Author: ngornleng nam

កំពង់ស្ពឺៈ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារចំនួន ៥៥១ នាក់ទៅកាន់ទីតាំងមានសុវត្ថិភាព នៅភូមិតាំងបំពង់ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ។ ក្រុមអ្នកទេសចរទាំងនោះត្រូវបានជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងមកនេះ។ បន្ថែមពីនោះ ក្រុមការងារក៏បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីជំនាញក្រ​សួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សាឱ្យមានសុវត្ថិភាពទាំងអស់។ កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ។ សហគមន៍ខ្នងផ្សារ (Khnang Phsa Community) បានជូនដំណឹងដល់សាធារណជនថា រយៈពេល៣ថ្ងៃនេះ គឺថ្ងៃទី១១ ដល់១៣ កក្កដា ២០២៦ មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅតាមស្ទឹង អូរ និងផ្លូវជិះម៉ូតូឡើងលើភ្នំខ្នងផ្សារមិនអាចធ្វើដំណើរបាន។ ស្ថានភាពនេះបានធ្វើឱ្យរាំងស្ទះ និងជាប់គាំងភ្ញៀវទេសចរណ៍និងមធ្យោបាយធ្វើដំណើរ ដែលតម្រូវឱ្យភ្ញៀវស្នាក់នៅទីតាំងលំ​ហែបៃតង និងរងចាំស្ថានភាពភ្លៀងធូរស្រាលសិន។ ចំពោះអាហារ និងការស្នាក់នៅ គឺមិនមានបញ្ហាអ្វីនោះទេ ហើយភ្ញៀវទេសចរណ៍មានសុវត្ថិភាពទាំងអស់គ្នា។ ដោយឡែក សហគមន៍អេកូទេសចរណ៍ជីផាត ក្នុងខេត្តកោះកុងក៏បានប្រកាសផងដែរថា ដោយសារមានភ្លៀងធ្លាក់នៅយប់ថ្ងៃទី ១១ វេលាម៉ោង ៩យប់រហូតដល់ថ្ងៃ១២ កក្កដា បានបណ្តាលឱ្យសន្ទុះទឹកភ្នំហក់ឡើងយ៉ាងខ្លាំង។ ហេតុនេះ ទើបបណ្តាលឱ្យទឹកព្រែកជីផាតហូរខ្លាំង និងតាមបណ្តាទឹកធ្លាក់ ក៏ទឹកហូរខ្លាំង មិនអាចបន្តឆ្លងសាឡាងបាននោះទេ។ សហគមន៍បានអំពាវនាវអ្នកទេសចរ ដែលគេងនៅក្បែរទឹកធ្លាក់ ទឹកជ្រោះ បោះតង់កម្សាន្តតាមទឹកជ្រោះមាត់ព្រែក ឱ្យរកកន្លែងមានសុវត្ថិភាព និង បង្កើនការប្រុងប្រយ័ត្នខ្ពស់។ បើសិនធ្វើដំណើរទៅមើលទឹកធ្លាក់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអង្គុយនៅតាមកញ្ចុះមាត់ព្រែក ឬតាមកន្លែងទឹកធ្លាក់ ដើម្បីសុវត្តិភាព៕

