ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFF Women’s Cup 2026 នៅប្រទេសម៉ាឡេស៊ី ថ្ងៃចន្ទនេះ ដោយពួកគេ ត្រូវជួបក្រុមកីឡាការិនីជម្រើសជាតិទីម័រខាងកើត នៅពហុកីឡដ្ឋាន Kuala Lumpur នារសៀលម៉ោង ៣:៤៥ មុនពេលជួបក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី នៅថ្ងៃទី ១៦ ខែកក្កដា។ សម្រាប់ការបង្ហាញខ្លួន នៅក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2026 នេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហាញភាពជឿជាក់ខ្លាំង ក្នុងការដណ្តើមយកលទ្ធផលល្អជូនជាតិជាថ្មីម្តងទៀត ព្រោះការប្រកួត ពានរង្វាន់ AFF Women’s Cup កាលពីឆ្នាំ ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។ ការបង្ហាញភាពជឿជាក់នេះ ដោយសារតែក្រុមជម្រើសជាតិនារីកម្ពុជា បានកោះហៅកីឡាការិនីមានសមត្ថភាពល្អៗ មកជួយដល់ក្រុម ក្នុងនោះក៏មានកីឡាការិនីកូនខ្មែរ-អាមេរិកចំនួន២នាក់ផងដែរ ខណៈបេក្ខភាពជម្រើសជាតិចំនួន២១នាក់ទៀត សុទ្ធតែជាកីឡាការិនី ដែលបានរួមចំណែកបង្កើតកំណត់ត្រាឈ្នះតំណែងជើងឯករង ពានរង្វាន់ AFF Women’s Cup នេះ ជាលើកដំបូង កាលពីឆ្នាំ ២០២៤។ លោក Yasuhiro Yoshida គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា៖ «យើងមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅរបស់យើង ក្រុមទាំងមូលពិតជាធ្វើបានល្អ ហើយយើងចង់ឱ្យក្រុមធ្វើកាន់តែល្អ ជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់នៅទីនេះ»។ គ្រូបង្គោលជនជាតិជប៉ុនរូបនេះ បានបន្ថែមថា៖ «យើងបានរក្សាកីឡាការិនីល្អៗរបស់យើង ជាពិសេសពួកគេមានបទពិសោធន៍រួចហើយកាលពី២ឆ្នាំមុន ដែលយើងទទួលបានជើងឯករង នៅក្នុងព្រឹត្តិការណ៍នេះ។ ពួកយើងនឹងខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុត នៅគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនប្រទេសរបស់យើង»។ ជាមួយការបង្ហាញភាពជឿជាក់នេះ ត្រូវបានគេរំពឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងអាចដណ្តើមបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាកប្រចាំពូល B ជាមួយក្រុមកីឡាការិនីជម្រើសជាតិទីម័រខាងកើត នៅរសៀលថ្ងៃចន្ទនេះ ព្រោះកាលពីឆ្នាំ ២០២៤ ក្រុមនារីកម្ពុជា ធ្លាប់បានទម្លាក់ក្រុមនារីទីម័រខាងកើត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះរហូតដល់ ៣-០។ ទន្ទឹមនឹងនេះ ក្រុមនារីទីម័រខាងកើត ក៏ទើបបានប្រកួតចាញ់ក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី ២-០ កាលពីថ្ងៃទី ១០…
Author: ngochecktay
ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នវប្បធម៌ និងអាជ្ញាធរមូលដ្ឋាន ការពារទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានសម័យខ្មែរក្រហមចំនួន៣ របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ចៀសរាល់ការសាងសង់ដែលអាចប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ខណៈកម្ពុជាប្រារព្ធខួប១ឆ្នាំនៃការចុះបញ្ជីទីតាំងទាំងនេះ។ ក្នុងសារលិខិតអបអរសាទរខួបនៅថ្ងៃទី១១ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬ ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ត្រូវទទួលបានការការពារឱ្យបានគង់វង្សយូរអង្វែង និងគ្រប់គ្រងស្របតាមគោលការណ៍ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ ទីតាំងទាំង៣ ត្រូវបានចុះរួមគ្នាក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមឈ្មោះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» តាមរយៈសេចក្តីសម្រេចលេខ 47 COM 8B.14 ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោក ហ៊ុន ម៉ាណែត បានថ្លែងក្និងសារលិខិតអបអរការចុះបញ្ជីថា៖ «ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា»។ លោកបានបន្ថែមថា អាជ្ញាធរត្រូវធានាការការពារទីតាំងទាំងនេះឱ្យបានគង់វង្សយូរអង្វែង ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងអនុវត្តការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍របស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ នាយករដ្ឋមន្ត្រីបានចាត់ទុកការចុះបញ្ជីនេះថា ជាការបន្សល់ទុកកេរមរតកនៃការចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។ លោកបានលើកឡើងថា គំនិតផ្តួចផ្តើមក្នុងការចុះបញ្ជីទីតាំងទាំង៣ គឺជាចក្ខុវិស័យរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយចាត់ទុកបូជនីយដ្ឋានទាំងនេះជាគំរូរបស់កម្ពុជាសម្រាប់ពិភពលោក ក្នុងការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចុះបញ្ជីនេះជាសមិទ្ធផលមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងឆ្លុះបញ្ចាំងពីការតស៊ូ ការលះបង់ និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព។ លោកបានភ្ជាប់សមិទ្ធផលនេះទៅនឹងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេស ដោយបញ្ជាក់ថា សន្តិភាពបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងការអភិរក្សសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលបានចូលរួមក្នុងដំណើរការរៀបចំសំណុំឯកសារ និងជំរុញការចុះបញ្ជី។ លោកក៏បានថ្លែងអំណរគុណដល់ការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ…
សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) បានអនុម័តសេចក្តីសម្រេចចិត្តមួយ បញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សេចក្តីសម្រេចចិត្តនេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ របស់ APF ដែលរៀបចំឡើងនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់អង្គការនេះ។ ក្នុងសេចក្តីសម្រេចចិត្ត APF បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍នៃសេចក្តីប្រកាសទីក្រុងបាម៉ាកូ និងទីក្រុងសាំង-បូនីហ្វាស ច្បាប់អន្តរជាតិ ព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ សេចក្តីសម្រេចចិត្តក៏បានលើកឡើងពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីរបស់ស្ត្រីក្នុងការបង្ការជម្លោះ និងកសាងសន្តិភាពប្រកបដោយចីរភាព។ ដោយសំដៅទៅលើភាពតានតឹងដែលបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក APF បានសម្តែងការព្រួយបារម្ភចំពោះការបាត់បង់អាយុជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល របាយការណ៍ស្តីពីការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលមួយចំនួនស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ សេចក្តីសម្រេចចិត្តក៏បានកត់សម្គាល់ជាពិសេសអំពី «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ» ដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងតំបន់ជម្លោះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា: “APF បានអំពាវនាវឱ្យគ្រប់ភាគីគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ជៀសវាងរាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលនាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥”។ សភាប្រើភាសាបារាំងក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងបានរំឭកថា ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរដំណែលរួមរបស់មនុស្សជាតិ នឹងប៉ះពាល់ដល់ការកសាងសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សារវាងភាគីទាំងពីរ។ បន្ថែមពីនេះ APF បានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនា និងការដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ជម្លោះ ព្រមទាំងបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ អង្គការនេះក៏បានគាំទ្រឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃវិលទៅរកភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន។ ឆ្លើយតបនឹងការអនុម័តសេចក្តីសម្រេចចិត្តនេះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា…
