វិនិយោគិនកម្ពុជាបានឈរនៅលើគេក្នុងនាមជាអ្នកបញ្ចេញទុនវិនិយោគច្រើនជាងគេនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយវិនិយោគិនចិន សិង្ហបុរី និងម៉ាឡេស៊ី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា នេះឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា (ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត) មានចំនួនសរុប ២៧៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ១៦០ ពាន់កន្លែង។ វិនិយោគិនកម្ពុជា គឺជាអ្នកដែលបានបញ្ចេញទុនវិនិយោគច្រើនជាងគេ ដោយមានចំណែក ៤១,៧៤% នៃចំនួនទុនវិនិយោគសរុប ៤,៧ ពាន់លានដុល្លារ តាមពីក្រោយដោយជនជាតិចិន ៣៥,៧៥%, សិង្ហបុរី ១៥,៣៨%, ម៉ាឡេស៊ី ៤,២៦% ក្រៅពីនោះរួមមាន ហូឡង់, កោះ British Virgin, កោះ Marshall, កោះ Samoa, ជប៉ុន និងសហរដ្ឋអាមេរិក។ CDC ឱ្យដឹងទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ គឺមានគម្រោងចំនួន ១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១២០ ពាន់កន្លែងត្រូវបានចុះបញ្ជីដោយ CDC ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០៥, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៩។ ដោយ ឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១ លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ៣៥ ពាន់កន្លែង។ យោងតាម CDC គម្រោងដែលលេចធ្លោក្នុងឆមាសទី១ ឆ្នាំ២០២៦ មានដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា, គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្មុរ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគារផលិតកម្មរោងចក្រស៊ីម៉ងត៍, គម្រោងបង្កើតរោងចក្រជ្រលក់ពណ៌, រោងចក្រផលិតក្រណាត់គ្រប់ប្រភេទ, រោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី, រោងចក្រផលិតត្រីខកំប៉ុង…
Author: ngornleng nam
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា(ICC) នឹងរៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 នៅក្នុងខែកក្កដានេះ។ នេះជាកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌា (India Special Edition) ដោយរំពឹងថានឹងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមគ្នានាំកម្ពុជាទៅកាន់ពិភពលោក។ កម្មវិធីនេះនឹងធ្វើនៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា និងនៅភ្នំពេញនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦។ Cambodia Travel Match 2026 – India Special Edition មានគោលបំណងបង្កើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា, បង្កើតកិច្ចព្រមព្រៀងអាជីវកម្មថ្មី, បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងពង្រឹងភាពជាដៃគូរវាងផ្នែករដ្ឋ និងឯកជន។ តាមការគ្រោងទុកកម្មវិធីនេះនឹងមានការចូលរួមពីអ្នកនៅក្នុងវិស័យសណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍, ភ្នាក់ងារទេសចរណ៍, ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន វិនិយោគិន និងម្ចាស់អាជីវកម្មពាក់ព័ន្ធទេសចរណ៍ជាដើម។ អ្នករៀបចំកម្មវិធី CTM 2026 លើកឡើងថា៖«CTM មិនមែនជាពិព័រណ៍ទេសចរណ៍ធម្មតាទេ ប៉ុន្តែជាវេទិកាទីផ្សារទេសចរណ៍ថ្នាក់ជាតិ(National Destination Marketing Platform) ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់អាជីវកម្មទេសចរណ៍កម្ពុជាជាមួយអ្នកទិញ (Hosted Buyers) មកពីទីផ្សារអន្តរជាតិ និងបង្កើតឱកាសអាជីវកម្មរយៈពេលវែង»។ សម្រាប់កម្មវិធីលើកនេះ CTM ត្រៀមស្វាគមន៍អ្នកទិញអន្តរជាតិ (Hosted Buyers) និងសារព័ត៌មានទេសចរណ៍ជាន់ខ្ពស់ពីប្រទេសឥណ្ឌា ដែលជាទីផ្សារទេសចរណ៍កំពុងរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ នេះក៏ជាឱកាសដ៏មានតម្លៃរបស់វិនិយោគិន ស្ថាប័ន និងម្ចាស់អាជីវកម្មពាក់ព័ន្ធទេសចរណ៍ទាំងអស់ក្នុងការបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនដោយផ្ទាល់ទៅកាន់អ្នកសម្រេចចិត្តទិញ(Decision Makers)។ តាមរយៈជំនួបផ្ទាល់នៅក្នុងកម្មវិធី CTM គឺវាអាចជាចំណុចចាប់ផ្តើមនៃការស្គាល់គ្នា ការទំនាក់ទំនង ការជឿទុកចិត្ត មិត្តភាព ភាពជាដៃគូ និងកិច្ចព្រមព្រៀងអាជីវកម្មរយៈពេលវែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ហើយនេះជាទស្សនវិស័យដែល CTM កំពុងកសាងសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ការចូលរួមក្នុងកម្មវិធី CTM បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម បានជួប HostBuyers ដោយផ្ទាល់ ព្រមទាំងបានផ្សព្វផ្សាយផលិតផលទៅទីផ្សារអន្តរជាតិ បង្កើតដៃគូអាជីវកម្មថ្មី បង្កើនឱកាសនាំភ្ញៀវមកកម្ពុជា ពង្រីកបណ្ដាញទំនាក់ទំនងជាមួយអន្តរជាតិ បង្ហាញម៉ាកយីហោរបស់ខ្លួន នៅលើវេទិកាជាតិ។…
ភ្នំពេញ៖ រដ្ឋាភិបាលកំពុងសម្លឹងពង្រីកការដំឡើងអំពូលភ្លើងប្រើថាមពលព្រះអាទិត្យនៅតាមផ្លូវជាតិដែលមានចរាចរណ៍មមាញឹក និងតំបន់ដែលមានហានិភ័យគ្រោះថ្នាក់ខ្ពស់ ខណៈរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានលើកឡើងថា ការបំភ្លឺផ្លូវឱ្យបានគ្រប់គ្រាន់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចន្លោះពី ២០ ទៅ ៣០ភាគរយ។ គម្រោងនេះនឹងផ្តោតលើផ្លូវដែលមានចរាចរណ៍មមាញឹក ផ្លូវដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន និងតំបន់សាធារណៈសំខាន់ៗ ក្នុងគោលបំណងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋ។ លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា យោងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្រុមការងារបច្ចេកទេសចម្រុះនឹងត្រូវបង្កើតឡើង ដើម្បីសិក្សា និងវាយតម្លៃទីតាំងដែលមានភាពចាំបាច់សម្រាប់ការដំឡើងអំពូលភ្លើងប្រើថាមពលព្រះអាទិត្យ។ ការសិក្សានេះនឹងផ្តោតលើផ្លូវជាតិសំខាន់ៗ ក្នុងនោះមានផ្លូវជាតិលេខ៥ និងលេខ៦ ព្រមទាំងកំណាត់ផ្លូវផ្សេងទៀតដែលមានចរាចរណ៍មមាញឹក និងកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ លោកបានថ្លែងថា៖ «ផ្លូវដែលមានចរាចរណ៍មមាញឹក ដូចអ្វីដែលយើងបានគិតនេះ គឺផ្លូវលេខ៥ លេខ៦ ហើយនិងកំណាត់ផ្លូវមួយចំនួនទៀត»។ លោកបន្តថា៖ «ផ្លូវដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ផ្លូវទីប្រជុំជន ផ្លូវជនបទ មន្ទីរពេទ្យ សាលារៀន ឬមួយក៏ទៅតាមផ្សារ គឺក៏សំខាន់ក្នុងការដំឡើងអំពូលភ្លើងប្រើថាមពលព្រះអាទិត្យនេះ។ ហើយជាពិសេសទៀត គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។ យោងតាមលោក ប៉េង ពោធិ៍នា ការសិក្សារបស់វិទ្យាស្ថានអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់បានបង្ហាញថា ការមានពន្លឺភ្លើងគ្រប់គ្រាន់នៅតាមផ្លូវជាតិ និងផ្លូវសំខាន់ៗ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចន្លោះពី ២០ ទៅ ៣០ភាគរយ។ លោកថ្លែងថា៖ «ពន្លឺអំពូលភ្លើងដែលមានភ្លើងគ្រប់គ្រាន់ទៅតាមដងផ្លូវជាតិ ឬមួយក៏ផ្លូវសំខាន់ៗមួយចំនួន អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចន្លោះពី ២០ ទៅ ៣០ភាគរយ»។ ការបំភ្លឺផ្លូវឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ជាពិសេសសម្រាប់អ្នកធ្វើដំណើរនៅពេលយប់ ខណៈការមើលឃើញមានកម្រិតអាចបង្កើនហានិភ័យនៃការប៉ះទង្គិច និងធ្វើឱ្យអ្នកបើកបរពិបាកមើលឃើញអ្នកថ្មើរជើង យានយន្តផ្សេងទៀត ឬឧបសគ្គនៅលើដងផ្លូវ។ លោក ប៉េង ពោធិ៍នា បានចាត់ទុកការពង្រីកការដំឡើងភ្លើងបំភ្លឺផ្លូវថា ជាផ្នែកមួយនៃការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុវត្ថិភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកបានថ្លែងថា៖ «ពីមុនយើងធ្វើផ្លូវ គឺយើងមានសង្ឃឹម ប៉ុន្តែឥឡូវនេះ បន្ទាប់មកយើងធ្វើផ្លូវហើយ មានសង្ឃឹម គឺមានសុវត្ថិភាព។ បន្ថែមពីនេះទៀត មានសង្ឃឹម មានសុវត្ថិភាពហើយ គឺត្រូវមានសោភ័ណភាពបន្ថែមទៀត»។ ការប្រើប្រាស់អំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យក៏អាចជាជម្រើសមួយសម្រាប់កំណាត់ផ្លូវជាតិ និងផ្លូវជនបទមួយចំនួន ដែលការតភ្ជាប់ទៅបណ្តាញអគ្គិសនីអាចមានការលំបាក។ ទោះយ៉ាងណា លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ទីតាំងសម្រាប់ដំឡើងអំពូលភ្លើងនឹងត្រូវឆ្លងកាត់ការសិក្សា និងវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសជាមុន ដោយផ្តោតលើភាពចាំបាច់ជាក់ស្តែងនៅតាមទីតាំងនីមួយៗ។ កត្តាដូចជា កម្រិតចរាចរណ៍ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍…
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិក ជាអំណោយរបស់អគ្គិសនីកម្ពុជា ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយគម្រោងនេះ គ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងពីគម្រោងនេះ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកក្កដានេះ នៅអគ្គិសនីកម្ពុជា។ លោក ជលសា បានថ្លែងថា បច្ចុប្បន្នសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹងប្រហែល ៦៣% នៃថាមពលសរុប ក្នុងនោះរួមមាន ថាមពលវារីអគ្គិសនី ៣៣% ថាមពលពន្លឺព្រះអាទិត្យ ៣០% ដោយកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលឈរក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក លើការផ្គត់ផ្គង់ថាមពលស្អាត (ពណ៌បៃតង)។ លោកបញ្ជាក់ថា៖ «បច្ចេកទេសដំឡើង គឺត្រូវប្រើប្រាស់ផ្ទាំងសូឡា និងអំពូល LED ជំនាន់ថ្មី ដោយដំឡើងនៅលើរបាំងពុះចែកទ្រូងផ្លូវ ឬអមសងខាងផ្លូវ ដែលមានគម្លាតពីបង្គោលមួយទៅមួយប្រហែល ៥០ម៉ែត»។ តាមផែនការបែងចែកតាមកំណាត់ផ្លូវជាតិសំខាន់ៗ គម្រោងនេះ នឹងត្រូវអនុវត្តលើកំណាត់ផ្លូវសំខាន់ៗដែលមិនទាន់មានប្រព័ន្ធភ្លើងបំភ្លឺ រួមមាន កំណាត់ផ្លូវជាតិលេខ៥ ចន្លោះពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងពីព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅលើមេឌីដ្យានទ្រូងផ្លូវ។ ចំពោះផែនការនេះ លោក ប្រាំង ជលសា សង្កត់ធ្ងន់ថា កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសេរីសោភ័ណ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។ លើសពីនេះ គម្រោងនេះនឹងផ្តល់ជូនបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប លើកលែងតែខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលបានដាក់ដំឡើងរួចហើយ។ ចំណែកនៅកំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ(ស្គន់) ដល់ទីក្រុងកំពង់ចាមក្នុងខេត្តកំពង់ចាម ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅលើទ្រូងផ្លូវ រីឯផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ដល់ព្រំដែនប្រទេសវៀតណាម ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។ ផ្លូវក្រវាត់ក្រុងទី២…
ភ្នំពេញ: រដ្ឋាភិបាលកំពុងពង្រីកការប្រើយន្តការវាយតម្លៃ និងការប្រកួតប្រជែងជាវិជ្ជមានរវាងសាលារៀន និងមណ្ឌលសុខភាព ដើម្បីជំរុញការកែលម្អគុណភាពសេវាសាធារណៈ ខណៈអង្គភាពចំនួន ៣០ ត្រូវបានជ្រើសរើសជាអង្គភាពគំរូឆ្នាំ២០២៥ ក្រោយការអនុវត្តកម្មវិធីនេះឈានចូលជំហានទី២។ អនុវិទ្យាល័យចំនួន ១០ សាលាបឋមសិក្សាចំនួន ១០ និងមណ្ឌលសុខភាពចំនួន ១០ ត្រូវបានប្រកាសជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងពិធីមួយនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកក្កដា។ ពិធីនេះដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមានអ្នកចូលរួមជាង ២ ០០០នាក់ មកពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស។ យោងតាមក្រសួងមុខងារសាធារណៈ ការវាយតម្លៃអង្គភាពគំរូឆ្នាំ២០២៥ គឺជាជំហានទី២ នៃយន្តការនេះ បន្ទាប់ពីការអនុវត្តជំហានដំបូងនៅឆ្នាំ២០២៣ ដោយពង្រីកការវាយតម្លៃលើអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានថ្លែងក្នុងរបាយការណ៍បូកសរុបថា គណៈកម្មការបានអនុវត្តការវាយតម្លៃតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយផ្តោតលើតម្លាភាព ការទទួលខុសត្រូវ សុចរិតភាព និងយុត្តិធម៌។ តាមរយៈដំណើរការនេះ គ.វ.ជ. បានជ្រើសរើសអនុវិទ្យាល័យ ១០ សាលាបឋមសិក្សា ១០ និងមណ្ឌលសុខភាព ១០ ជាជ័យលាភីសម្រាប់ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា បញ្ជីជ័យលាភីត្រូវបានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ ដាក់ស្នើប្រមុខរដ្ឋាភិបាលពិនិត្យ និងសម្រេច មុនការប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់នៅក្នុងពិធីថ្ងៃទី១៤ ខែកក្កដា។ ការជ្រើសរើសអង្គភាពគំរូនេះត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលមើលឃើញថា លើសពីការប្រកួតប្រជែងដើម្បីទទួលពានរង្វាន់ ដោយយន្តការវាយតម្លៃកំពុងត្រូវបានប្រើជាឧបករណ៍ជំរុញអង្គភាពសាធារណៈឱ្យពិនិត្យមើលការអនុវត្ត និងកែលម្អសេវារបស់ខ្លួន។ លោក ហ៊ុន ម៉ានី បានចាត់ទុកសមិទ្ធផលរបស់អង្គភាពជ័យលាភីថា មិនមែនជាមោទនភាពផ្ទាល់ខ្លួនរបស់សាលារៀន ឬមណ្ឌលសុខភាពនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការរីកចម្រើន និងជាផ្លែផ្កានៃការកែទម្រង់រដ្ឋបាលសាធារណៈ។ លោកបានកោតសរសើរចំពោះអង្គភាពក្នុងវិស័យអប់រំ និងសុខាភិបាល ដែលបានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អង្គភាពដែលមិនទាន់ទទួលបានជ័យលាភី ឱ្យបន្តកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ លោក ហង់…
ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) មិនមែនគ្រាន់តែជា ឧបករណ៍សម្រាប់កម្សាន្ត ឬការទំនាក់ទំនងទូទៅនោះទេ ប៉ុន្តែវាបានក្លាយជាស្ពានចម្លងដ៏សំខាន់និងជាមុខមាត់ផ្លូវការរបស់ស្ថាប័នរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនិងអន្តរជាតិផងដែរ។ ថ្មីៗនេះ ការជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្តាញសង្គម ជុំវិញការបង្ហោះព័ត៌មានរឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រហ្វេសប៊ុក ( Facebook Page) ផ្លូវការរបស់ស្ថាប័នថ្នាក់ជាតិ បានរំលេចចេញនូវតម្រូវការចាំបាច់មួយ៖ ការពិនិត្យឡើងវិញនិងការ ខណ្ឌសីមាឱ្យបានដាច់ស្រឡះរវាង «កិច្ចការស្ថាប័ន» និង «កិច្ចការបុគ្គល» ដែលជាសសរស្ដម្ភនៃរដ្ឋបាល សាធារណៈទំនើប។ ជាការពិត ការអបអរសាទរទារកទើបនឹងកើត ឬការសួរសុខទុក្ខគ្នាក្នុងរង្វង់ការងារគឺជាសីលធម៌ សាមគ្គីភាព និងជាវប្បធម៌ដ៏ល្អប្រពៃរបស់សង្គមខ្មែរ។ ទោះជាយ៉ាងណា នៅពេលដែលសកម្មភាពលក្ខណៈឯកជនទាំងនេះ ត្រូវបាននាំយកមកផ្សព្វផ្សាយនៅលើលំហផ្លូវការរបស់រដ្ឋបាលថ្នាក់ជាតិ វានឹងបង្កើតជាសំណួរភ្លាមៗអំពីស្តង់ដារវិជ្ជាជីវៈ និងទិដ្ឋភាពអភិបាលកិច្ច។ ដើម្បីឈ្វេងយល់ថាហេតុអ្វីបានជាការគូសបន្ទាត់ព្រំដែននេះមានសារៈសំខាន់ចំពោះការវិវត្តនៃរដ្ឋបាល សាធារណៈ យើងគួរពិនិត្យលើទិដ្ឋភាពគន្លឹះចំនួន ៣៖ ១. ម៉ាកសញ្ញាស្ថាប័ន (Institutional Branding) និងធនធានសាធារណៈ ទំព័រទំនាក់ទំនងផ្លូវការរបស់ក្រសួង ឬស្ថាប័នរដ្ឋ គឺជាទ្រព្យសម្បត្តិសាធារណៈ ដែលត្រូវបានបង្កើត និងគ្រប់គ្រងដោយប្រើប្រាស់ថវិកាជាតិ (បានមកពីកម្លាំងពន្ធរបស់ប្រជាពលរដ្ឋ)។ វេទិកាទាំងនេះតំណាងឱ្យ «កិត្យានុភាពរបស់រដ្ឋ» ទាំងក្នុងបរិបទជាតិ និងនៅលើឆាកអន្តរជាតិ។ ដូច្នេះ រាល់ខ្លឹមសារដែលត្រូវផ្សព្វផ្សាយត្រូវតែបម្រើឱ្យផលប្រយោជន៍សាធារណៈជាចម្បង ដូចជា ព័ត៌មានអំពីស្ថាប័ន ការផ្ដល់សេវា គោលនយោបាយ ឬការយល់ដឹងទូទៅ។ ការយកលំហសាធារណៈនេះមកលាយឡំជាមួយរឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គល ទោះក្នុងចេតនាល្អយ៉ាងណាក៏ដោយ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ភាពម៉ឺងម៉ាត់ និងលក្ខណៈវិជ្ជាជីវៈ (Professionalism) នៃស្ថាប័ន ព្រមទាំងខុសពីគោលដៅដើមនៃការប្រើប្រាស់ធនធានរដ្ឋ។ ២. អំណាចនៃតំណែង និងគោលការណ៍ស្ថាប័ននិយម ផ្អែកលើទស្សនទាននៃអភិបាលកិច្ចទំនើប អំណាច ឯកសិទ្ធិ និងឥទ្ធិពលទាំងឡាយ គឺភ្ជាប់ទៅនឹង «តំណែង និងស្ថាប័ន» មិនមែនជារបស់រូបវន្តបុគ្គលឡើយ។ មន្ត្រីសាធារណៈ គឺជាអ្នកគ្រប់គ្រង និងអនុវត្តអំណាចនោះជាបណ្ដោះអាសន្នដើម្បីបម្រើផលប្រយោជន៍រួម។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ ដើម្បីលើកកម្ពស់ ឬបង្ហាញពីជីវិតឯកជនរបស់ថ្នាក់ដឹកនាំ ងាយនឹងបង្កឱ្យមានការយល់ច្រឡំពីសាធារណជនថា ស្ថាប័នរដ្ឋកំពុងត្រូវបានចាត់ទុកជា «លំហផ្ទាល់ខ្លួន» ឬមានចរិតលក្ខណៈ «គ្រួសារនិយម» ដែលផ្ទុយស្រឡះពីគោលការណ៍ ស្ថាប័ននិយម (Institutionalism) ដែលរាជរដ្ឋាភិបាលកំពុងខិតខំកសាងនៅក្នុងរបៀបវារៈនៃការកែទម្រង់។ ៣. គោលការណ៍សមធម៌ និងវប្បធម៌សាមគ្គីភាពផ្ទៃក្នុង នៅក្នុងស្ថាប័នរដ្ឋនីមួយៗ មានមន្ត្រីរាជការ និងបុគ្គលិករាប់រយរាប់ពាន់នាក់ ដែលកំពុងលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចយ៉ាងសកម្ម និងស្ងៀមស្ងាត់។…