Read More

ភ្នំពេញ: ប្រពៃណីតម្បាញសូត្រមួយដែលស្ទើរតែត្រូវបានលុបបំបាត់ក្នុងអំពើប្រល័យពូជសាសន៍នៃរបបខ្មែរក្រហម កំពុងត្រូវបានអភិរក្សឡើងវិញ តាមរយៈការចងចាំរបស់ស្ត្រីជនជាតិចាម ខណៈកម្ពុជាកំពុងសម្លឹងមើលបេតិកភណ្ឌសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនជាគោលដៅទេសចរណ៍មិត្តភាពមូស្លីម។ គំនិតផ្តួចផ្តើម «សូត្រចាម» របស់បណ្ណាល័យសម្តេចម៉ែ គឺជាផលិតផលវប្បធម៌មួយក្នុងចំណោមផលិតផលដែលត្រូវបានដាក់តាំងបង្ហាញក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មិត្តភាពមូស្លីម ឆ្នាំ២០២៦ ដោយបង្ហាញពីរបៀបដែលប្រពៃណីតម្បាញកំពុងប្រឈមនឹងការបាត់បង់ អាចផ្សារភ្ជាប់ការចងចាំប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ស្ត្រី និងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។ តាមរយៈគម្រោង «សូត្រចាម៖ ពណ៌នៃការចងចាំ» (Cham Silk: The Color of Memory) គំនិតផ្តួចផ្តើមនេះមានគោលបំណងស្ដារឡើងវិញនូវសូត្រចាមប្រពៃណី ដោយផ្អែកលើចំណេះដឹង និងការចងចាំដែលនៅរស់រវើករបស់ស្ត្រីចាម ដែលនៅតែចងចាំពីសិល្បៈ និងបច្ចេកទេសតម្បាញ ដែលធ្លាប់ប្រឈមនឹងហានិភ័យបាត់បង់។ ពិព័រណ៍នេះត្រូវបានទស្សនាដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអំឡុងវេទិកា និងពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក និងបង្ហាញកម្ពុជាជាគោលដៅប្រកបដោយសុវត្ថិភាព ភាពស្រស់ស្អាត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរមូស្លីម។ ទោះជាយ៉ាងណា សម្រាប់គំនិតផ្តួចផ្តើមសូត្រចាម ក្រណាត់ទាំងនេះផ្ទុកប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ លើសពីពណ៌ និងក្បូរក្បាច់របស់វា។ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនៅកម្ពុជា។ យោងតាមព័ត៌មានដែលបង្ហាញដោយគំនិតផ្តួចផ្តើមនេះ ជនជាតិចាមចន្លោះពី ២០ម៉ឺន ទៅ៤០ម៉ឺននាក់បានបាត់បង់ជីវិត ខណៈស្ត្រីមានប្រមាណ ៦៥ភាគរយ ក្នុងចំណោមអ្នករស់រានមានជីវិតដែលត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ២០ម៉ឺននាក់។ អ្នកស្រី សូ ហ្វារីណា នៃ «សូត្រចាម និងទេសចរណ៍សហគមន៍» បានឱ្យដឹងថា: “បន្ទាប់ពីដំណើរការនីតិវិធីផ្លូវច្បាប់អស់រយៈពេល ១៦ឆ្នាំ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម”។ ប៉ុន្តែអ្នកស្រីបានលើកឡើងថា គម្រោងសូត្រចាមយល់ឃើញថា ការទទួលស្គាល់តាមផ្លូវច្បាប់តែមួយមុខ មិនអាចស្ដារឡើងវិញនូវប្រពៃណី ចំណេះដឹង និងជីវិតដែលបានបាត់បង់ក្នុងសម័យនោះបានឡើយ។ យោងតាមគំនិតផ្តួចផ្តើមសូត្រចាមរបស់បណ្ណាល័យសម្តេចម៉ែបានបញ្ជាក់ថា៖ «យើងស្ដារសូត្រចាមឡើងវិញ តាមរយៈការចងចាំដែលនៅរស់រវើករបស់ស្ត្រី ដែលនៅតែចេះពីរបៀបត្បាញវា។ ការចងចាំមិនអាចត្រូវបានលុបបំបាត់ឡើយ។ វារស់នៅក្នុងសរសៃសូត្រគ្រប់សរសៃ»។ ហេតុនេះ គម្រោងនេះកំពុងធ្វើការជាមួយស្ត្រីដែលនៅតែរក្សាចំណេះដឹងអំពីការតម្បាញរបស់ជនជាតិចាម ដើម្បីស្ដារឡើងវិញនូវប្រពៃណីមួយដែលធ្លាប់ស្ទើរតែបាត់បង់ទាំងស្រុង។ តាមរយៈការប្រែក្លាយការចងចាំទាំងនោះទៅជាផលិតផលវប្បធម៌ដែលអាចមើលឃើញ និងប៉ះបាន សូត្រចាមបានឈរនៅចំណុចប្រសព្វរវាងការអភិរក្សបេតិកភណ្ឌ ការចងចាំប្រវត្តិសាស្ត្រ និងសហគ្រាសប្រកបដោយចីរភាព។ ការចូលរួមរបស់គម្រោងក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មិត្តភាពមូស្លីម ក៏បង្ហាញពីឱកាសកាន់តែទូលំទូលាយសម្រាប់សហគមន៍ចាមនៅកម្ពុជា ខណៈរដ្ឋាភិបាលកំពុងស្វែងរកការអភិវឌ្ឍផលិតផលទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។ ទេសចរណ៍សហគមន៍ត្រូវបានចាត់ទុកជាស្នូលដ៏សំខាន់នៃទេសចរណ៍មិត្តភាពមូស្លីម ព្រោះវាអនុញ្ញាតឱ្យអ្នកដំណើរទទួលបានបទពិសោធដោយផ្ទាល់ជាមួយប្រជាជន ទីកន្លែង ប្រវត្តិសាស្ត្រ វប្បធម៌ និងសេវាកម្មក្នុងមូលដ្ឋាន…