ភ្នំពេញៈ នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអន្តរាគមន៍ជួយសង្រ្គោះនារីម្នាក់ជាប់ទឹកទំនប់ពាមពូលនៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យទឹកហក់ឡើងភ្លាមៗ ខណៈដែលស្រុកជាច្រើនក្នុងខេត្តមួយចំនួនក៏ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងផងដែរ។ ដោយសារតែស្ថានភាពជំនន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បានធ្វើឱ្យទឹកជន់លិចខ្លាំងនៅទំនប់ពាមពូល ស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលធ្វើឱ្យនារីម្នាក់ឈ្មោះ វឿន ស្រីនិច អាយុ ១៩ឆ្នាំជាប់នៅលើទំនប់។ កងកម្លាំងនគរបាលបានសហការជាមួយប្រជាការពារភូមិបានធ្វើការជួយអន្ដរាគមន៍សង្រ្គោះនារីនោះរូបដោយជោគជ័យ។ នេះបើយោងតាមស្នងការដ្ឋានខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែកក្កដា។ នគរបាលខេត្តបញ្ជាក់ថា៖«នារីឈ្មោះ វឿន ស្រីនិច ដែលរស់នៅភូមិអួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់ដោយសារតែការឆ្លងទឹកចំពេលទឹកហូរខ្លាំងបណ្ដាលអោយគួចធ្លាក់ទៅទើរលើមែកឈើ ស្របពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ស្ថានភាពទឹកមានការជន់ហក់ឡើងខ្លាំងភ្លាមៗមួយរំពេច»។ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកងកម្លាំងនគរបាលប្រតិបត្ដិការបញ្ជានិងដោះស្រាយជួយសង្រ្គោះនារីរូបនោះ បានមកដីគោកដោយសុខសុវត្ថិភាពប្រើពេលជាង ១៨០ នាទី គេចចេញពីហានិភ័យ។ នគរបាលបានអំពាវនាវដល់បងប្អូនដែលរស់នៅតំបន់ភ្នំ មានទំនប់ទឹក ឬស្ទឹងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពទឹកភ្លៀងហូរធ្លាក់ពីលើភ្នំមកមានល្បឿនលឿន ស្របពេលភ្លៀងបន្ដធ្លាក់បណ្ដាលឱ្យទឹកជន់លិចតាមច្រក អូរ ស្ទឹង ដែលជាហេតុអាចបង្កជាផល៉ះពាល់។ ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបង្កផលប៉ះពាល់ផងដែរ ដល់បណ្តាស្រុកក្នុងខេត្តមួយចំនួន ដូចជាស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង និងស្រុកស្រែបំពិល ព្រមទាំងព្រែកជីផាត ខេត្តកោះកុង ជាដើម។ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយសារស្ថានភាពអាកាសធាតុនៅក្នុងមូលដ្ឋានស្រុកសំឡូត ខេត្តបាត់ដំបង មានភ្លៀងធ្លាក់យ៉ាងគំហុកតាំងពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានបង្កឱ្យកើតមានជំនន់ទឹកភ្លៀងជាថ្មីម្តងទៀត។ ទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំងក្លាចុះមកផ្នែកខាងក្រោម ហើយផ្លូវធ្វើដំណើរមួយចំនួនត្រូវ បានកាត់ផ្តាច់ដោយសារចរន្តទឹកហូរបុក។ ចំពោះមុខទិដ្ឋភាពគ្រោះធម្មជាតិនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ លោកអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ដែលស្ថិតក្នុងភូមិសាស្ត្ររងគ្រោះ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ករណីទទួលរងគ្រោះថ្នាក់ ដោយត្រូវជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព ព្រមទាំងត្រូវបំពាក់គ្រឿងឧបករណ៏ និងមធ្យោបាយសង្គ្រោះឱ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានណែនាំដល់ កងកម្លាំងនគរបាល នៅតាមបណ្តាស្រុកផ្នែកខាងក្រោម ដែលអាចនឹងទទួលរងឥទ្ធិពល ពីចរន្តទឹកហូរធ្លាក់នេះ ព្រមទាំងកម្លាំងនគរបាលប្រចាំការ អន្តរាគមន៍របស់ស្នងការដ្ឋានផ្ទាល់ ត្រូវត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយ និងសម្ភារចាំបាច់នានា ឱ្យបានជាប់ជាប្រចាំ…
