Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់
    RFI

    អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ទាហានមួកខៀវ អង្គការសហប្រជាជាតិ នៅស៊ូដង់។
    ទាហានមួកខៀវ អង្គការសហប្រជាជាតិ នៅស៊ូដង់។ — AP Photo/Florence Miettaux - Florence Miettaux
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ូដង់​ ពឹង​ផ្អែក​ហិរញ្ញវត្ថុដើម្បី​​​បន្ត​ធ្វើ​សង្គ្រាមរ៉ាំរ៉ៃ តាមរយៈ​ការ​ក្តោបក្តាប់​ និង​ចម្រាញ់​ធនធានធម្មជាតិ ក្នុង​តំបន់​ដែល​ពួក​គេ​កាន់កាប់។ នេះបើតាម​ អង្គការសហប្រជាជាតិ ដោយ​អំពាវនាវឲ្យ​បណ្តា​រដ្ឋាភិបាល​ផ្សេងទៀត ត្រូវ​យក​ចិត្តទុកដាក់ទប់​ស្កាត់​។ ទន្ទឹម​នឹងគ្នា​នេះ សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​អាជីវកម្ម​មាស ដែលមានប្រភព​មកពី ​ស៊ូដង់។

    ភាគី​ជម្លោះប្រដាប់​អាវុធនៅស៊ូដង់​ ​ទាញ​យក​ប្រាក់​ចំណូល​យ៉ាង​សន្ធឹកសន្ធាប់​ អំពី​​សម្បត្តិធម្មជាតិ​លើតំបន់​ដែនដី​ដែល​ពួក​គេ​ត្រួតត្រា តាមរយៈ​សកម្មភាព​​ចម្រាញ់និង​ធ្វើ​អាជីវកម្មរ៉ែ​​ ដើម្បី​យកទៅ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​សង្គ្រាម ហើយ​បន្ត​ធ្វើ​បាបជិះជាន់​​ប្រជាជន​​។ នេះបើតាម លោក វ៉ុលក័រ តួក ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ លោក​សង្កត់​ធ្ងន់ទៀត​ថា សម្បត្តិធម្មជាតិក្នុង​ប្រទេស​ស៊ូដង់​ គួរតែ​ត្រូវ​បែកចែក​ប្រយោជន៍ដោយ​សមធម៌​​ដល់​ប្រជាជន។​ តែ​គួរ​ឲ្យ​សោកស្តាយ​ពន់ពេក​​ ​ពលរដ្ឋស៊ូដង់​​គ្មា​នទទួល​ចំណែក​អ្វីសោះ ក្រៅពី​ទម្ងន់​ទុក្ខព្រួយ​។ ឧត្តមស្នងការសិទ្ធិមនុស្ស​ ក៏​អំពាវនាវឲ្យរដ្ឋាភិបាល​នីមួយៗ​ ត្រូវ​យកចិត្តដាក់​ទប់ស្កាត់​លំហូរ​អាជីវកម្ម​រ៉ែ​របស់​ស៊ូដង់។

    សង្គ្រាម​​ស៊ូដង់ ស្មុគស្មាញខ្លាំង។ ក្រៅពីជម្លោះរើសអើងជាតិពន្ធុ មេបញ្ជការកងទ័ពកំពូលៗ ២នាក់ ​ប្រជែងអំណាចគ្នា គឺឧត្តមសេនីយ Abdel Fattah al-Burhan ជាមេបញ្ជការកងទ័ពនៃរដ្ឋាភិបាលស៊ូដង់ និងឧត្តមសេនីយ Mohamed Daglo ជាប្រមុខដឹកនាំទាហានប៉ារ៉ាស៊ូដង់ ដែលត្រួតត្រាដែនដីមួយផ្នែកធំ នៅតំបន់ដារហ្វួរ​។ កម្លាំងកងទ័ពទាំង២ក្រុម ផ្ទុះអាវុធ​​ខ្លាំង នៅ​ខែមេសា ឆ្នាំ២០២៣​​​​។​  