Read More

ពិធីបុណ្យផ្កាយជប៉ុន ឬពិធីបុណ្យ Tanabata ដែលតែងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងជប៉ុន តាមរយៈសកម្មភាពសិល្បៈ ប្រពៃណី និងការអប់រំ។ ពិធីបុណ្យ Tanabata មានប្រភពចេញពីរឿងព្រេងនិទានបុរាណរបស់ជប៉ុន អំពីតារា Orihime និង Hikoboshi ដែលត្រូវបានអនុញ្ញាតឱ្យជួបគ្នាតែម្តងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ខែកក្កដា។ ជាប្រពៃណីនៅថ្ងៃបុណ្យនេះ ប្រជាជនជប៉ុនតែងសរសេរបំណងប្រាថ្នារបស់ខ្លួនលើបន្ទះក្រដាសពណ៌ (Tanzaku) ហើយព្យួរនៅលើដើមឫស្សី ដោយជឿថាបំណងប្រាថ្នាទាំងនោះនឹងបានសម្រេច។ ក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ពិធីបុណ្យតាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសជប៉ុន ដែលប្រជាជននិយមសរសេរសេចក្តីប្រាថ្នារបស់ខ្លួននៅលើបន្ទះក្រដាសពណ៌ និងព្យួរនៅលើដើមឫស្សី ដោយមានជំនឿថា បំណងប្រាថ្នាទាំងនោះនឹងក្លាយជាការពិត។ លោកបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យនេះនៅកម្ពុជា គឺជាឱកាសមួយសម្រាប់ការចែករំលែកវប្បធម៌ និងប្រពៃណីជប៉ុន ព្រមទាំងបង្កើនការយល់ដឹង និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ នៅកម្ពុជា ពិធីបុណ្យនេះបានក្លាយជាវេទិកាមួយដែលនាំយកវប្បធម៌ជប៉ុនមកកាន់សាធារណជន តាមរយៈការសម្តែងសិល្បៈប្រពៃណី ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ សិក្ខាសាលាវប្បធម៌ និងសកម្មភាពកម្សាន្តជាច្រើន ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានស្វែងយល់ពីអត្តសញ្ញាណវប្បធម៌ជប៉ុនដោយផ្ទាល់។ ជាមួយគ្នានេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​ចូលរួម​ក្នុង​កម្មវិធីនេះ បានកោតសរសើរចំពោះការរៀបចំពិធីបុណ្យនេះ ដោយចាត់ទុកថា វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ។ លោកបានលើក​ឡើង​ថា៖ «ពិធីបុណ្យផ្កាយ គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីប្រពៃណី និងវប្បធម៌ជប៉ុន ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងជប៉ុន»។ លោកបានបន្ថែមថា៖ «មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកអប់រំ វប្បធម៌ និងការបណ្តុះបណ្តាល ខណៈទំនាក់ទំនងកម្ពុជា-ជប៉ុនបន្តរីកចម្រើនលើវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា និងការអភិវឌ្ឍធនធានមនុស្ស»។ មន្ត្រីកម្ពុជា និងតំណាងជប៉ុន ដែលបានចូលរួមក្នុងពិធីបុណ្យនេះ បានវាយតម្លៃស្របគ្នាថា Tanabata Festival មិនមែនជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការកសាងការយល់ចិត្តគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការរក្សាប្រពៃណី Tanabata និងការបើកឱ្យសាធារណជនចូលរួមយ៉ាងទូលំទូលាយ មិនត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរបានជួបជុំ សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក…