ខេត្តបន្ទាយមានជ័យ: នៅក្នុងតូបកាហ្វេតូចមួយក្នុង «ភូមិរង់ចាំ» អ្នកស្រី ចែ ច្រឹប បន្តលាយកាហ្វេ បម្រើអតិថិជន និងព្យាយាមរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យអ្នកស្រីចាកចេញពីផ្ទះ ដីធ្លី និងមុខរបរចាស់នៅភូមិទំពាំងសំរោង តំបន់បឹងត្រកួន។ អាជីវកម្មដែលចាប់ផ្តើមឡើងវិញដោយគ្រាន់តែមានគោលបំណងរកប្រាក់ចំណូលប្រចាំថ្ងៃ បានក្លាយជាកន្លែងដែលមានអ្នកស្គាល់កាន់តែច្រើន ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រី ច្រឹប បាននិយាយថា អ្នកស្រីមានអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនោះ ដោយចាត់ទុកថាជាកិត្តិយសដ៏ធំមួយសម្រាប់គ្រួសារ និងអាជីវកម្មតូចរបស់ខ្លួន។ អ្នកស្រីបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «ពីមុនយើងអត់គិតនឹកស្មានថា បានអ្នកសំខាន់មកជួយផ្សព្វផ្សាយអ៊ីចឹងទេ»។ អ្នកស្រីបានបន្តថា បន្ទាប់ពីលោក ហ៊ុន សែន ចូលហាង អតិថិជនជាច្រើនបានមកស្គាល់ និងចង់ដឹងថា តើតូបកាហ្វេណាដែលលោកបានចូលពិសា។ អ្នកស្រីនិយាយថា៖ «អ្នកណាក៏ចង់ស្គាល់ដែរ ថាតូបដែលសម្ដេចគាត់ចូលពិសាហ្នឹងនៅណា។ អ៊ីចឹងចែមានភ្ញៀវច្រើនជាងមុន»។ មុនពេលមានជាសង្គ្រាមឈ្លានពាន អ្នកស្រីក៏ជាអ្នកលក់កាហ្វេនៅផ្ទះរបស់ខ្លួនក្នុងភូមិទំពាំងស្រឡៅដែរ។ នៅពេលមករស់នៅទីតាំងថ្មី អ្នកស្រីបានបើកតូបជាបណ្ដោះអាសន្ន ដោយមិនរំពឹងថាអាជីវកម្មនេះនឹងអាចរីកចម្រើនបានឡើយ។ បច្ចុប្បន្ន អ្នកស្រីអាចលក់កាហ្វេបានជាមធ្យមប្រហែល ៥០ទៅ៦០កែវក្នុងមួយថ្ងៃ ខណៈថ្ងៃខ្លះអាចលក់បានជិត ១០០កែវ។ អ្នកស្រីបានបញ្ជាក់ថា៖ «ថ្ងៃធម្មតាបានប្រហែល ៥០ ឬ៦០កែវ។ អ៊ីចឹងយើងអាចផ្គត់ផ្គង់ថ្លៃម្ហូបអាហាររបស់យើងបាន»។ ទោះជាអាជីវកម្មនៅភូមិថ្មីមានសភាពប្រសើរជាងមុន និងគ្រួសារមានផ្ទះសម្បែងសមរម្យសម្រាប់ស្នាក់នៅក៏ដោយ អ្នកស្រីបានសង្កត់ធ្ងន់ថា អ្នកស្រីមិនបានបំភ្លេចផ្ទះ និងដីធ្លីរបស់ខ្លួននៅភូមិចាស់ឡើយ។ អ្នកស្រីថ្លែងថា៖ «មកនៅកន្លែងនេះ សួរថាស្រួលភ្លេចផ្ទះខ្លួនឯងអត់? អត់ភ្លេចទេ។ នៅតែចង់បានវិញ»។ អ្នកស្រីបានរៀបរាប់ថា គ្រួសារបានចាប់ផ្តើមពីបាតដៃទទេ ដើម្បីសន្សំទិញផ្ទះ និងដីធ្លីនៅតំបន់បឹងត្រកួន ដោយមានដីចំនួនប្រាំទៅប្រាំមួយកន្លែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំដែលបានទុកនៅទីនោះ។ នៅថ្ងៃដែលមានការផ្ទុះអាវុធ អ្នកស្រីបានរត់ភៀសខ្លួនដោយយកបានតែរថយន្តមួយគ្រឿង ខណៈទ្រព្យសម្បត្តិភាគច្រើនត្រូវបានទុកចោល។ អ្នកស្រីបានអះអាងថា៖ «ខ្ញុំមកនេះអត់មានបានអីទេ។ រត់មកដឹកតែគ្រួសារចេញមក។ ទ្រព្យរបស់នៅណោះទាំងអស់»។ អ្នកស្រីបានពន្យល់ថា នៅពេលនោះ គ្រួសារមិនបានគិតថា ខ្លួននឹងបាត់បង់លំនៅឋានក្នុងរយៈពេលយូរទេ ដោយរំពឹងថា ពួកគេអាចត្រឡប់ទៅផ្ទះវិញនៅពេលស្ថានការណ៍ស្ងប់ស្ងាត់។ អាទិភាពដំបូងរបស់អ្នកស្រីគឺជួយជម្លៀសម្តាយចាស់ កុមារ និងអ្នកជិតខាងដែលមានវ័យចំណាស់ចេញពីតំបន់គ្រោះថ្នាក់ ជាជាងប្រមូលទ្រព្យសម្បត្តិ។ អ្នកស្រីនិយាយថា៖ «ថ្ងៃហ្នឹងខ្ញុំមានម្តាយចាស់ និងក្មេងៗ ហើយជួបអ្នកជិតខាងចាស់ៗ មានចៅតូចៗ។…