កោះកុង៖ ក្រសួងព័ត៌មានបានអះអាងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងបង្កើតការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដោយធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ មានទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាមុន មុននឹងចែករំលែកបន្ត ដែលក្រសួងចាត់ទុកថាបានបង្ហាញប្រសិទ្ធភាពយ៉ាងច្បាស់ក្នុងអំឡុងពេលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា បន្ទាប់ពីការអនុវត្តយុទ្ធនាការជំហានទី១ និងការពង្រីកទៅកាន់ជំហានទី២ គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ជាងមុនក្នុងការចែករំលែកព័ត៌មាន។ លោកបានថ្លែងថា: “ការវាយតម្លៃនេះធ្វើឡើងដោយផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃរបស់ក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិពីសាធារណជន”។ យោងតាមលោក អស្នារិទ្ធ អំឡុងពេលកើតមានព្រឹត្តិការណ៍តានតឹងតាមព្រំដែនកម្ពុជា-ថៃក្នុងរលកទី១ ព័ត៌មានមិនពិតជាច្រើន ដែលភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ ដែលបង្កការភាន់ច្រឡំ ប៉ះពាល់ដល់ស្មារតីសាធារណជន ការរួបរួមជាតិ និងទឹកចិត្តកងទ័ព។ ទោះជាយ៉ាងណា លោកអះអាងថា នៅពេលមានព្រឹត្តិការណ៍ក្នុងរលកទី២ ប្រជាពលរដ្ឋមិនបានប្រញាប់ចែករំលែកព័ត៌មានពីប្រភពមិនផ្លូវការ ឬប្រភពក្រៅប្រទេសដូចមុនទៀតឡើយ ប៉ុន្តែបានរង់ចាំការបញ្ជាក់ពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលអាចទុកចិត្តបាន។ លោកបានលើកឧទាហរណ៍ករណីទាហានកម្ពុជា៤នាក់រងរបួសនៅតំបន់ព្រំដែននាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ទោះបីមានព័ត៌មានបំផ្លើសនៅលើបណ្ដាញសង្គមថាមានអ្នកស្លាប់ក៏ដោយ ក៏អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនមិនបានចែករំលែកព័ត៌មាននោះបន្តទេ ហើយផ្ទុយទៅវិញ បានអំពាវនាវឱ្យរង់ចាំសេចក្ដីប្រកាសផ្លូវការពីអាជ្ញាធរជាមុនសិន។ លោកបានបន្ថែមថា សកម្មភាពនេះឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមានការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ជាងមុន ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃព័ត៌មានប្រឌិត ការញុះញង់ ឬការបំភ្លៃការពិត។ បើតាមអ្នកនាំពាក្យរូបនេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានជួយលើកកម្ពស់អក្ខរកម្មព័ត៌មាន និងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្លាស់ប្តូរពីអ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងសកម្ម មុននឹងចែករំលែកទៅកាន់អ្នកដទៃ។ លោកបានពណ៌នាថា យុទ្ធនាការនេះកំពុងដើរតួនាទីជា «ខែលសន្តិសុខព័ត៌មាន» សម្រាប់សង្គមឌីជីថល ដោយរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាម និងការបំភ្លៃការពិត មិនឱ្យរីករាលដាលក្នុងសង្គម ព្រមទាំងជួយរក្សាស្ថិរភាពសង្គម និងពង្រឹងទំនុកចិត្តលើប្រភពព័ត៌មានផ្លូវការ និងស្ថាប័នសារព័ត៌មានដែលអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌។ ក្នុងពិធីនោះដែរ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងអភិបាលខេត្ត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសិស្សានុសិស្សជាង៦០០នាក់ បានប្រកាសគាំទ្រយុទ្ធនាការនេះ និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់ការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»…