Read More

ខេត្តពោធិ៍សាត់: ទោះមានឱកាសបន្តការសិក្សា និងរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅកន្លែងភៀសសឹក កុមារា ម៉ាច រស្មី នៅតែមានបំណងតែមួយ គឺចង់ត្រឡប់ទៅផ្ទះនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានឆាប់បំផុត។ សម្រាប់សិស្សថ្នាក់ទី៣រូបនេះ ការវិលត្រឡប់ទៅផ្ទះមានន័យថា គេអាចត្រឡប់ទៅសាលារៀនដែលធ្លាប់ស្គាល់ ទៅមើលដីរបស់គ្រួសារ និងបន្តជីវិតដូចមុន ដោយរៀនផង និងជួយដាំដំណាំ និងចិញ្ចឹមមាន់ទាផង។ កុមារា រស្មី ប្រាប់ភ្នំណេញប៉ុស្ដិ៍ថា; «ចង់ទៅផ្ទះឱ្យបានលឿន»។ រស្មី បានចាកចេញពីផ្ទះនៅតំបន់ថ្មដាក្រោយការសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ អស់រយៈពេលជាច្រើនខែមកហើយ គេមិនបានត្រឡប់ទៅមើលផ្ទះ សាលារៀន ដីដាំដំណាំ និងសាច់ញាតិដែលរស់នៅទីនោះឡើយ។ កំពុងកត់មេរៀន សិស្សថ្នាក់ទី៣ រូបនេះ បានបន្ដថា: «នឹកផ្ទះ និងនឹកសាលារៀន ហើយនឹកអ៊ំពូមីងនៅទីនោះ។ ខានទៅមើលគាត់យូរហើយ»។ នៅកន្លែងស្នាក់នៅបច្ចុប្បន្ន រស្មី នៅតែបន្តការសិក្សា។ គេទៅរៀននៅសាលារដ្ឋពេលព្រឹក និងពេលថ្ងៃ ហើយបន្តរៀនបន្ថែមនៅកន្លែងស្នាក់នៅទៀត។ គេហៅការសិក្សារបស់ខ្លួនថា «រៀន៣ដង» ក្នុងមួយថ្ងៃ។ រស្មី ទទួលស្គាល់ថា គេមានឱកាសរៀនច្រើនជាងកាលរស់នៅថ្មដា ដែលពីមុនគេរៀនតែមួយព្រឹក។ ប៉ុន្តែអ្វីដែលគេខ្វះ គឺផ្ទះ និងជីវិតដែលគេធ្លាប់មាននៅទីនោះ។ រស្មី និយាយថា: «នៅទីនេះបានរៀន តែអត់បានធ្វើអី។ បាននៅតែកន្លែង អត់បានដាំដំណាំអី»។ កុមារារូបនេះបន្តាំងអួលដើមកថា៖ «នៅទីនោះយើងមានផ្ទះ។ យើងនៅផ្ទះ យើងដាំដំណាំ ហើយចិញ្ចឹមមាន់ទា»។ ពាក្យសម្ដីរបស់កុមាររូបនេះ បង្ហាញពីអ្វីដែល រស្មី ចង់បានពីការវិលត្រឡប់ទៅផ្ទះ។ គេចង់ត្រឡប់ទៅបន្តការរៀននៅសាលារបស់ខ្លួន និងរស់នៅជាមួយគ្រួសារលើដីដែលពួកគេធ្លាប់ប្រកបរបរកសិកម្ម។ នៅពេលត្រូវបានសួរថា ប្រសិនបើថ្ងៃណាមួយបានត្រឡប់ទៅផ្ទះវិញ តើគេចង់ធ្វើអ្វីមុនគេ រស្មី ឆ្លើយថា៖ «ចង់ចិញ្ចឹមមាន់ទា ហើយចង់ដាំដំណាំ និងរៀន»។ មុនការភៀសខ្លួន គ្រួសាររបស់ រស្មី រស់នៅក្នុងផ្ទះឈើមួយខ្នង ដែលកុមាររូបនេះពណ៌នាថា «ល្មមនៅបានគ្រួសារ»។ នៅទីនោះ ពួកគេមានដីដាំដំណាំ និងចិញ្ចឹមឆ្កែ មាន់ និងទា។ រស្មី នៅតែចងចាំសត្វដែលគេធ្លាប់ចិញ្ចឹម។ ប៉ុន្តែដោយខានត្រឡប់ទៅផ្ទះជាយូរ គេមិនដឹងថា ពួកវានៅរស់ ឬបាត់ទៅណាឡើយ។ កុមារា រស្មី បានបន្ថែមថា: «មានឆ្កែ…