ភ្នំពេញ៖ ក្រសួងព័ត៌មានបានព្រមានសាធារណជនកុំឱ្យចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយលើ Facebook និង TikTok ថាជាព័ត៌មានវិជ្ជាជីវៈដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋកម្ពុជាជាង ១៥លាននាក់កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងសកម្ម ហើយការប្រើប្រាស់វេទិកាទាំងនេះមានអត្រាខ្ពស់ក្នុងចំណោមយុវជន។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ “Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ ដោយសារវេទិកាទាំងនេះអនុញ្ញាតឱ្យមនុស្សទូទៅអាចបង្កើតគណនី ឬទំព័រ និងផ្សព្វផ្សាយខ្លឹមសារបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការត្រួតពិនិត្យបែបវិជ្ជាជីវៈសារព័ត៌មាន”។ លោកបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប កាលពីថ្ងៃទី១០ ខែកក្កដា។ តាមលោក ទេព អស្នារិទ្ធ ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋវ័យក្មេង និងយុវសិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សា ប្រមាណ ៥៩% ប្រើប្រាស់ Facebook ខណៈប្រមាណ ៣៥% សកម្មនៅលើ TikTok។ លោកបានចោទជាសំណួរថា តើអ្នកដែលមានគណនី និងប្រើប្រាស់បណ្ដាញសង្គមទាំងអស់ សុទ្ធតែបានរៀន ឬទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានដែរឬទេ? លោកថ្លែងថា៖ «ចម្លើយ គឺថា មិនមានទេ! លើកលែងតែគណនី ឬក៏ផេកផ្លូវការរបស់ក្រសួង ស្ថាប័ន ឬបុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ»។ លោកបន្តថា៖ «Facebook និង TikTok នេះ អ្នកណាក៏បង្កើតបានដែរ… ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ»។ លោកបានពន្យល់ថា បណ្ដាញសង្គមមានតួនាទីទូលំទូលាយ ចាប់ពីការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល រហូតដល់ការចែករំលែកព័ត៌មាន ប៉ុន្តែការប្រើប្រាស់ដោយខ្វះការពិចារណា និងការផ្ទៀងផ្ទាត់ អាចបង្កភាពច្របូកច្របល់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ផ្ទុយពីការបង្ហោះខ្លឹមសារទូទៅលើបណ្ដាញសង្គម លោក ទេព អស្នារិទ្ធ បានលើកឡើងថា ស្ថាប័នសារព័ត៌មានវិជ្ជាជីវៈមានយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ ដោយព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក និងពិនិត្យប្រភព ដើម្បីធានាភាពត្រឹមត្រូវ និងការអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ។…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន”។ ក្រសួងបានឱ្យដឹងថា: “ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានជីកដីសាងសង់ទំនប់ដី និងដាក់លួសបន្លាពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ”។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ត្រូវបានកម្ពុជាចោទប្រកាន់ថា បានរំលោភចូលទឹកដីកម្ពុជា ដើម្បីដាក់លួសបន្លានៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មរដួន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាមការបញ្ជាក់របស់ក្រសួង សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់ទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងកំណត់ព្រំដែនដោយផែនទីខ្នាត ១៖២០០.០០០ ដែលរៀបចំដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ក្រសួងបានបន្ថែមថា សកម្មភាពរបស់ភាគីថៃក៏បានរំលោភលើមាត្រា៥ នៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ ស្ដីពីការសិក្សា និងកំណត់ព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ព្រមទាំងផ្ទុយនឹងចំណុចទី២ និងទី៦ នៃវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលត្រូវបានអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ ហើយសកម្មភាពដែលបានលើកឡើងខាងលើ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ នៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលកងកម្លាំងថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្តទៅវិញទៅមក សម្របសម្រួលការដោះស្រាយវិវាទដោយសន្តិវិធី និងស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជាបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយប្រទេសថៃ ដូចប្រទេសជិតខាងដទៃទៀត តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយ។ ការតវ៉ាចុងក្រោយនេះ កើតឡើងបន្ទាប់ពីកម្ពុជាបានដាក់កំណត់ទូតតវ៉ាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជុំវិញសកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការពង្រឹងវត្តមានយោធារបស់ភាគីថៃនៅតាមបណ្តោយព្រំដែន…
