គ្មានកំណើនប្រជាជន ជាប្រធានបទដ៏គួរឱ្យព្រួយបារម្ភខ្លាំង សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលប៊ូតង់។ ប្រឈមនឹងវិបត្តិដែលកំពុងកើតមានដោយជាក់ស្តែងនេះ នាយករដ្ឋមន្ត្រីប៊ូតង់ បានទាញសញ្ញាអាសន្ន និងប្រកាសផែនការផ្តល់សន្ទុះកំណើត ជំរុញឱ្យបង្កើត “កូនលើសពីបីនាក់”។
ស្ថិតនៅលើជួរភ្នំហិមាល័យ ចន្លោះមហាប្រទេសចិននិងឥណ្ឌា ប៊ូតង់ដែលមានប្រជាជនសរុបមិនដល់៨សែននាក់ផង កំពុងប្រឈមនឹងវិបត្តិប្រជាសាស្ត្រយ៉ាងធ្ងន់ធ្ងរ។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ អត្រាកំណើតប្រចាំឆ្នាំបានធ្លាក់ចុះអស់ជាងមួយភាគបួន។ “គ្មានកំណើនប្រជាជន” ជាការគំរាមកំហែងពិតនិងយ៉ាងជាក់ស្តែង។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីប៊ូតង់ ដោយបានទាញសញ្ញាអាសន្នថា អត្រាបង្កកំណើតរបស់ស្ត្រីប៊ូតង់ ទាបខ្លាំង ឬក្រោមកំរិតអប្បបរិមាសម្រាប់ការប្តូរជំនាន់បន្តវេន។
រដ្ឋាភិបាលសង្កេតឃើញថា គ្រួសារមានកូនយ៉ាងហោចបីនាក់ កំពុងជិតផុតពូជ រលត់លែងមានទៀតនៅប៊ូតង់ ដោយមានការចុះធ្លាក់ ដល់ទៅ២៧% ចាប់តាំងពីឆ្នាំ២០២០មក។ បើតាមអង្គការសហប្រជាជាតិ បច្ចុប្បន្ននេះ ស្រ្តីប៊ូតង់បង្កើតកូនជាមធ្យម១,៨នាក់ ទល់នឹង៦,៦នាក់ជាមធ្យមកាលពីឆ្នាំ១៩៩០។ ឯចំនួនមនុស្សចាស់អាយុលើស៦៥ឆ្នាំ បានកើនពី៦%នៅពេលនេះទៅ១៧%នៅឆ្នាំ២០៥០។
អត្រាកំណើតធ្លាក់ចុះ មិនមែនគ្រាន់តែជាតួលេខទេ តែជាបន្ទុកដ៏ធ្ងន់ប៉ះពាល់ដល់ប្រភពកម្លាំងពលកម្ម ប្រព័ន្ធពន្ធដារ និងសង្គមប៊ូតង់ទាំងមូល។ ដើម្បីទប់ស្កាត់បាតុភូតនេះ ប្រមុខរដ្ឋាភិបាលប៊ូតង់ បានលើកផែនការផ្តល់សន្ទុះកំណើតជំរុញពលរដ្ឋឱ្យបង្កើតកូនឱ្យបានច្រើនលើសពី បីនាក់ ដែលគេប្រសិទ្ធនាមថា “មានកូនលើសបីនាក់”។ គ្រួសារមានកូន ចាប់ពី បីនាក់ឡើងនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ១០៥ដុល្លារ ក្នុងមួយខែៗរហូតដល់កូនទីបីមានអាយុបីឆ្នាំ។ ប៉ុន្តែ ថ្វីបើពលរដ្ឋពេញចិត្តនឹងជំនួយហិរញ្ញវត្ថុក៏ដោយ ក៏វិធានការនេះគ្មានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តឱ្យមានកូនច្រើនលើសបីនាក់ដែរ ព្រោះតម្លៃសិក្សា ស្នាក់នៅ និងតម្លៃថែទាំព្យាបាលសុខភាព ថ្លៃខ្លាំងណាស់។
ម្យ៉ាងវិញទៀត ដូចបណ្តាប្រទេសជិតខាងក្នុងតំបន់ដែរ វិបត្តិប្រជាសាស្ត្ររបស់ប៊ូតង់បណ្តាលមកពីចរន្តចំណាកស្រុកទៅបរទេស។ កង្វះការងារ បានជំរុញឱ្យពលរដ្ឋប៊ូតង់ ពេញវ័យបន្តពូជជាង៧ម៉ឺននាក់រត់ទៅរស់នៅបរទេស។ នេះបើតាមតួលេខចេញផ្សាយនៅខែឧសភា២០២៦។
សូមបញ្ជាក់ថា កាលពីកន្លះសតវត្សរ៍មុន នៅឆ្នាំ១៩៧៤ ប៊ូតង់បានបណ្តុះទស្សនៈ “សុភមង្គលជាតិ” ប្រែក្លាយប្រទេសជាទីសុខសម្រាប់ពលរដ្ឋទាំងមូល ដោយប្រឹងប្រែងបង្អាក់កំណើតដោយជោគជ័យ តាមរយៈយុទ្ធនាការ “គ្រួសារតូច គ្រួសាររីករាយ”។ សម្រាប់នរវិទូShawn Rowlands សាស្ត្រាចារ្យនៅសកលវិទ្យាល័យThimphou ប្រទេសមានអព្យាក្រិត្យកាបូន និងជាប់ឈ្មោះជាប្រទេសសេចក្តីសុខជាងគេ មានប្រជាជនតិច គឺជាទ្រព្យ។ មានសេវាអប់រំនិងការងារខ្ពស់ ច្បាស់ជានឹងទៅកាត់បន្ថយចំនួនស្ត្រីមានកូន។ នេះបើតាមអ្នកជំនាញដដែល៕