Read More

រដ្ឋមន្ត្រីប្រតិភូបារាំង​អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក Nicolas Forissier មាន​សុទិដ្ឋិនិយមថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-បារាំង​នឹង​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ ជា​ពិសេស​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគពី​សំណាក់​វិនិយោគិន​បារាំង​​ក្នុង​ប្រទេស​កម្ពុជា​។​ លោក Nicolas Forissier បានមក​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជាឱ្យ​កាន់តែប្រសើរថែម​ទៀត។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅ​ខែវិច្ឆិកា ខាងមុខផងដែរ។ ក្នុង​សន្និសីទសារព័ត៌មានដែល​រៀបចំ​នៅ​ស្ថានទូតបារាំងប្រចាំកម្ពុជា កាល​ពី​ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Nicolas Forissier បាននិយាយ​ថា បារាំង​ពិត​ជា​ចង់​ឃើញ​វិនិយោគិន​ខ្លួន​ពង្រីក​ការ​វិនិយោគផ្ទាល់​នៅ​​ប្រទេស​កម្ពុជា​​ច្រើន​បន្ថែម​ទៀត ខណៈ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤ ការ​វិនិយោគរបស់​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ទឹក​ប្រាក់ប្រមាណ ៦៩២ លានដុល្លារ​។​ លោក​​​អះអាង​ថា ​រូបលោក​ផ្ទាល់​​នឹង​ខិតខំ​ជួយ​ជំរុញ​វិនិយោគិន​បារាំង​ឱ្យ​​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ថែម​​ទៀតតាម​រយៈ​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំងនៅ​កម្ពុជា​។ រាជធានីភ្នំពេញ​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit) លើកទី២០ ដែលគ្រោងចាប់​ផ្តើម​ពីថ្ងៃ​ទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ច​ប្រជុំនេះ​នឹង​មាន​វត្តមាន​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង​ជា​ច្រើន​ទៀត​។​ លោក​ Nicolas Forissier បាន​ថ្លែង​​ថា៖​«​តាម​រយៈ​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​ យើង​រំពឹង​ថានឹង​អាច​ទាក់​ទាញ​វិនិយោគិន​បារាំង​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​បន្ថែម​ទៀត​»។ បើ​តាម​លោក Nicolas Forissier នៅកម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បារាំង​ជាង ២០០ កំពុង​ធ្វើ​​ប្រតិបត្តិការ​ ដោយ​​រួម​មាន​ក្នុង​វិស័យ​ជា​ច្រើន​ដូចជា ថាមពល ដឹក​ជញ្ជូន គ្រប់​គ្រង​អាកាសយានដ្ឋាន ហិរញ្ញវត្ថុ សុខាភិបាល និង​សំណង់ជាដើម​។ បន្ថែម​​លើ​នេះលោក Nicolas Forissier ក៏​បាននិយាយ​​ថា លោក​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរណ៍​បារាំងនឹង​ធ្វើ​ការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​បើក​ជើងហោះហើរ​ផ្ទាល់​មក​ប្រទេស​កម្ពុជា​នៅ​ពេលខាង​មុខ​។​ យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-បារាំង មាន​ទឹក​ប្រាក់​សរុប ៣២២,៨៣ លាន​ដុល្លារ កើន​ឡើង ១២,៩% បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ក្នុង​នោះ​ទំនិញ​កម្ពុជានាំ​ទៅ​បារាំង ២៥៩,១១ លាន​ដុល្លារ កើនឡើង ១៣,៥% ចំណែក​​បារាំង​នាំមក​វិញ ៦៣,៧២ លាន​ដុល្លារ កើន​ឡើង ១០,៥%។…