ទោះបានខកខានប្រកួតតំណែងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពីបានឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួត Sea Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា នៅតែអាចបង្ហាញសមត្ថភាពដ៏លេចធ្លោ ដើម្បីបង្ហាញទង់ជាតិកម្ពុជាឱ្យអន្តរជាតិបានឃើញ ប្រកបដោយមោទនភាព ក្រោយពួកគេ បានឈ្នះមេដាយមាស៥ និងប្រាស់២ ពីការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ ២០២៦ (Jet Ski World Series) ជុំទី១ នៅប្រទេសប៊ុលហ្គារីនោះ។ តាមរយៈការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 ដែលបានធ្វើពីថ្ងៃទី ៨ និងទើបបានបញ្ចប់ កាលពីថ្ងៃទី ១២ ខែកក្កដានេះ ក្រុមកីឡាករម៉ូតូទឹកទាំង៥នាក់របស់កម្ពុជា សុទ្ធតែដណ្តើមបានមេដាយជូនប្រទេសជាតិ ជាពិសេសកីឡាករវ័យក្មេង កៃ វ៉ាន់ស៊ីដែន ដែលឈ្នះមេដាយមាសចំនួន២ ចំណែកវីរកីឡាករ សាលី អូមើត ដែលជាប្រធានក្រុមម៉ូតូទឹកកម្ពុជា ក៏បានឈ្នះមេដាយមាស១ផងដែរ។ នៅក្នុងការប្រកួតនេះ កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាសទាំងលើវិញ្ញាសា Amateur Ski 4 Stroke Lites និងវិញ្ញាសារ Amatuer Ski Modified ចំណែក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស លើវិញ្ញាសារ Sport GP ដែលបង្ហាញថា ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម អ៊ូមើត នៅតែមានសមត្ថភាពខ្លាំង បើទោះបីជាពេលនេះ រូបគេ បានវិវឌ្ឍខ្លួនទៅជាអ្នកបណ្តុះបណ្តាលដល់អ្នកជំនាន់ក្រោយក៏ដោយ។ ជាមួយគ្នានេះ កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស ១ លើវិញ្ញាសារ Novice Ski Stock និងឈ្នះបានមេដាយប្រាក់១ទៀត…
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅខេត្តតាកែវ ដោយរថយន្តសណ្តោងខ្នាតធំ បានបុករះពេញទំហឹងទៅលើអ្នកជិះម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើន ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនតៃកុងឡាន ដែលបានរត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើតឡើងនៅភូមិតាយឹង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែតលេខ ៥៤ និង ៥៥ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ហើយគ្រប់គ្នា ដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ អះអាង ឃើញមនុស្សជាច្រើននាក់ បានដេកស្លាប់ និងរបួសនៅលើដងផ្លូវ ខណៈមួយចំនួនទៀត ត្រូវបានហោះប៉ើងធ្លាក់ទៅក្នុងប្រឡាយទឹក។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក នៅកន្លែងកើតហេតុ បានលាន់មាត់ទាំងក្តីរន្ធត់ថា «ឡានធំនេះ បើកលឿនខ្លាំងណាស់ ដូចហោះអ៊ីចឹង!»។ ល្បឿនដ៏លឿននេះហើយ ទើបធ្វើឱ្យតៃកុងឡាន មិនអាចគ្រប់គ្រងស្ថានការណ៍បើកបររបស់ខ្លួនបាន ដោយជ្រុលចង្កូតទៅបុករះម៉ូតូជាច្រើនគ្រឿង។ ក្រោយពេលកើតហេតុភ្លាមៗ បុរសជាតៃកុងឡានខ្នាតធំបង្កហេតុ បានឆ្លៀតឱកាសចលាចល បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវអ្នកស្លាប់ និងជនរងគ្រោះជាច្រើននាក់ ចំណែកឡាន ដែលជនល្មើសបានបើក មានស្លាកលេខ ភ្នំពេញ 3E-2004 ជាប្រភេទរថយន្តសណ្តោងខ្នាតធំ ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនតៃកុងឡានជាអ្នកបង្កហេតុ មកផ្ទន្ទាទោស។ ស្រ្តីម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍នេះផ្ទាល់ បាននិយាយតាមរយៈការឡាយវីដេអូរបស់ខ្លួនដោយក្តីរន្ធត់ថា៖ «មានគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តតាកែវ ហួសសំរោងយ៉ោង