    សង្គ្រាម​ស៊ីវិល​ ៣ឆ្នាំចុងក្រោយ​នេះ សម្លាប់​មនុស្ស​ ​យ៉ាង​តិច ២ សែននាក់។ អង្គការសហប្រជាជាតិ បាន​ប្រកាស​អាសន្នអំពីវិបត្តិ​មនុស្សធម៌ ​នៅ​ស៊ូដង់។ ដ្បិត​ថា ពលរដ្ឋ​ ១៥ លាននាក់​ត្រូវបង្ខំ​ចិត្ត​ផ្លាស់ទីលំនៅ (៤លាននាក់ ចេញក្រៅប្រទេស​ ហើយ ​១១ លាននាក់​ ផ្លាស់ទីក្នុង​ស្រុក​)។ ​ប្រជាជន ជាង​ ៣៤ លាន​នាក់​ ខ្វះខាត​ស្បៀង ហើយ​ក្នុងចំណោម​នោះ​ ពាក់កណ្តាល ជាកូន​ក្មេង។​

    កាលពីដើមសប្តាហ៍​នេះ សហភាពអឺរ៉ុប ​បាន​សម្រេច​ហាមឃាត់ ​មិនឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ចម្រាញ់ ​និង​ធ្វើ​អាជីវកម្មរ៉ែមាស​ ដែល​មាន​ប្រភព​មកពី​ប្រទេស​ស៊ូដង់។ ដ្បិតថា​  «មាស​ ជាប្រភព​ប្រាក់​ចំណូល​សំខាន់ ដែល​បំប៉ន់ភ្នក់ភ្លើង​សង្គ្រាម​ស៊ូដង់​ »។ ​សហភាពអឺរ៉ុប ក៏បាន​​​ហាម​ឃាត់សារធាតុ​ផ្សេងៗដែល​បម្រើឲ្យ​ដំណើរការ​ចម្រាញ់​រ៉ែមាស​ ដូចជា​ បារត ជាដើម​ មិនឲ្យ​នាំចូល​ទៅ​ស្រុក​ស៊ូដង់ ​នោះឡើយ។ ​

    ស៊ូដង់ ​​ផលិត​មាស​សម្រាប់​នាំចេញ ច្រើន​ជាង​គេ ក្នុង​តំបន់​អាហ្វ្រិក​។​ គ្រាន់តែ​ក្នុងឆ្នាំ​២០២៤ ស៊ូដង់ ​នាំចេញ​មាស ជាង​ ៧០ តោនឯណោះ​។ ពោល​គឺ នាំចេញ​​ស្របច្បាប់ ចំនួន​យ៉ាងតិច ៣១តោន ហើយ​​នាំចេញ​ខុស​ច្បាប់ យ៉ាងហោច ៤០ តោន​​។ ​មាស​រាប់សិប​តោន​ទាំង​នោះ ឆ្លងកាត់​ប្រទេស​អេហ្ស៊ីប​ ឆាត និង​លីប៊ី មុននឹង​ឆ្ពោះ​ទៅ​កាន់ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម ដែលជា​ទីផ្សារអាជីវកម្ម​មាស​ដ៏​ធំក្នុង​ពិភពលោក​។

    ទោះម្តេចក្តី ទណ្ឌកម្ម​សហភាពអឺរ៉ុប មាន​ទម្ងន់ត្រឹម​ជានិមិត្តរូប​​ ដ្បិត​ថា សហភាព​អឺរ៉ុប​ តំណាងឲ្យត្រឹមតែ​​១០%ប៉ុណ្ណោះ​នៃចរាចរណ៍​មាស​ លើពិភពលោក។ ចំណែក មាស​ស៊ូដង់ ចំនួន​ដល់ទៅ​៩០% នាំចេញទៅទីក្រុង​ឌូបៃ​។ ម្ល៉ោះហើយ ​អ្នក​ជំនាញ Cameron Hudson ជូនយោបល់​ថា​ ប្រសិន​បើ​ចង់ដាក់ទណ្ឌកម្មឲ្យ​​មានប្រសិទ្ធភាព ​សហភាប​អឺរ៉ុប គួរតែចេញវិធានការ ឬដាក់​សម្ពាធ ទៅលើ ​​អេមីរ៉ាត់​អារ៉ាប់​រួម៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.