ថ្ងៃអង្គារទី១៤កក្កដា នៅទីក្រុងរ៉ូម ភាគីអ៊ីស្រាអែល និងលីបង់ ត្រូវចាប់ផ្តើមចរចាគ្នា ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ដើម្បីឈានទៅរកសន្តិភាពជារៀងដរាប។ យ៉ាងណាក៏ដោយ គេមានសង្ឃឹមតិចណាស់ ថាការចរចាគ្នាពេលនេះ នឹងអាចហុចលទ្ធផលវិជ្ជមាន ស្របពេលដែលសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហាក់កំពុងផ្ទុះឆេះឡើងវិញ ហើយក្រុមហេសបូឡាលីបង់ ដែលជាកូនចៅអ៊ីរ៉ង់ នៅតែជាឧបសគ្គធំចំពោះការកសាងសន្តិភាពអ៊ីស្រាអែល-លីបង់។
លីបង់និងអ៊ីស្រាអ៊ែល មានសង្គ្រាមនឹងគ្នារាប់សិបឆ្នាំមកហើយ មិនធ្លាប់មានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងងឡើយ។ កាលពីថ្ងៃទី២៦មិថុនា កន្លងទៅថ្មីៗនេះ បន្ទាប់ពីចរចាគ្នា៥លើក ដោយមានអាមេរិកជាអ្នកសម្របសម្រួល ភាគីទាំង២បានទទួលយក កិច្ចព្រមព្រៀមក្របខណ្ឌមួយ ដើម្បីឈានទៅរកសន្តិភាពរៀងដរាប។ តែកិច្ចព្រមព្រៀងក្របខណ្ឌនេះ ត្រូវបានក្រុមហេសបូឡាលីបង់ កូនចៅអ៊ីរ៉ង់ ច្រានចោលមិនទទួលយកជាដាច់ខាត។ នៅថ្ងៃទី១៤កក្កដានេះ អ៊ីស្រាអែលនិងលីបង់ ត្រូវចាប់ផ្តើមចរចាគ្នា ដំណាក់កាលថ្មី នៅទីក្រុងរ៉ូម។
ល្ងាចថ្ងៃចន្ទ គណៈប្រតិភូចរចារបស់លីបង់បានឲ្យដឹងថា គេបានទទួលបញ្ជាច្បាស់ពីថ្នាក់លើថា ដើម្បីចាប់ផ្តើមចរចាពេលនេះ គឺភាគីអ៊ីស្រាអែល ត្រូវតែដកទ័ពថយចេញជាបន្ទាន់ ពីតំបន់សុវត្ថិភាពចំនួន២តំបន់ ដោយអនុលោមទៅតាមអ្វីដែលបានសម្រេចនៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌ។ ប្រភពពីមន្ត្រីទូតលីបង់ បានអះអាងទៀតថា កងទ័ពលីបង់នឹងចាប់ផ្តើមទៅឈរគ្រប់គ្រងតំបន់ទាំង២ បន្ទាប់កងទ័ពអ៊ីស្រាអែលដកថយ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ គណៈប្រតិភូកងទ័ពអាមេរិក បានធ្វើដំណើរទៅទីក្រុងបេរូត ដើម្បីនិយាយជាមួយកងទ័ពលីបង់ ស្តីអំពីលក្ខខណ្ឌនិងនីតិវិធី ដើម្បីឲ្យអ៊ីស្រាអែលដកថយកម្លាំងទ័ពចេញពីតំបន់់សុវត្ថិភាពចំនួន២ទីតាំង ក្នុងដំណាក់កាលដំបូង។ ដោយឡែក លោកស្រី Orna Mizrahi អ្នកវិភាគជំនាញកងទ័ពអ៊ីស្រាអែលបានលើកឡើងថា អ៊ីស្រាអែលអាចចាប់ផ្តើមដកទ័ពចេញបាន ល្គិកណាតំបន់ទាំង២នេះ លែងមានវត្តមានក្រុមហេសបូឡា ហើយកងទ័ពលីបង់ត្រូវតែមានសមត្ថភាពអាចគ្រប់គ្រងតំបន់នេះបាន ដើម្បីកុំឲ្យពួកហេសបូឡាត្រឡប់មកវិញ។
សូមបញ្ជាក់ថា ក្រុមហេសបូឡាកូនចៅអ៊ីរ៉ង់ គឺជាឧបសគ្គដ៏ធំបំផុត ចំពោះការកសាងសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់។ អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារនៅភាគខាងត្បូងលីបង់ នៅដើមខែមីនា គឺបន្ទាប់ពីក្រុមហេសបូឡា បានបាញ់ប្លោងគ្រាប់មកលើអ៊ីស្រាអែល។ ដោយអះអាងថាក្រុមហេសបូឡាគំរាមសន្តិសុខខ្លួន អ៊ីស្រាអែលបានបញ្ជូនទ័ពចូលទឹកដីលីបង់ ដើម្បីកម្ទេចមូលដ្ឋានលាក់ខ្លួន និងស្តុកអាវុធរបស់ក្រុមហេសបូឡា។ ផ្អែកតាមអាជ្ញាធរលីបង់ សង្គ្រាមជាង៤ខែមកនេះ បានផ្តាច់ជីវិតប្រជាជនលីបង់ ចំនួនប្រមាណ៤៣០០នាក់។ ខាងអ៊ីស្រាអែល មានស្លាប់យោធា៣៨នាក់។
ទោះជាយ៉ាងនេះក្តី លោក Karim Bitar សាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រនយោបាយបារីស បានលើកឡើងថា ដំណាក់កាលថ្មីនៃការចរចារវាងលីបង់និងអ៊ីស្រាអែល នាពេលនេះ ត្រូវរំខានដោយសង្គ្រាមកំពុងឆេះឡើងវិញរវាងអ៊ីរ៉ង់និងអាមេរិក។ កន្លងមក អ៊ីរ៉ង់បានព្យាយាមទាញសំណុំរឿងលីបង់ចូលក្នុងសំណុំរឿងរបស់ខ្លួន ដើម្បីចរចាជាមួយអាមេរិក។ សំណួរសួរថា តើពេលនេះអ៊ីរ៉ង់នឹងបញ្ជាឲ្យក្រុមហេសបូឡា បំផ្ទុះអាវុធនៅលីបង់ ដើម្បីបំផ្លាញការចរចាវាងអ៊ីស្រាអែលនិងរដ្ឋាភិបាលលីបង់ដែរឬទេ? សម្រាប់លោក Karim Bitar អ៊ីរ៉ង់ប្រហែលមិនចង់ប្រើដៃក្រុមហេសបូឡាពេលនេះទេ ឲ្យអ៊ីស្រាអែលបន្តវាយទាល់តែខ្ទេចនោះទេ ព្រោះអ៊ីរ៉ង់ចង់ទុកក្រុមហេបូឡាជាឧបករណ៍ប្រើថ្ងៃក្រោយទៀត។ ដូចគ្នាដែរ លោកស្រី Orna Mizrahi អ្នកជំនាញសន្តិសុខអ៊ីស្រាអែលជឿថា ពេលនេះ អ៊ីរ៉ង់កំពុងផ្តោតអាទិភាពទៅលើសំណុំរឿងច្រកសមុទ្រអកមូហ្ស និងកម្មវិធីនុយក្លេអ៊ែរ៕
