កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី។ ប្រតិបត្តិការចុះបង្រ្កាបនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដានេះ គឺកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ រួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយទីតាំងដែលត្រូវបានបង្ក្រាបគឺស្ថិតនៅផ្ទះលេខ C១៦ ផ្លូវ BL០២ បុរីប៊ុនលីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ក្នុងនោះមានស្រីម្នាក់។ ជនសង្ស័យទាំងនោះរួមមានជនជាតិបង់ក្លាដេសចំនួន ៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ (ស្រី)។ ក្រៅពីនេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈមួយចំនួនធំ ដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស រួមមានកុំព្យូទ័រយួរដៃ (laptop) ចំនួន ១២គ្រឿង ទូរសព្ទដៃចំនួន ១៧គ្រឿង ដុំ Wifi ចំនួន ១គ្រឿង ដុំ modem ចំនួន ១គ្រឿង អង្គចងចាំ (USB Flash) និងក្រដាសប្រាក់ដុល្លារសែន ចំនួន ៤៩សន្លឹក ដែលត្រូវបានប្រើសម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ។ យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ជនសង្ស័យខាងលើ បានប្រើប្រាស់ប្រទេសកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយពួកគេបានប្រើប្រាស់រូបភាព «អូសទាញលួងលោមស្នេហា» (Romance Scams) ដើម្បីទាក់ទាញជនរងគ្រោះ ហើយបន្តបោកប្រាស់ឱ្យដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។ សមត្ថកិច្ចបានបញ្ជាក់ថា «គោលដៅសំខាន់នៃក្រុមជនល្មើសនេះ គឺផ្តោតទៅលើប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក…
Author: ngornleng nam
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដ៏ថ្លៃថ្លានៃការប្រារព្ធខួបទិវាឯករាជ្យភាពសហរដ្ឋអាមេរិក ខ្ញុំកាន់តែមានជំនឿចិត្តយ៉ាងមុតមាំទៅលើឥទ្ធិពលដ៏ស្ថិតស្ថេរនិងចីរកាលនៃផ្នត់គំនិតសហរដ្ឋអាមេរិក ដែលផ្នត់គំនិតនេះគឺមិនមែនកើតចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតែមួយ ចលនានយោបាយណាមួយ ឬមេដឹកនាំណាម្នាក់នោះឡើយ ប៉ុន្តែវាគឺជាកត្តារួមផ្សំ និងការវិវត្តនៃកម្លាំងចលករទាំងអស់នេះ ដែលបានបង្កើតឱ្យមានជាប្រជាជាតិសហរដ្ឋអាមេរិកនេះឡើង។ ផ្នត់គំនិតសហរដ្ឋអាមេរិកគឺផ្តើមផុសចេញពីគោលការណ៍គ្រឹះដែលថាសហរដ្ឋអាមេរិកបានចងភ្ជាប់គ្នា ហើយគឺមិនមែនដោយសារតែខ្សែស្រឡាយពីដូនតា ពូជសាសន៍ ឬជនជាតិនោះទេ ប៉ុន្តែគឺដោយសារតែភាពស្មោះត្រង់ចំពោះរាល់គោលការណ៍ជាសកល ដែលមានចែងយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសឯករាជ្យភាព រួមមាន៖ សមភាព សេរីភាព និងស្វ័យរដ្ឋាភិបាល។ ទោះជាយ៉ាងណា នៅខណៈពេលដែលប្រជាជាតិសហរដ្ឋអាមេរិកបានចាប់ផ្តើមកកើតឡើងជាមួយនឹងគោលការណ៍ទាំងអស់នេះ ទស្សនវិជ្ជាសហរដ្ឋអាមេរិកស្តីពីរបបគ្រប់គ្រងរដ្ឋ ការដឹកនាំ និងមនុស្សធម៌ មានអត្ថន័យកាន់តែជ្រាលជ្រៅ និងជាប្រភពបំផុសគំនិតដ៏មានឥទ្ធិពលខ្លាំងក្លាលើសគេ សម្រាប់សហគមន៍អន្តរជាតិ និងប្រវត្តិសាស្ត្រពិភពលោក។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនភៀសខ្លួនខ្មែរម្នាក់ សហរដ្ឋអាមេរិកគឺមិនមែនត្រឹមតែជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ជោគវាសនាផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីពំនាក់និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដើម្បីចូលរួមចំណែកគាំទ្រដល់ការកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយការបំផ្លិចបំផ្លាញនៃសង្គ្រាមដែលមិនអាចនឹកស្មានដល់ ការអត់ឃ្លាន ខ្លោចផ្សា និងអំពើអមនុស្សធម៌ដ៏ឃោរឃៅបំផុត។ សហរដ្ឋអាមេរិកបានផ្តល់ឱកាសដល់ខ្ញុំ។ រីឯផ្នត់គំនិតសហរដ្ឋអាមេរិក គឺបានបន្ថែមទាំងកម្លាំងជំរុញលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏រុងរឿងដល់ជីវិតខ្ញុំ។ គំនិតចម្បងនៃការកំណត់ថា “តើអ្វីទៅគឺជាជនជាតិអាមេរិកពិតប្រាកដនោះ? ទស្សនមួយនេះត្រូវបានគេយល់ច្រឡំដោយផ្អែកទៅលើរូបរាង ចំណង់ចំណូលចិត្ត ឬលក្ខណៈសម្គាល់ដទៃទៀតលើផ្នែកសំបកក្រៅនៃរូបរាងកាយ ដែលការគិតទាំងនេះទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីគំនិតដ៏ចាស់គំរឹលមួយ ឬការវាយតម្លៃដោយខ្វះការយល់ដឹងច្បាស់លាស់ទៅលើប្រជាជនសហរដ្ឋអាមេរិក។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា និយមន័យនៃជនជាតិអាមេរិកគឺត្រូវតែចាប់ផ្តើមចេញពី ផ្នត់គំនិត និងស្មារតី ពីព្រោះកត្តាទាំងនេះហើយ ដែលជាឥទ្ធិពលនៃ “ផ្នត់គំនិតសហរដ្ឋអាមេរិក” ដែលចាក់ឫសយ៉ាងមាំ ស្ថិតស្ថេរ និងចីរកាលដ៏យូរអង្វែងបំផុត។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ព្រមទាំងសូមប្រសិទ្ធពរជ័យ និងជូនពរដោយស្មោះអស់ពីចិត្ត ក្នុងទិវាឯករាជ្យភាពសហរដ្ឋអាមេរិកគម្រប់ ខួប២៥០ឆ្នាំនេះ។ ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ស្ថាបនិក/ នាយក នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់ទៅមន្ត្រីតទូតនិងអង្គការអន្តរជាតិជាង ៤០ ថា មិនមានអ្វីពិបាកទេក្នុងការកាត់បន្ថយភាពតានតឹងនិងបង្កើនការទុកចិត្តគ្នារវាងកម្ពុជា និងថៃ នោះគឺគ្រាន់តែភាគីថៃ បញ្ជូនក្រុមការងារ JBC មកធ្វើការជាមួយកម្ពុជា គឺជាជំហានដ៏សំខាន់ដើម្បីកាត់បន្ថយភាពតានតឹង។ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ បានធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលផ្សព្វផ្សាយនៅថ្ងៃទី៦ កក្កដានេះ។ នៅក្នុងជំនួបនេះ លោកស្រីបានបង្ហាញពីការព្យាយាមរបស់យោធាថៃក្នុងការពង្រឹងការកាន់កាប់នៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ លោកស្រីបានរំលឹកប្រាប់ដល់អង្គទូតទាំងអស់អំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ»។ ក្រសួងបន្តថា៖ «ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបានឯកភាពគ្នា»។ ក្រសួងបន្តថា ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក ភាគីថៃបានគេចវេះមិនបំពេញតាមកាតព្វកិច្ចដូចដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម ហើយពួកគេបន្តសកម្មភាពខុសច្បាប់ បង្កើតស្ថានភាពថ្មីលើទីតាំងដែលពួកគេកាន់កាប់ដោយឥតឈប់ឈរ។ លោកស្រី អ៊ាត សោភា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ វាមានរយៈពេលជាងកន្លះឆ្នាំហើយ ចាប់តាំងពីបទឈប់បាញ់ចុងក្រោយបានចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឈានដល់ការដោះលែងទាហានកម្ពុជា ១៨រូប នៅថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែ យោធាថៃមិនបានបញ្ឈប់សកម្មភាពនៅលើដីដែលពួកគេកាន់កាប់នោះទេ ដូចជាការដាក់បន្លាលួស ទូរកុងតឺន័រ សាងសង់ហេរដ្ឋារចនាសម្ព័ន្ធរឹងនានា។ គិតត្រឹមថ្ងៃទី៦ ខែកក្កដា នេះ នៅមានពលរដ្ឋកម្ពុជាជិត ២១.០០០នាក់ទៀតដែលមិនទាន់អាចត្រឡប់ទៅទីលំនៅ ភូមិកររបស់ខ្លួន ដោយសារតែការទីតាំងរបស់ពួកគេត្រូវបានយោធាថៃបំផ្លាញ និងកំពុងកាន់កាប់។ នេះបើតាមក្រសួងមហាផ្ទៃ៕
ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់វិនិយោគិនកូរ៉េនៅក្នុងប្រទេសកម្ពុជានឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីផ្នែកឯកជននៃប្រទេសទាំង ២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(Memorandum of Understanding – MoU) ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ធុរជននៃប្រទេសទាំងពីរអាចធ្វើការជាមួយកាន់តែសកម្មថែមទៀត។ MoU នេះត្រូវបានធ្វើឡើងរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហាន់ ឃាង អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងលោក រ៉ូប៊ីន គីម ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (Robin Kim, President of the Korean Chamber of Commerce in Cambodia)។ MoU នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងឱកាសធុរកិច្ច ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ធនធាន សក្តានុពល និងបណ្តាញទំនាក់ទំនងរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។ MoU នេះក៏នឹងក្លាយជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជា ការគាំទ្រដល់ការចូលទីផ្សារ និងការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មអាទិភាព, ការរៀបចំវេទិកាធុរកិច្ច, និងជំនួបផ្គូផ្គងធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងឱកាសវិនិយោគ ព្រមទាំងការសម្របសម្រួលលើគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។ សមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា៖«ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដើម្បីបង្កើតឱកាសថ្មីៗជូនដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ»។ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៦ ខែកក្កដាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កំពុងជួយឱ្យការធ្វើពាណិជ្ជកម្ម និងការបណ្តាក់ទុនរវាងប្រទេសទាំង ២ ល្អប្រសើរជាបន្តបន្ទាប់។ លោកបន្តថា វិនិយោគិនកូរ៉េ អាចត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយដែលចូលមកវិនិយោគនៅកម្ពុជាក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក។ គម្រោងវិនិយោគរបស់កូរ៉េ មានភាគច្រើនក្នុងវិស័យអចលនទ្រព្យ សំណង់ កសិកម្ម រោងចក្រកែច្នៃផលិតផលកសិកម្ម និងវិស័យហិរញ្ញវត្ថុ។ លោកប្រាប់ទៀតថា ដើម្បីទាក់ទាញវិនិយោគិនកូរ៉េឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចដែលមានការចូលរួមពីសំណាក់វិនិយោគិនក្នុងស្រុក និងកូរ៉េ។…