ខេត្តបន្ទាយមានជ័យ: រៀងរាល់ព្រឹក សំឡេងកណ្តឹងសាលា ម៉ូតូធ្វើដំណើរ និងអាជីវកម្មតូចៗដែលបើកទ្វារទទួលភ្ញៀវ បានជំនួសភាពស្ងប់ស្ងាត់នៃជំរំជនភៀសសឹក ដែលធ្លាប់ជាទីជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមព្រំដែនកម្ពុជា-ថៃ។ កុមារជិះកង់ទៅសាលា អ្នកភូមិចូលទិញកាហ្វេមុនចេញទៅធ្វើការ ខណៈហាងលក់គ្រឿងសំណង់ គ្រឿងទេស និងសេវាកម្មផ្សេងៗកំពុងដំណើរការយ៉ាងមមាញឹក។ នៅលើដងផ្លូវលេខ៨ នៃភូមិរង់ចាំ អ្នកស្រី អ៊ុំ សុផានិត កំពុងបន្តអាជីពអ៊ុតសក់ឡើងវិញ បន្ទាប់ពីហាងចាស់របស់អ្នកស្រីត្រូវបាត់បង់ក្នុងសង្គ្រាមឈ្លានពាន។ បើមើលពីខាងក្រៅ ទីនេះមិនខុសពីភូមិថ្មីមួយកំពុងរីកចម្រើននោះទេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅទីនេះ វាមិនមែនជាផ្ទះពិតប្រាកដរបស់ពួកគេឡើយ។ ជិតមួយឆ្នាំបន្ទាប់ពីការឈ្លានពានតាមព្រំដែនបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួន ភូមិជាកន្លែងស្នាក់នៅបណ្តោះអាសន្ន កំពុងប្រែក្លាយទៅជាសហគមន៍ថ្មីមួយ មានផ្ទះ សាលារៀន មណ្ឌលសុខភាព និងអាជីវកម្មគ្រប់បែបយ៉ាង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិយាយថា ពួកគេនៅតែចាត់ទុកទីនេះគ្រាន់តែជា «ភូមិរង់ចាំ» ខណៈភូមិកំណើតនៅតែមិនអាចវិលត្រឡប់ទៅរស់នៅបាន។ ការផ្លាស់ប្តូរនេះកើតឡើង ខណៈអាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាងថា យោធាថៃនៅតែបន្តដាក់ទូកុងតឺន័រ និងលួសបន្លាចូលបូរណភាពទឹកដីជ្រៅរបស់កម្ពុជា ដែលជាឧបសគ្គរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ។ យោងតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១០ ខែកក្កដា យោធាថៃនៅតែដាក់ទូកុងតឺន័រសរុប ៩៩ទូ នៅ ១៩ទីតាំង រួមមាន ៦៣ទូ នៅ៣ទីតាំងក្នុងភូមិជោគជ័យ, ១០ទូ នៅ៣ទីតាំងក្នុងភូមិព្រៃចាន់ និង ២៦ទូ នៅ១៣ទីតាំងក្នុងតំបន់បឹងត្រកួន។ អាជ្ញាធរខេត្តអះអាងថា ទីតាំងទាំងនេះស្ថិតនៅលើទឹកដីកម្ពុជា។ ពីជំរំបណ្តោះអាសន្នទៅជាភូមិថ្មី អ្នកស្រី អ៊ុំ សុផានិត មកពីភូមិបន្ទាយមានឫទ្ធិ រំឭកថា នៅថ្ងៃដែលគ្រាប់ផ្លោងធ្លាក់ចូលភូមិឋាន គ្រួសាររបស់អ្នកស្រីមិនបានគិតថា ការចាកចេញនោះនឹងអូសបន្លាយរយៈពេលជាច្រើនខែឡើយ។ បន្ទាប់ពីស្នាក់នៅតាមមណ្ឌលភៀសសឹកជាបន្តបន្ទាប់ អ្នកស្រីទើបទទួលបានផ្ទះនៅក្នុងភូមិថ្មី និងបើកហាងអ៊ុតសក់ឡើងវិញ។ អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា: «នៅឯណោះខ្ញុំអ៊ុតសក់ដែរ តែតូបឆេះអស់ហើយ។ មកនៅទីនេះ ខ្ញុំចាប់ផ្តើមសារជាថ្មីទាំងអស់»។ អ្នកស្រីថា អាជីវកម្មថ្មីអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់គ្រួសារ ប៉ុន្តែវាមិនអាចជំនួសផ្ទះដែលខ្លួនខំកសាងអស់ជាច្រើនឆ្នាំបានឡើយ។ អ្នកស្រី សុផានិត បានបញ្ជាក់ថា: «ផ្ទះហ្នឹងយើងខំកសាងពីបាតដៃទទេ។ មកដល់ទីនេះ ឃើញអីក៏នឹកឃើញរបស់នៅផ្ទះចាស់ដែរ»។ អ្នកស្រីបានអះអាងថា សម្ភារៈក្នុងផ្ទះ និងរបស់របរអាជីវកម្មដែលបន្សល់ទុកនៅភូមិ ត្រូវបានយកបាត់អស់។ ភូមិដែលកំពុងមានជីវិតថ្មី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ឱ្យដឹងថា អាជ្ញាធរបានរៀបចំឱ្យភូមិរង់ចាំមានលក្ខណៈដូចសហគមន៍ធម្មតា ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរឡើងវិញ។…
