លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ អាទិត្យ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។
ដូចរាល់ដង គឺនៅលើបណ្តាញសង្គម ដែលប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរ សមាសភាពរដ្ឋាភិបាលក្នុងស្រុក ។ លោក ហ្សេឡេនស្គី បានគូសបញ្ជាក់ពីការកែប្រែយុទ្ធសាស្ត្រនយោបាយ ដោយមុខព្រួញនីមួយៗនៃនយោបាយការបរទេសអ៊ុយក្រែន ត្រូវតែគ្រប់គ្រងដោយឥស្សរជន ដែលមានបទពិសោធន៍ខ្ពស់ ។ នៅក្នុងចំណោមវិស័យអាទិភាពនានា គឺមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្នុងគ្រាដែលមេដឹកនាំអ៊ុយក្រែន កំពុងខិតខំស្វែងរកអាជ្ញាប័ណ្ណ ដើម្បីផលិតប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ និង បង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ។ បន្ថែមពីនេះទៀត អ៊ុយក្រែនក៏មានគម្រោងបង្កើតខែលប្រឆាំងមីស៊ីលផ្ទាល់ខ្លួន ឈ្មោះថា «Freya» ដែលគាំទ្រដោយអឺរ៉ុប ការជំរុញឱ្យអ៊ុយក្រែនបានចូលជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងអ៊ុយក្រែន ជាមួយបណ្តាប្រទេសជិតខាងផង ។
សំណុំរឿងធំៗផ្សេងទៀត ដែលលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី យល់ឃើញថាតម្រូវឱ្យមានការផ្លាស់ប្តូរដែរ មានជាអាទិ៍៖ ត្រៀមលក្ខណៈសម្រាប់រដូវធ្លាក់ទឹកកក ពង្រឹងការការពាររបស់អ៊ុយក្រែននៅតាមខ្សែប្រយុទ្ធជួរមុខ ផ្គត់ផ្គង់ស្បៀងសឹក និង កសាងស្តារប្រទេសជាតិឡើងវិញក្រោយបញ្ចប់សង្គ្រាម ។ យ៉ាងណាមិញ ការផ្លាស់ប្តូរទាំងនេះក៏ជាជម្រើសតែមួយគត់សម្រាប់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការផ្តល់មុខមាត់ថ្មីដល់គណៈរដ្ឋមន្ត្រី ដ្បិតច្បាប់ក្នុងពេលសង្គ្រាមមិនអនុញ្ញាតឱ្យមានការបោះឆ្នោតនោះឡើយ ។
ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះបានប្រកាសថា នឹងប្រគល់តំណែងថ្មីជូនលោកស្រី យូលីយ៉ា ស្វីរីដិនកូ (Youlia Sviridenko) ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីកណ្តាលឆ្នាំមុន ដើម្បីឱ្យលោកស្រីរឹតចំណងមិត្តភាពជាមួយដៃគូគន្លឹះនានា ដោយលោកមិនទាន់បានបញ្ជាក់លម្អិតឡើយ។
ខុទ្ទកាល័យប្រធានាធិបតី បានទទួលឥស្សរជន និង បេក្ខជនលេចធ្លោជាច្រើនរូប ដែលអាចមានសមត្ថភាពកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ក្នុងនោះរួមមាន អតីតនាយករដ្ឋមន្ត្រី លោក ដេនីស ស្មីហ្គាល់ (Denis Schmigal) អតីតរដ្ឋមន្ត្រីការពារជាតិ លោក មីហាយឡូ ហ្វេដូរ៉ូវ (Mihailo Fedorov) ព្រមទាំងឥស្សរជនដែលគេមិនធ្លាប់រំពឹងទុក ដូចជា លោក សឺហ៊ី កូរ៉េតស្គី (Serhii Koretski) នាយកក្រុមហ៊ុនប្រេង និង ឧស្ម័នអ៊ុយក្រែន ព្រមទាំងអភិបាលក្រុងខាកៀវ (Kharkiv) លោក អ៊ីហ្គ័រ តិរេហូវ (Igor Terehov)។
គួររំឭកដែរថា ការផ្លាស់ប្តូរលើកមុន បានប្រព្រឹត្តទៅកាលពីខែមករា ចំពេលមានការផ្ទុះឡើងនូវរឿងអាស្រូវពុករលួយក្នុងវិស័យថាមពល ដែលបានបណ្តាលឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (អតីតរដ្ឋមន្ត្រីក្រសួងថាមពល) លោក អឺម៉ាន់ អារុស្សិនកូ (Erman Arushenko) និង ទីប្រឹក្សាប្រធានាធិបតី លោក អង់ឌ្រី យឺម៉ាក (Andriy Yermak) ត្រូវបាត់បង់តំណែង ។
គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរទាំងនេះ កើតឡើងចំពេលដែលអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និង ផ្ទួនៗគ្នា ពីសំណាក់ភាគីរុស្ស៊ី ហើយកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាស ដែលមានប្រសិទ្ធភាពជាងមុន ។ ស្របពេលជាមួយគ្នានេះ អ៊ុយក្រែននៅតែបន្តយុទ្ធនាការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេងរបស់រុស្ស៊ី ក្នុងគោលបំណងបង្ខំឱ្យភាគីឈ្លានពានមួយនេះ ព្រមចូលមកអង្គុយនៅតុចរចា ៕
