ុណ្ណោះ លោក ត្រាំ បាន​ឆ្លៀត​រិះគន់​រដ្ឋ​សមាជិកអូតង់​​ ដែល​មិន​​ជួយ​ជ្រោម​ជ្រែង​អាមេរិក ក្នុង​​​សង្គ្រាម​អ៊ីរ៉ង់​។ ទោះបីជា​​មានការ​រិះគន់​ខ្លះ​ៗ​ពីសំណាក់​មេដឹក​នាំអាមេរិក​ក្តី ក៏​គេ​ឃើញ​ថា​សមាជិក​អូតង់​ សម្តែង​ស្មារតីសាមគ្គីភាព និង​អះអាង​អំពី​ការ​រួបរួម​ជួយ​គ្នា​។ ទន្ទឹម​នឹងគ្នា​នេះ ​អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាន​លើកសរសើរថា អូតង់បន្ត​​រួបរួម​ជាធ្លុង​មួយ និង​កាន់តែ​ខ្លាំងក្លា។​

    ជាក់ស្តែង សមាជិក​អូតង់ សហភាពអឺរ៉ុប និង​ជាពិសេស កាដាណា​ បាន​មូលមតិ​ឯកភាព​ផ្តល់​ជំនួយ​ថវិកាយោធា​បន្ថែម​ឲ្យ​អ៊ុយក្រែន ហើយ​ សហរដ្ឋ​អាមេរិករបស់​លោក ត្រាំ ក៏បានប្រកាស​​យល់​ព្រម​ឲ្យ​អ៊ុយក្រែន​​​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ Patriot ដែល​អាច​បាញ់​ស្ទាក់​មីស៊ីល​រុស្ស៊ី​​។

    ភ្លាមៗ រុស្ស៊ី ចេញ​ប្រតិកម្មតបថា ការ​ពង្រឹង​ជំនួយយោធា​របស់​អូតង់​ចំពោះអ៊ុយក្រែន​ ជាការ​មិនសមហេតុផល និង គ្មា​នទំនួលខុសត្រូវ។ បើតាម​ក្រសួង​ការបរទេស​រុស្ស៊ី ការ​សម្រេច​ចិត្ត​របស់​អូតង់​ បង្កឲ្យ​មាន​វិនាសកម្មធ្ងន់ធ្ងរ​ និង​ជំរុញ​ឲ្យ​បំពាក់សព្វាវុធ​កាន់តែ​ច្រើន​នៅ​ទ្វីបអឺរ៉ុប​។​

    តាម​គម្រោង កិច្ចប្រជុំ​កំពូល​អូតង់​ឆ្នាំ២០២៧ គ្រោង​នឹងរៀបចំនៅ​​ប្រទេស​​អាល់បានី៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.