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអនុវត្តគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ ហៅកាត់ថា EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាពដល់គ្រួសារក្រីក្រចំនួន ២៦០០០ គ្រួសារ ស្ថិតនៅក្នុងខេត្តគោលដៅចំនួន១៦ ក្នុងការបង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ។ ការជំរុញនេះ ត្រូវបានធ្វើឡើង នៅពេលលោក ឌិត ទីណា ចូលរួមជាអធិបតីភាពក្នុងពិធីសិក្ខាសាលាបើកដំណើរការគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់» ដែលរៀបចំនៅទីស្តីការក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដានេះ។ នៅក្នុងអង្គពិធីនោះ លោក ឌិត ទីណា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ «ត្រូវរួមគ្នាចាត់ចែងធនធាន និងមធ្យោបាយអនុវត្តការងារប្រកបដោយភាពបុរេសកម្ម» នៅក្នុងអនុវត្តគម្រោង EMPOWER នេះ។ លោកបានសង្កត់ធ្ងន់ ដោយជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយល់ដឹងឱ្យបានច្បាស់លាស់ពីគោលដៅគម្រោង និងការជួយរៀបចំផែនការអាជីវកម្មជូនកសិករ ដើម្បីធានាថា «ការអនុវត្តជាក់ស្តែងមានភាពរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច»។ ក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោង EMPOWER ជាកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបនឹងស្ថានភាពពហុវិបត្តិ តាមរយៈការបង្កើតមុខរបរ ធានាលំនឹងជីវភាព និងពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងសង្គម។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៦ខែ ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយគ្របដណ្តប់លើក្រុង/ស្រុកចំនួន ២៥ ក្នុងខេត្តគោលដៅសរុបចំនួន ១៦។ ក្រសួងបានបញ្ជាក់ថា តាមរយៈគម្រោង EMPOWER នេះ គ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២៦០០០គ្រួសារ នឹងទទួលបានការគាំទ្រលើមុខរបរកសិកម្មជាក់ស្តែង រួមមាន ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត ដើម្បីបង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ៕
លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធន៍ដោយផ្ទាល់ ពីការធ្វើដំណើរគ្រប់ខេត្ត-ក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន ហើយលោកបានលើកជាសំណើដល់កម្ពុជា ឱ្យពិចារណាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។ លោក UENO Atsushi បានលើកឡើងបែបនេះ នៅពេលលោកបានចូលជួបសម្តែងការគួរសម និងជំរាបលា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ ខែកក្កដា ក្នុងឱកាសលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ហើយលោកបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន។ ចំណែកការស្នើដល់កម្ពុជា ឱ្យពិចារណាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ដែលធ្វើដំណើរមកទស្សនានៅកម្ពុជា ពីសំណាក់លោក UENO Atsushi គឺស្របពេលដែលកម្ពុជា បាននឹងកំពុងអនុវត្តការលើកលែងទិដ្ឋាការសាកល្បង ដល់ប្រជាជនចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងយុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង»។ ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់លោក UENO Atsushi ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកអគ្គរាជទូតជប៉ុនរូបនេះ។ លោក ហួត ហាក់ បានគូសបញ្ជាក់ថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ» ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង២។ លោករដ្ឋមន្រ្តី បានស្នើឱ្យបន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។ លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តែងតែជាដៃគូដ៏សំខាន់របស់កម្ពុជា ហើយបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ព្រះរាជាណាចក្រកម្ពុជា…