ធ្វើឱ្យមនុស្សស្លាប់ច្រើនណាស់! នៅកន្លែងប្រឡាយ មានច្រើនមែនទែន ហើយនៅកន្លែងនោះ ឡើងគរគ្នា ខ្ញុំអត់ហ៊ានទៅថតជិតទេ ព្រោះខ្លាច…។ មានឆេះម៉ូតូមួយទៀត ហើយឥឡូវនេះអ្នកដែលបង្កហេតុ បាននាំគ្នារត់កាត់វាលស្រែទៅបាត់អស់ហើយ»។ យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ជាបឋមរបស់អាជ្ញាធរខេត្តតាកែវ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅព្រឹកម៉ោង ៦:៣៥ ថ្ងៃទី១៣ ខែកក្កដានេះ គឺរវាងរថយន្តដឹកដែក និងម៉ូតូចំនួន ៣ គ្រឿង ដែលបង្កឱ្យមានជនរងគ្រោះសរុបចំនួន ៤នាក់ ក្នុងនោះស្លាប់៣នាក់ និងរបួសធ្ងន់ ១នាក់។ របាយការណ៍ដដែលនេះ បានបន្តថា អ្នកស្លាប់ទី ១ ឈ្មោះ នឹង ប៊ុនថា ភេទប្រុស អាយុ…
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ១,៤ ពាន់លានដុល្លារ ដោយធ្លាក់ចុះជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១(ខែមករា-មិថុនា) ឆ្នាំ២០២៦ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ១,៣៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៧,៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមាន២,១៩ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញថៃនាំមកកម្ពុជា ១,០១ ពាន់លានដុល្លារ ថយចុះ ៤១,៩% និងទំនិញកម្ពុជានាំទៅថៃវិញ ៣៥៧,២១ លានដុល្លារ ថយចុះ ២០,៣%។ ផ្អែកតាមតួលេខ គឺក្នុងឆមាសទី១ ឆ្នាំ២០២៦ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៦៥៦,៧៩ លានដុល្លារ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែកក្កដាថា ការបង្កសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតីភាពកម្ពុជាដែលជំរុញឱ្យប្រជាជនខ្មែរធ្វើពហិការលើផលិតផលថៃ គឺជាហេតុផលចម្បងដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ធ្លាក់ចុះ។ លោកបន្តថា ទន្ទឹមនឹងការធ្វើពហិការផលិតផលថៃ សមត្ថភាពនៃខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាក៏កំពុងមានសម្ទុះកើនឡើងលឿនផងដែរ។ លោកប្រាប់ទៀតថា ភាគច្រើននៃទំនិញថៃដែលនាំមកកម្ពុជាក្នុងពេលនេះគឺជាវត្ថុធាតុដើម គ្រឿងផ្សំ ឬគ្រឿងបង្គុំសម្រាប់បម្រើឱ្យផលិតកម្មរបស់រោងចក្រ សហគ្រាស និងអ្នកវិនិយោគនៅក្នុងកម្ពុជា ដែលធ្លាប់នាំចូលកន្លងមក។ លោកបានថ្លែងថា៖«ផលិតផលដែលធ្លាប់នាំចូលពីប្រទេសថៃមួយចំនួន នៅពេលនេះត្រូវបានរោងចក្រ/សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាធ្វើការផលិត ឬកែច្នៃបានដោយខ្លួនឯង។ ចំណែកផលិតផលខ្លះទៀតដែលធ្លាប់នាំចូលពីប្រទេសថៃ ក៏ត្រូវបានជំនួសដោយការនាំចូលពីប្រទេសផ្សេងៗដូចជា វៀតណាម ចិន និងកូរ៉េ ជាដើម»។ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានជំរុញប្រជាជនខ្មែរឱ្យកាត់បន្ថយ ឬធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ លំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តធ្លាក់ចុះថែមទៀតប្រសិនបើការបិទព្រំដែនពីសំណាក់ភាគីថៃនៅតែបន្ត។ លោកប្រាប់ទៀតថា សម្រាប់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ គឺមិនមានឡើយនៅពេលនេះ ប៉ុន្តែគេអាចធ្វើបានតាមរយៈការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬតាមផ្លូវទឹក និងផ្លូវអាកាស។ លោកបានអះអាងថា៖«ខ្ញុំគិតថា កំណើនសមត្ថភាពផលិតកម្មក្នុងស្រុក និងនិន្នាការនៃការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាជនខ្មែរ…