មណ្ឌលគិរីៈ ក្រុមការងារពីស្ថាប័នពាក់ព័ន្ធកំពុងតែបន្តធ្វើការស្រាវជ្រាវលើករណីរកឃើញសត្វគោងាប់ចំនួន ៦ក្បាលនៅក្នុងទីតាំងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យមួយកន្លែង ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងបរិស្ថានលោក លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបានទទួលព័ត៌មានពីករណីគោងាប់នោះ ហើយក្រុមការងារកំពុងតែបន្តស្រាវជ្រាវលើរឿងនេះ ដែលរួមមានទាំងការយកសំណាកទឹកនៅទីតាំងនោះមកធ្វើការពិសោធន៍រកមូលហេតុបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។ លោកបញ្ជាក់ថា សំណាកទឹកនោះអាចនឹងផ្ញើមកដល់រាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានធ្វើការចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ទៅតាមការណែនាំពីលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។ រដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា បន្ទាប់ពីការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងលម្អិតពីមន្រ្តីមន្ទីរបរិស្ថាន មន្រ្តីសុខាភិបាល មន្រ្តីមន្ទីររ៉ែ និងថាមពល និងមន្រ្តីផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ក្រុមការងារកម្លាំងចម្រុះបានសន្និដ្ឋានថា សត្វគោទាំង៦ក្បាលនោះ បានងាប់ប្រមាណជា៤ ទោ៥ថ្ងៃកន្លងមក។ រដ្ឋបាលខេត្តបញ្ជាក់ថា៖«ការងាប់នេះគឺដោយសង្ស័យបឋមថា ដោយសារផឹកទឹកអាងមានផ្ទុកសារធាតុគីមី ដែលហូរចេញពីអាងកិនរ៉ែ នៅតំបន់អនាធិបតេយ្យនេះ។ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឯកភាពគ្នា រកវិធីសាស្រ្តជីកកប់សត្វគោងាប់ និងលុបទីតាំងតែម្តង ថែមទាំងបានយកសំណាកទៅពិនិត្យ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់»។ កម្លាំងសមត្ថកិច្ចចម្រុះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយមិនត្រូវលែងសត្វពាហនៈឱ្យដើររកស៊ីជិតតំបន់សង្ស័យនោះ និងត្រូវចូលរួមរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណៈដែលអាជ្ញាធរកំពុងតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានរ៉ែអនាធិបតេយ្យ៕
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តចំនួន៤ ដែលជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់នេះ នៅតែបន្តកើតមានឡើង។ ការលើកឡើងបែបនេះរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។ លោក ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសលោកបានណែនាំដល់ «អាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលជាខេត្តតំបន់ព្រៃឡើង យកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ រហូតក្លាយជាតំបន់រិចរិល»។ គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់ ជាតំបន់ការពារធម្មជាតិដ៏សំខាន់នៅភាគខាងជើង-កណ្ដាលប្រទេសកម្ពុជា ដោយមានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ ព្រៃនេះ ត្រូវបានចាត់ទុកជាព្រៃវាលទំនាបត្រូពិចធំជាងគេ និងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ ព្រៃឡង់ ចូលជា «ដែនជម្រកសត្វព្រៃ» នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋាភិបាលកម្ពុជា បានកែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ពីផ្ទៃដីទំហំជាង ៤៣ម៉ឺន (៤៣១ ៦៨៣) ហិកតា មកផ្ទៃដីទំហំជាង ៤៨ម៉ឺន (៤៨៩ ៦៦៣) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពង់ធំ តស្ទឹងត្រែង និងព្រះវិហារ។ តាមរបាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ កាលពីឆ្នាំ២០២២ បានបង្ហាញថា ២០២១ គឺជាឆ្នាំដែលមានការបាត់បង់គម្របព្រៃឈើខ្ពស់បំផុត មិនធ្លាប់មាននៅកម្ពុជា និងថា ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់គម្របព្រៃឈើជាង ១១,១០០ហិកតា។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា គិតចាប់តាំងពីឆ្នាំ២០០០មក គម្របព្រៃឈើក្នុងដែនជម្រកព្រៃឡង់ បានបាត់បង់ចំនួន ៦៧,៤០០ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់។ បើទោះបីជាមានការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី តែរហូតមកដល់បច្ចុប្បន្ននេះ ដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែរងការកាប់ និងទន្ទ្រានយកដីជាកម្មសិទ្ធិគួរឱ្យព្រួយបារម្ភ។របាយការណ៍របស់អាជ្ញាធរ…
មន្រ្តីក្រសួងរ៉ែ និងថាមពល បានចាត់ទុកករណីហិង្សារបស់ប្រជានេសាទនៅខេត្តព្រៃវែង ទៅលើក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ថា ជាទង្វើខុសច្បាប់ ព្រោះក្រុមហ៊ុនចតុមុខ បានទទួលអាជ្ញាបណ្ណបូបខ្សាច់នៅទីតាំងនោះ ដោយស្របច្បាប់តាំងពីឆ្នាំ ២០២០មក។ ជុំវិញហេតុការណ៍ ដែលបានកើតមានឡើង កាលពីថ្ងៃទី២ ខែកក្កដា កន្លងមកនេះ មន្រ្តីក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និសីទកាសែតមួយ កាលពីថ្ងៃទី ៥ ដើម្បីធ្វើការបកស្រាយ ក៏ដូចជាបញ្ជាក់ទៅលើបញ្ហា ដែលបានកើតមានឡើងនេះ ចៀសវាងមានការភាន់ច្រឡំ កាន់តែខ្លាំងដល់មហាជន ដែលបានឃើញហេតុការណ៍នេះ ត្រឹមខ្សែវីដេអូ ដែលបានបង្ហោះតាមបណ្តាញសង្គម។ នៅក្នុងសន្និសីទកាសែតនោះ លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា៖ «ទីតាំងកើតហេតុនេះ ជាទីតាំងដែលក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាបណ្ណជូនទៅក្រុមហ៊ុន ដើម្បីធ្វើប្រតិបត្តិការបូមខ្សាច់នៅទីនោះ ហើយពេលក្រុមការងារចុះទៅពិនិត្យ ឃើញថា ទីតាំងនោះ ជាទីតាំង ដែលក្រុមហ៊ុន បានអនុវត្តស្របតាមបទដ្ឋានគតិយុត្ត ពិសេសអនុវត្តអនុលោមភាពទៅតាមអាជ្ញាប័ណ្ណ ដែលក្រសួងបានចេញជូន ហើយនេះមិនមែនជាទីទាំងថ្មីទេ គឺជាទីតាំងចាស់ ដែលបានអនុវត្តចូល៤ទៅ៥ឆ្នាំហើយ»។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការប្រព្រឹត្តខុសច្បាប់របស់ប្រជានេសាទ ទៅលើកម្មកររបស់ក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ «ពាក់ព័ន្ធទៅព្រឹត្តិការណ៍ដែលបងប្អូនប្រជាពលរដ្ឋ បានប្រើអំពើហិង្សាទៅលើបងប្អូន ដែលជាអ្នកអនុវត្តប្រតិបត្តិការធនធានរ៉ែរបស់គាត់ វាជាអំពើមួយ ដែលពិបាកទទួលយកបានតាមក្របខ័ណ្ឌច្បាប់»។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើការរាយការណ៍មកក្រសួងរ៉ែ និងថាមពល បើសិនជាមានករណីសង្ស័យណាមួយថា មានប្រតិបត្តិការធនធានរ៉ែ ឬបូមខ្សាច់ដោយខុសច្បាប់ ដោយក្រសួង នឹងរក្សាភាពសម្ងាត់ជូន១០០ភាគរយ ហើយទទួលយកនូវរាល់ព័ត៌មាន និងការប្តឹងផ្តល់ ដើម្បីក្រសួងបានបកស្រាយ ឬបញ្ជាក់ជូនត្រឡប់ទៅវិញ ចៀសវាសការប្រព្រឹត្តខុសនឹងច្បាប់។ គួរបញ្ជាក់ថា តាមរយៈវីដេអូរយៈពេលជាង១៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី ២ ខែកក្កដាកន្លងមកនេះ គឺប្រជាជន និងប្រជានេសាទ នៅខេត្តព្រៃវែង បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង។ ប៉ុន្តែលោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដែលបានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅកន្លែងកើតហេតុនោះ បានអះអាងថា ទីតាំងបូមខ្សាច់នេះ ស្ថិតនៅក្នុងខេត្តកណ្តាល…