Read More

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើគម្រោងចំនួន៤៨ មានថវិកាជាង ៥ ៦៩៥ ៥៦៧ ដុល្លារសហរដ្ឋអាម៉េរិកតាមបណ្តាឃុំចំនួន ៤៦ ក្នុងខេត្តចំនួន​១០ សម្រាប់ឆ្នាំ២០២៦ ដែលថវិកានេះបានមកពីក្រុមហ៊ុន ឬអាជីវករធ្វើអាជីវកម្មរ៉ែ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦ នាថ្ងៃសុក្រ ទី១០ ខែកក្កដានេះ។ ក្រសួងរ៉ែ និងថាមពល បានជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋឱ្យបានជ្រាបពីមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការប្រើប្រាស់មូលនិធិរ៉ែក្នុងការរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍពីរដ្ឋបាលឃុំ/សង្កាត់។ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុន អាជីវករ ទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋ នូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់នូវមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែនិងថាមពលបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយដល់មូលដ្ឋាន ឃុំ សង្កាត់ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ សមាមាត្រ ទៅនឹងទំហំផលិតកម្មរ៉ែដែលក្រុមហ៊ុន អាជីវករបានធ្វើអាជីវកម្មរ៉ែ។ បន្ថែមលើការបង់នូវមូលនិធិរ៉ែនេះ ក្រុមហ៊ុន អាជីវកររ៉ែ បានជួយរួមចំណែកដោយផ្ទាល់ក្នុងការ អភិវឌ្ឍមូលដ្ឋាន តាមរយៈការជួយសាងសង់ផ្លូវ សាលារៀន អណ្តូងទឹក។ល។ នៅក្នុងឃុំ សង្កាត់ ដែល ការដ្ឋានរ៉ែបានស្ថិតនៅផងដែរ។ ក្រសួងបានលើកឡើងថា មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែស្ថិត នៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ មកដល់ ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន ១៤៤ មានថវិកាជាង ៩ ៧១២ ៨៨០ ដុល្លារអាម៉េរិករួចមកហើយ៕

Read More

ភ្នំពេញៈ បន្ទាប់ពីចូលរួមកម្មវិធី បើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃសុក្រនេះ លោកសុខ ទូច បានចែករំលែកនូវបទពិសោធសំខាន់ៗចំនួនបីចំណុច ដើម្បីទទួលបានជោគជ័យលើការដាំដើមឈើ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រប់គ្រង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ លោក សុខ ទូច បានលើកឡើងថា ការដាំដើមឈើមានការលំបាកតែ ៥%ប៉ុណ្ណោះ ប៉ុន្តែការថែរក្សា និងអភិវឌ្ឍដើមឈើឱ្យទទួលបានជោគជ័យក្រោយពីដាំរួច គឺ ត្រូវ​ការ ៩៥%ផ្សេងទៀត។ លោកបានពន្យល់ថា ដើម្បីរក្សា ៩៥%នោះ គឺត្រូវការ ៣ចំណុចៗគឺ (១) ឆន្ទៈន​យោបាយ ដែលមានការប្ដេជ្ញាចិត្តខ្ពស់, (២) ត្រូវការសេចក្ដីស្រឡាញ់ និង (៣) ត្រូវការរួបរួមគ្នា ដើម្បីផលប្រយោជន៍បរិស្ថាន និងមនុស្សជំនាន់ក្រោយ។ លោកបានបញ្ជាក់ដោយខ្លីថា៖«បើខ្វះចំណុចទាំង៣នេះ ដាំរួចក៏គ្មានន័យដែរ ព្រោះខ្ញុំបានឆ្លងកាត់រួចហើយ»។ ក្រសួងបរិស្ថានបានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាង លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ដោយគម្រោងនឹងចែកកូនឈើចម្រុះរហូតដល់ទៅ ៥លានដើមជូនសាធារណជនយកទៅដាំដោយឥតគិតថ្លៃ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំគ្នានេះមិនត្រឹមតែដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរួមគ្នាប្រកាសចាប់ផ្តើម ឱចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ ដោយគូសបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាបេស​កកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។ សកម្មភាពនេះមានគោលបំណងពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការតាំងពិព័រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះការផ្តួចផ្តើមយុទ្ធនាការរបស់ក្រសួងបរិស្ថាន…

