ថ្ងៃទី ៧កក្កដា ជំនួបកំពូលអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬ ណាតូ ត្រូវបើកទ្វារនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។ អ្វីដែលជាការព្រួយបារម្ភធំបំផុតមួយ នៅក្នុងជំនួបកំពូលនេះ គឺភាពប្រែប្រួលផ្លូវចិត្តដ៏លឿនរហ័សរបស់លោកដូណាល់ ត្រាំ។ ថ្នាក់ដឹកនាំអូតង់ បារម្ភខ្លាចក្រែង កំហឹងដ៏កំរោលរបស់លោកដូណាល់ ត្រាំ នឹងមករំខានធ្វើឲ្យជំនួបកំពូលនេះជួបបរាជ័យ។ យ៉ាងណាក៏ដោយ សមាជិកអូតង់សង្ឃឹមថាគម្រោងកិច្ចសន្យាទិញសព្វាវុធ តម្លៃរាប់ពាន់លានដុល្លារ នឹងអាចធ្វើឲ្យលោកដូណាល់ ត្រាំ សប្បាយចិត្ត។
Author: ភ្នំពេញប៉ុសិ៍្ត
នៅស៊ីរី មានផ្ទុះគ្រាប់បែក ២ លើក ក្បែរសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងបំពេញទស្សនកិច្ច ចំនួន២ថ្ងៃ នៅរដ្ឋធានីដាម៉ាស។ អាជ្ញាធរស៊ីរីចាត់ទុកថា នេះជាអំពើភេរវកម្ម។ ចំណែក វិមានប្រធានាធិបតីបារាំង បញ្ជាក់ថា លោកប្រមុខរដ្ឋ ម៉ាក្រុង មានសុវត្ថិភាព។
ដូចការគ្រោងទុក យានស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ១ពាន់លានគីឡូម៉ែត្រពីផែនដី ដល់ចំណុចគោលដៅ ដែលជាអាចម៍ផ្កាយមួយដុំក្នុងលំហរអវកាស។ យានស្ទង់នេះ នឹងនាំយកមកផែនដីវិញ នូវសំរង់បំណែកថ្មរបស់អាចម៍ផ្កាយ ដើម្បីយកមកសិក្សាស្រាវជ្រាវបន្ថែម ស្តីពីការចាប់កំណើតដំបូងក៏ដូចជាការវិវឌ្ឍន៍នៃប្រព័ន្ធព្រះអាទិត្យ។
ជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សាអត់ជិត២០ឆ្នាំ ចលនាហាម៉ាសប៉ាឡេស្ទីន បានប្រកាសរំលាយខ្លួន នៅថ្ងៃចន្ទទី៦កក្កដា។ គណៈកម្មការជាតិបណ្តោះអាសន្ន បង្កើតដោយក្រុមប្រឹក្សាសន្តិភាពរបស់លោកដូណាល់ត្រាំ នឹងទទួលបន្ទុកគ្រប់គ្រងកិច្ចការរដ្ឋបាលនិងអភិបាលកិច្ចតំបន់ហ្កាហ្សា។
ថ្ងៃចន្ទ ទី៦កក្កដា អូស្ត្រាលីនិងកោះហ្វ៊ីជី បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិជាមួយគ្នា។ សន្ធិសញ្ញានេះ គឺជាយុទ្ធសាស្ត្រជួយការពារគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ចិនបានប្រកាសនៅថ្ងៃចន្ទទី៦កក្កដា២០២៦នេះ អំពីការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដោយជោគជ័យ នៅក្នុងតំបន់មហាសមុទ្ទប៉ាស៊ីហ្វិក ដែលធ្លាប់ជាដែនឥទ្ធិពលរបស់អាមេរិកនិងសម្ព័ន្ធមិត្ត។ ប្រទេសជិតខាងដូចយ៉ាងជប៉ុន នូវែលហ្សេឡង់ បានបញ្ចេញប្រតិកម្មខ្វល់ខ្វាយ និងជំរុញឱ្យចិនកុំបញ្ចេញកាយវិការបែបគំរាមកំហែង។