Read More

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) រួម​គ្នា​ពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំផ្នែកច្បាប់ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមបេសកកម្មរួមក្នុងការលើកកម្ពស់យុត្តិធម៌ នីតិរដ្ឋ និងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នេះ​នឹង​ធ្វើឡើង​ស្រប​តាម​អនុស្សរណៈយោគយល់ (MoU) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីថ្ងៃទី៩ កក្កដា​កន្លងទៅ។ នេះ​បើ​តាមសេចក្ដីប្រកាសព័ត៌មាន​របស់ អ.វ.ត.ក.។ លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី នៃ អ.វ.ត.ក. បានថ្លែង​ថា​ MoU នេះ​គឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នយុត្តិធម៌ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ទេរចំណេះដឹង បទពិសោធ និងមរតកផ្នែកច្បាប់ដែល អ.វ.ត.ក. បានកសាងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកទៅកាន់យុវជនជំនាន់ក្រោយ។ លោក​ថា ឯកសារ​ពី​ អ.វ.ត.ក. បទពិសោធរបស់ អ.វ.ត.ក. នឹងជួយពង្រឹងសមត្ថភាពសិស្សនិស្សិតក្នុងការសិក្សា ការស្រាវជ្រាវ និងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងរួមចំណែកលើកកម្ពស់នីតិរដ្ឋ ការទទួលខុសត្រូវ និងការលុបបំបាត់វប្បធម៌និទ្ទភាពនៅកម្ពុជា។ លោក​ លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានថ្លែង​ដែរ​ថា​ អនុស្សរណៈយោគយល់នេះនឹងបង្កើតឱកាសឱ្យនិស្សិត បានសិក្សាពីបទពិសោធជាក់ស្តែងនៃយុត្តិធម៌អន្តរកាល និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ព្រមទាំងចូលប្រើប្រាស់ធនធានដ៏មានតម្លៃរបស់ អ.វ.ត.ក.។ លោក​ថា កិច្ចសហការនេះនឹងរួមចំណែកបណ្តុះបណ្តាលអ្នកច្បាប់ជំនាន់ថ្មីដែលមានសមត្ថភាព វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ​សាលាក្ដីកាត់ទោស​មេដឹកនាំខ្មែរ​ក្រហម បានបញ្ចប់​នីតិវិធី​នៅ​ចុង​ឆ្នាំ​២០២២ ប៉ុន្តែ​នៅ​មាន​បេកកម្ម​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ទាំងប្រវត្តិសាស្ត្រ និង​ចំណេះដឹង​ផ្នែកច្បាប់ ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ជំរុញការចងចាំ និង​ធានាថា របបបែប​នេះ​មិន​វិលត្រឡប់មកជាថ្មីម្តងទៀត និង​លើក​កម្ពស់ចំណេះ​ដឹង​​ផ្នែក​ច្បាប់​នៅ​កម្ពុជា។ បើ​តាម អ.វ.ត.ក. ដើម្បី​ធ្វើ​ការងារ​នេះ ស្ថាប័ន​នេះ​ បានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថានឧត្តមសិក្សា អង្គការ និងស្ថាប័នដៃគូសរុបចំនួន ១៨ ស្ថាប័នរួចហើយ៕

Read More

ទំហំទឹក​ប្រាក់​​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាអន្តរជាតិ​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដោយ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ នេះ​មាន​ប្រមាណជិត ៣៧ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១/៥​ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥ ខណៈ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​​ស្ថិតក្នុងរង្វង់​ជិត ២,៧ ពាន់លាន​ដុល្លារ​។ ទិន្នន័យ​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​កក្កដានេះ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-​មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​​នាំចេញទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប ១៧,០៨ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៥​% ពី​ចំនួន ១៤,២៩ ​ពាន់​លាន​ដុល្លារ​កាល​ពីរយៈ​ពេល​ដូចគ្នា​ ឆ្នាំ​២០២៥។ ទន្ទឹម​នឹង​នេះ​​កម្ពុជាក៏​បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​​ក្នុង​ទឹក​ប្រាក់ ១៩,៧៧ ពាន់​លាន​ដុល្លារ កើន​ឡើង ២១,៤% ពី​ចំនួន ១៦,២៨ ពាន់​លាន​ដុល្លារ​។ ជា​សរុប​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មានទឹក​ប្រាក់​សរុប​​ ៣៦,៨៥​ ពាន់​លាន​ដុល្លារ កើន ២០,៥% ពី​ចំនួន ៣០,៥៧ ពាន់​លាន​ដុល្លារ​។ ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទាំង ១០ រួម​មាន​ ​ចិន សហរដ្ឋ​អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កាណាដា និង​អេស្ប៉ាញ។​ ផ្អែកតាមតួលេខខាងលើ​ គឺជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​ឱនភាព​ប្រមាណ ២,៦៩ ពាន់​លាន​ដុល្លារ កើន​ពី ១,៩៨ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២៥។​ ​​​​អនុ​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ និងបោះ​ជំហាន​ទៅមុខឱ្យ​កាន់តែលឿន​។ លោក​បន្ត​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​ៗ​ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ព្រម​ទាំង​​ការ​ខិតខំ​របស់​ផ្នែក​ឯកជន​ដើម្បីទាក់​ទាញ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​​វិនិយោគិនជាតិ និង​អន្តរជាតិ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​សមិទ្ធិផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់​។ លោក​ប្រាប់​ទៀត​​ថា ​កំណើន​ទឹក​ប្រាក់​នាំ​ចូល​នេះ ​ភាគច្រើន​គឺ​ជាផលិតផលពាក់កណ្តាល​សម្រេច​ ឬ​ធាតុផ្សំ​សម្រាប់​​បម្រើ​ឱ្យ​ការ​ផលិត​ទំនិញ​នៅ​កម្ពុជា​​សម្រាប់​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ​បន្ត​ទៀត​​។ លោក​បាន​ថ្លែង​ថា៖​«​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ​គឺ​បញ្ជាក់​ពី​ទំនុក​ចិត្ត​នៃ​ការ​វិនិយោគ​ថ្មីៗ និង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ នឹង​នឹង​បន្តកើន​ឡើងថែមប្រសិន​បើ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​មិនមាន​បញ្ហា​ធំណាមួយ​កើតឡើង»។ លោក​លើក​ឡើង​ទៀត​ថា ការ​​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​ទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ធំៗ និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី និង​ពហុភាគី ដែល​​​​ចូល​ជា​បន្ត​បន្ទាប់…

Read More

សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ សារមន្ទីរ ស.ស.រ) បាន​ប្រកាស​ដាក់សម្ពោធ​ជាផ្លូវការនូវសៀវភៅ​«យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ដែល​ជាការ​​សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា​​។ ពិធីនេះប្រព្រឹត្តឡើងកាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ក្នុងបរិវេណសួនច្បារព្រះបាទអង្គឌួងនៃសារមន្ទីរ ស.ស.រ. ដោយមានការចូលរួមពីតំណាងវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។ សៀវភៅថ្មីនេះនឹងផ្តល់ជូនអ្នកអាននូវខ្លឹមសារសង្ខេប​នៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ។ តាមរយៈអត្ថបទសង្ខេប និងការរចនារូបភាពបែបគំនូរ សៀវភៅនេះផ្តល់ឱកាស​ឱ្យអ្នកអានគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន​នូវភាពងាយស្រួល និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលមានអាយុកាលជាង ​២ ០០០ឆ្នាំ​របស់ប្រទេសកម្ពុជា។ សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)»​ ក៏មាន​រៀបរាប់លម្អិតពីខ្លឹមសារសំខាន់ៗរបស់ពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ និងអាចប្រើប្រាស់ជាឧបករណ៍មគ្គុទ្ទេសក៍​​ក្នុងការទស្សនាសារមន្ទីរ និងឈ្វេងយល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ​។ កិច្ចសហការនេះបានបង្ហាញភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ដែលបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអាន និងគុណភាពអប់រំ និងបានក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹងនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវ​ជំនាញក្នុងការបោះពុម្ពសៀវភៅ ដែលងាយស្រួលអាន របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ជាមួយនឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសមុច្ច័យដែលសារមន្ទីរ ស.ស.រ បានចងក្រង និងដាក់តាំងបង្ហាញ​សមិទ្ធផលនេះមានគោលបំណង​ធ្វើឱ្យប្រធានបទ​ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាចំណេះដឹងងាយស្រួលទទួលយក​​ និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអានគ្រប់រូប។ លោក Blaise Kilian សហប្រធានសារមន្ទីរ ស.ស.រ. បាននិយាយ​ថា៖«ការផ្តល់លទ្ធភាព​​​​ឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន ទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ជាបេសកកម្មមួយដ៏សំខាន់របស់សារមន្ទីរ ស.ស.រ។ យើងមានសេចក្តីសោមនស្សរីករាយ​ដែលបានរួមសហការជាមួយគ្រឹះស្ថាន ស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន​ និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។ លោក ហុក សុទ្ធិ អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បានថ្លែង​ថា៖​«គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា មានមោទក​ភាព​ដែលបានចាប់ដៃគូសហការជាមួយសារមន្ទីរ ស.ស.រ ក្នុងការបោះពុម្ពសៀវភៅនេះឡើង ដែលជាធនធានផ្នែកអប់រំដ៏សាមញ្ញ ប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ»។ សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)»​ ត្រូវបានបោះពុម្ពផ្សាយជាបីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងបារាំង៕

Read More